ព័ត៌មានជាតិ
រដ្ឋសភាកម្ពុជា និង ប៉ាគីស្ថាន ជំរុញការបង្កើតអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ នាពេលឆាប់ៗ ខាងមុខ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញារួមគ្នាក្នុងការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យរឹងមាំគ្រប់ជ្រុងជ្រោយឡើង ជាពិសេសជំរុញមានការបង្កើតឡើងនូវអនុស្សរណៈយោគយល់គ្នា (MOUs) ស្ដីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ នាពេលខាងមុខឆាប់ៗ នេះ ក្នុងការបម្រើផលប្រយោជន៍ប្រជាជន នៃប្រទេសទាំងពីរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/photo_2024-01-10_12-46-21-1024x682.jpg)
ការប្ដេជ្ញាចិត្តក្នុងការជំរុញឱ្យបង្កើតបាននូវអនុស្សរណៈយោគយល់គ្នា (MOUs) រវាងរដ្ឋសភាប្រទេសទាំងពីរនេះ បានធ្វើឡើងក្នុងឱកាស សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ហ្សាហៀរូឌីន បាបា ថាហ៊ីម នាព្រឹកថ្ងៃពុធ ទី ១០ ខែមករា ឆ្នាំ ២០២៤ នេះ នៅវិមានរដ្ឋសភា។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/photo_2024-01-10_12-46-17-1024x682.jpg)
នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានអបអរសាទរការបោះឆ្នោតដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សានៅកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា ប៉ាគីស្ថាន ជាប្រទេសមួយដែលបានធ្វើជាសាក្សីក្នុងការបោះឆ្នោតជាសកល កាលពីខែកក្កដា ដោយបញ្ជូនឥស្សរជនសំខាន់ៗ របស់ខ្លួន មកសង្កេតការណ៍ជាច្រើននាក់។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/photo_2024-01-10_12-46-22-1024x712.jpg)
ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរជូន សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជាប់ជាប្រធានរដ្ឋសភានីតិកាលទី ៧ ជាស្ត្រីដំបូងនៅកម្ពុជាដែលទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។
ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ថា នៅខែកុម្ភៈ ខាងមុខនេះ ប៉ាគីស្ថាន នឹងរៀបចំការបោះឆ្នោតសភា។ បន្ទាប់ពីការបោះឆ្នោតបង្កើតរដ្ឋសភាថ្មីហើយនោះ ប៉ាគីស្ថាន នឹងលើកទឹកចិត្តជំរុញដល់ការបង្កើតនូវអនុស្សរណៈយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប៉ាគីស្ថាន និងកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគាំទ្រការលើកឡើងរបស់ ឯកឧត្ដមឯកអគ្គរដ្ឋទូត និងបានគូសបញ្ជាក់ថា ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យរឹងមាំ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង ក៏ជាបំណងប្រាថ្នារបស់រដ្ឋសភាកម្ពុជាដែរ។ សម្តេច បានលើកឡើងថា កិច្ចសហប្រតិបត្តិការរដ្ឋសភា ក៏ដូចជារដ្ឋាភិបាលប្រទេសទាំងពីរ មិនត្រឹមបម្រើផលប្រយោជន៍ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា និងប៉ាគីស្ថាន នោះទេ តែនឹងបម្រើដល់ផលប្រយោជន៍រួម ជាការចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាព ក្នុងតំបន់ និងសកលលោកទាំងមូល។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់សភាប៉ាគីស្ថាន នៅលើវេទិកាអន្តរសភានានា ក្នុងបុព្វសន្តិភាពនិងមនុស្សធម៌ ជាពិសេសគណៈប្រតិភូរដ្ឋសភាប៉ាគីស្ថាន តែងតែមានវត្តមានចូលរួមនៅក្នុងកិច្ចប្រជុំ ឬមហាសន្និបាត វេទិកាអន្តរសភា ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមក។ សម្តេច បានគូសបញ្ជាក់ថា សភាទាំងពីរប្រទេស បានបន្តការគាំទ្រគ្នាទៅវិញទៅមកជាបន្តបន្ទាប់ក្នុងក្របខណ្ឌពហុភាគីនានា រួមទាំង APA, IPU, APPF, ASEP និងAIPA ជាដើម។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណប្រទេសប៉ាគីស្ថាន ដែលបានគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជា និងតែងតែជួយលើកទឹកចិត្តដល់ការអភិវឌ្ឍនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ប៉ាគីស្ថានពិនិត្យលទ្ធភាពនៅក្នុងការពង្រីកការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដូចជាការកែច្នៃកសិផលផ្នែកអាហារហ៉ាល់ឡា “Halal” ជំរុញការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ និងការភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន ក្នុងវិស័យទេសចរណ៍ ជាដើម។
ជាការឆ្លើយតប ឯកឧត្ដមឯកអគ្គរដ្ឋទូត ប៉ាគីស្ថាន មានសុទិដ្ឋិនិយមថា នៅពេលស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសប៉ាគីស្ថាន បានបង្កើតជាផ្លូវការនោះ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន មានការលូតលាស់បានឆាប់រហ័ស។ ទាក់ទងការធ្វើពាណិជ្ជកម្ម ឯកឧត្ដមឯកអគ្គរដ្ឋទូត បានជម្រាបជូន សម្តេច ថា បច្ចុប្បន្ននេះ ស្ថានទូតប៉ាគីស្ថាន នៅភ្នំពេញ បានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយសង្ឃឹមថា កិច្ចព្រមព្រៀងក្នុងវិស័យពាណិជ្ជកម្មមួយ នឹងចេញជារូបរាងនៅពេលឆាប់ៗ ខាងមុខនេះដែរ។
ជាចុងបញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានជូនពរឱ្យការបោះឆ្នោតនៅប៉ាគីស្ថាន ទទួលបានជោគជ័យផងដែរ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?