ព័ត៌មានជាតិ
អគ្គនាយកស៊ីម៉ាក់ សំណូមពរបង្កើតច្បាប់ ហាមបរិភោគសាច់សុនខ
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកស៊ីម៉ាក់ សំណូមពរឱ្យបង្កើតច្បាប់ ហាមការបរិភោគសាច់សុនខ (សាច់ឆ្កែ) ព្រមទាំងដាក់ទោសទៅលើជនល្មើស។

ទន្ទឹមពេលប្រទេសកូរ៉េដែលមានវប្បធម៌បរិភោគសាច់សុនខ តែបានចេញច្បាប់ហាមបរិភោគសុនខវិញ ខណៈកម្ពុជាមិនមានប្រពៃណីបរិភោគសាច់សុនខ ប៉ុន្តែនៅតែមានការបរិភោគសាច់សុនខនោះ លោក ហេង រតនា បង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក ជាសាធារណៈ នៅថ្ងៃនេះ ថា លោកយល់ថា ខ្មែរអាចធ្វេីបាន ទន្ទឹមពេលកម្ពុជាក៏មានច្បាប់គ្រប់គ្រងសត្វ និងចំណីអាហារមួយចំនួនដែលក្រសួងស្ថាប័នពាក់ព័ន្ធអាចយកមកអនុវត្តហាមឃាត់បាន។ ទន្ទឹងនឹងនេះ លោកសូមសំណូមពរចលនាកសាងច្បាប់មួយនៅកម្ពុជានេះ ដេីម្បីហាមឃាត់ការបរិភោគសាច់សុនខ និងដាក់ទោសចំពោះជនល្មេីសតាមច្បាប់តែម្តង។

លោក ហេង រតនា បានអបអរសាទរចំពោះប្រទេសកូរ៉េខាងត្បូង ដែលបានសម្រេចដាក់ច្បាប់ហាមឃាត់ការបរិភោគសាច់សុនខ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ។ ច្បាប់ហាមឃាត់បរិភោគសាច់សុនខនេះ អាចពិន័យជនល្មេីសជាង ២២ ពាន់ដុល្លារ ឬជាប់គុក ៣ឆ្នាំ។ តាមរយៈព័ត៌មានអន្តរជាតិនានា លោកបានឱ្យដឹងថា នៅកូរ៉េខាងត្បូង មានអាជីវកម្មចិញ្ចឹមសុនខលក់សាច់ជាង ៣ ៥០០ កន្លែង និងហាងលក់សាច់សនខចំនួនជាង ៣ ០០០ កន្លែង មានសុនខចំនួនប្រមាណជាង ១,៥ លានក្បាល។ ប្រពៃណីកូរ៉េការបរិភោគសាច់សុនខបានចាក់ឫសជ្រៅតាំងពីសម័យបុរាណមកម៉្លេះ តែកូរ៉េខាងត្បូងនៅតែកែប្រែបាន។

លោក ហេង រតនា បានលើកឡើងបន្តថា ក្រឡេកមកមេីលកម្ពុជាយេីងវិញ មានប្រពៃណីទំនៀមទម្លាប់ថ្លៃថ្លូរ មិនបរិភោគសាច់សុនខនេះតាំងពីបុរាណកាលមកម៉េះ ប៉ុន្តែបច្ចុប្បន្ននេះ មានអ្នកបរិភោគសាច់សុនខកាន់តែច្រេីនឡេីងៗ ជាពិសេសក្នុងចំណោមយុវជន។

យោងតាមឯកសារស្រាវជ្រាវបានឱ្យដឹងថា មានការសម្លាប់សុនខយកសាច់មានប្រមាណ ២ ទៅ ៣ លានក្បាលក្នុងមួយឆ្នាំៗ ហេីយកន្លែងសុនខឃាតសុទ្ធតែគ្មានច្បាប់អនុញ្ញាតិឡេីយ ដូចនេះការបរិភោគសាច់សុនខអាចប្រឈមនឹងគ្រោះថ្នាក់សុខភាពសាធារណៈផងដែរ។

លោក ហេង រតនា បញ្ជាក់បន្ថែមថា ប៉ុន្តែអ្វីកាន់គ្រោះថ្នាក់ថែមទៀតនោះគឺ ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ដូនតាខ្មែរត្រូវបានបំផ្លាញ ធ្វេីឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម និងភ្លៀវទេសចរណ៍អន្តរជាតិមួយចំនួនមិនចង់មកទស្សនាកម្ពុជាដោយសារទិដ្ឋភាពអវិជ្ជមាន នៃការធ្វើអាជីវកម្មសម្លាប់សត្វសុនខធ្វេីអាហារនេះ។

គួរបញ្ជាក់ថា សត្វសុនខ ឬឆ្កែ មិនត្រឹមជួយយាមផ្ទះ ហើយជាសត្វភក្ដីចំពោះម្ចាស់ខ្លាំងប៉ុណ្ណោះទេ សត្វសុនខ ក៏ជាកម្លាំងសំខាន់មួយនៅក្នុងការរុករកកាកសំណល់សង្គ្រាម ឬមីនកប់ក្នុងដីនៅកម្ពុជាផងដែរ។ នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ CMAC មានឆ្កែជាច្រើនក្បាលបានចូលរួមបេសកកម្មនេះ ហើយមានសុនខមិនតិចទេ ដែលបានបាត់បង់ជីវិតនៅក្នុងបេសកកម្មដ៏គ្រោះថ្នាក់នោះ។ សុនខដែលបាត់បង់ជីវិតក្នុងបេសកកម្មដោះមីន ត្រូវបានគេកប់ និងលើកស្លាកឈ្មោះមុខផ្នូរទៀតផង ដែលគុណបំណាច់របស់ឆ្កែនៅក្នុងបេសកកម្មសម្អាតមីនមិនចាញ់មនុស្សឡើយ៕


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?