ព័ត៌មានជាតិ
ក្រសួងគ្រោងជ្រើសមន្ត្រីកសិកម្មឃុំចំនួន ៨០០ នាក់ បន្ថែមទៀតនៅឆ្នាំថ្មីនេះ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ៨០០ នាក់ បន្ថែមទៀត នៅឆ្នាំ ២០២៤ នេះ បន្ទាប់ពីការប្រឡងជ្រើសរើសបានចំនួន ២៥០ នាក់ កាលពីពេលថ្មីៗនេះ។
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤នេះថា តាមផែនការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺគ្រោងដាក់មន្ត្រីកសិកម្មឃុំឱ្យបានគ្រប់ឃុំនៅទូរទាំងប្រទេសដែលមានចំនួនសរុបរហូតដល់ ១ ៦០០ នាក់ ដែលបច្ចុប្បន្នក្រសួងកសិកម្មជ្រើសរើសបាន ២៥០ នាក់រួចហើយ ខណៈចន្លោះខែមីនា ឬខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ នឹងជ្រើសរើសបន្ថែម ៨០០ នាក់ទៀត។

លោកបញ្ជាក់ថា ផែនការដាក់ពង្រាយមន្ត្រីឃុំ-សង្កាត់ នឹងបញ្ចប់ត្រឹមឆ្នាំ ២០២៥ ក្រោយមកទើបធ្វើការពង្រឹងការងារមន្ត្រីជាដំណាក់កាលៗ។
បើតាមលោក យ៉ង សាំងកុមារ ការទទួលខុសត្រូវរបស់មន្ត្រីកសិកម្មឃុំ សង្កាត់ គឺត្រូវកំណត់បញ្ហាប្រឈមរបស់កសិករ និងតម្រូវការរបស់កសិករ ហើយលើកបញ្ហាដើម្បីស្វែងរកដំណោះស្រាយពីស្ថាប័នជំនាញ និងអង្គភាពពាក់ព័ន្ធ។
ក្រៅពីនេះ គឺសម្រសម្រួលដឹកនាំដើម្បីរកដំណោះស្រាយជូនដល់កសិករ ព្រមទាំងសម្របសម្រួលគាំទ្រកសិករក្នុងផលិតកម្មផ្សារភ្ជាប់ទីផ្សារ កសាងចង្វាក់ផលិតកម្ម និងតម្លៃទីផ្សារ និងប្រមូលស្ថិតិកសិកម្ម ដែលធ្វើឱ្យក្រសួងកសិកម្មខិតនៅជិតកសិករធ្វើឱ្យកសិករមានភាពកក់ក្ដៅ ដែលមានអ្នកជួយដោះស្រាយបញ្ហាទាន់ពេលវេលា។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ថា គោលដៅដាក់ពង្រាយមន្ត្រីកសិកម្មឃុំនេះ គឺសំដៅបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលជូនកសិករតាមរយៈការជំរុញការអនុវត្តកសិកម្ម និងឱនភាព កសិកម្មដែលធន់ និងការផ្លាស់ប្ដូរអាកាសធាតុ និងការកសាងចង្វាក់ផលិតកម្មផ្សារភ្ជាប់ និងទីផ្សារ។
លោកអំពាវនាវដល់ប្រជាពលរដ្ឋដែលចាប់អារម្មណ៍ចង់ក្លាយជាមន្ត្រីកសិកម្មឃុំ ចូលរួមឱ្យបានច្រើន និងចង់ឃើញប្រជាកសិករមានភាពអត់ធ្មត់ ខណៈរដ្ឋាភិបាលត្រូវការពេលវេលាដាក់ពង្រាយ និងពង្រឹងសមត្ថភាពរបស់មន្ត្រី ដែលយ៉ាងយូរបំផុតចំណាយពេល ២ ឆ្នាំ និងចប់សព្វគ្រប់។
សូមជម្រាបថា អាណត្តិទី ៧ នេះ តាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមដំណើរការដាក់ពង្រាយមន្ត្រីកសិកម្មឃុំបន្ថែមចំនួន ២៥០ នាក់ ស្ថិតនៅ ១៧ ខេត្ត។
ចំពោះមន្ត្រីទាំង ២៥០ នាក់នេះ គឺដាក់ពង្រាយនៅតាមខេត្តដែលសម្បូរផលិតកម្មស្រូវ ដូចជាខេត្តស្ថិតនៅជុំវិញបឹងទន្លេសាប ដែលមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពង់ចាម តាកែវ ព្រៃវែង និងខេត្តស្វាយរៀងជាដើម។
នៅខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ ក្រសួងនឹងចាប់ផ្ដើមបណ្ដុះបណ្ដាលមន្ត្រីទាំង ២៥០ នាក់ រយៈពេល ១ ខែ ហើយចាប់ផ្ដើមដាក់ពង្រាយទៅតាមឃុំគោលដៅនៅខែមីនា ព្រមទាំងបន្តការធ្វើការបណ្ដុះបណ្ដាលប្រចាំខែ និងរាល់ ៣ ខែម្ដងទៅលើវគ្គស៊ីជម្រៅលើមុខជំនាញពាក់ព័ន្ធការងារសំខាន់ៗ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង