ព័ត៌មានជាតិ
ប្រព័ន្ធធារាសាស្ត្រ ២ កន្លែងក្នុងខេត្តបាត់ដំបង នៅសល់ទឹកតិចតូចមិនអាចទ្រទ្រង់ការធ្វើស្រូវប្រាំងកសិកររាប់រយគ្រួសារ
ប្រព័ន្ធធារាសាស្រ្ត ២ កន្លែង ដែលស្តុកទឹកសម្រាប់បម្រើលើវ័យកសិកម្ម (ស្រូវប្រាំង) ក្នុងស្រុកថ្មគោលមានការថយចុះបរិមាណទឹកយ៉ាងខ្លាំង ក្នុងនោះមានប្រព័ន្ធធារាសាស្ត្រ អាងកំពីពួយ និង ប្រភពទឹកស្ទឹងបវេល ដែលមិនអាចផ្គត់ផ្គង់តាមតម្រូវការក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៤។
ពាក់ព័ន្ធប្រព័ន្ធធារាសាស្ត្រចំនួន ២ ខាងលើ ដែលនៅសល់ទឹកតិចតូចមិនអាចទ្រទ្រង់ក្នុងការស្រោចស្រពលើស្រូវប្រាំង ដែលប្រជាកសិករសម្រុកដាំលើសផែនការនេះ រដ្ឋបាលស្រុកថ្មគោលកាលពីថ្ងៃទី ១០ ខែមករា បានចេញសេចក្តីណែនាំមួយដល់ប្រជាកសិករតាមរយះលោកមេឃុំគ្រប់ឃុំទូទាំងស្រុកថ្មគោល ឲ្យផ្សព្វផ្សាយជូនប្រជាកសិករនៅតាមឃុំបានជ្រាបជាព័ត៌មាន។
សេចក្តីណែនាំមានខ្លឹមសារថា តាមការពិនិត្យស្ថានភាពទឹកស្តុកបច្ចុប្បន្នក្នុងប្រព័ន្ធស្រោចស្រពអាងកំពីងពួយ និង ទឹកស្ទឹងបវេលដែលជាប្រភពទឹកដ៏សំខាន់នាពេលនេះ មានបរិមាណទឹកតិចតួចមិនអាចធានានូវការផ្គត់ផ្គង់និងការស្រោចស្រពដំណាំស្រូវប្រាំងស្របតាមតម្រូវការនៃការដាំដុះបានឡើយ។
ដើម្បីចូលរួមទប់ស្កាត់ការបង្កបង្កើនផលស្រូវរដូវប្រាំងនាពេលខាងមុខនេះ រដ្ឋបាលស្រុកថ្មគោលសូមធ្វើសេចក្តីណែនាំដូចតទៅ៖
១, មិនអនុញ្ញាតឲ្យបងប្អូនប្រជាកសិករក្នុងស្រុកថ្មគោលបង្កបង្កើនផលដំណាំស្រូវប្រាំងក្នុងរដូវប្រាំងឆ្នាំ ២០២៣-ឆ្នាំ២០ ២៤ ចាប់ពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ តទៅ
២, មិនអនុញ្ញាតឲ្យបងប្អូនប្រជាកសិករបូមទឹកចេញពីបឹងអភិរក្សឡើយ ព្រោះត្រូវរក្សាមេត្រីពូជ
៣, រដ្ឋបាលឃុំទាំង ១០ នៃស្រុកថ្មគោលត្រូវធ្វើការផ្សព្វផ្សាយខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះឲ្យបានទូលំទូលាយនិងឲ្យបានជ្រួតជ្រាបដល់បងប្អូនប្រជាកសិករនៅតាមមូលដ្ឋានភូមិឃុំរបស់ខ្លួន។
៤, បន្តពិនិត្យតាមដាននិងហាមឃាត់ប្រជាកសិករ ដោយមិនអនុញ្ញាតឲ្យបង្កបង្កើនផលដំណាំស្រូវប្រាំងនារដូវប្រាំងនេះ ចៀសវាងការខាតបង់ផលប្រយោជន៍របស់បងប្អូនប្រជាកសិករ។
ជុំវិញសេចក្តីណែនាំរបស់រដ្ឋបាលស្រុកថ្មគោលនាពេលនេះ ធ្វើឡើងស្របតាមរបាយការណ៍ពីមន្ទីរកសិកម្មកាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៤ បង្ហាញថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំងក្នុងខេត្តបាត់ដំបងអនុវត្តបានចំនួន ៥៥ ១៥១ ហិកតា ស្មើ ២០៩,៣៦% នៃផែនការចំនួន ២៦ ៣៤៣ ហិកតា ខណះស្រូវស្រាលដែលដាំដុះប្រដេញទឹកក្នុងពាក់កណ្ដាលខែតុលានិងខែវិច្ឆិកាពុំមានបញ្ហាទេកំពុងត្រៀមប្រមូលផល (ស្រូវអាយុ ១០៥ ថ្ងៃ)។
ស្រូវស្រាលដែលដាំដុះក្នុងខែ ធ្នូ និង ខែមករា អាចនឹងប្រឈមបញ្ហាខ្វះទឹកនៅក្នុងដំណាក់កាលបង្កបង្កើនផល (ដាច់បណ្ដូល) ប្រសិនបើមិនមានទឹកភ្លៀងកក់ខែក្នុងខែមករានេះទេក្នុងនោះមានដូចជា៖
១, ស្រុកថ្មគោលអាចជួបការខ្វះទឹកចំនួន ៥០០០ ហិកតានៅពេលទៅមុខបន្តក្នុងខែកម្ភៈនិងខែមិនា
២, មានស្រុកមោងឬស្សីជួបការខ្វះទឹកចំនួន ៩០០០ ហិកតាដែលកំពុងតែខ្វះទឹកបណ្ដើរៗ
៣, ស្រុកឯកភ្នំ អាចជួបការខ្វះទឹកចំនួន ១៨០០ ហិកតា នាពេលទៅមុខបន្តក្នុងខែកម្ភៈនិងមិនា ឆ្នាំ២០២៤
សូមរំលឹកផងដែរថា សម្រាប់ប្រជាកសិករដែលបានដាំដុះស្រូវប្រាំងតាមបណ្តាស្រុកគោលដៅទូទាំងខេត្តត្រូវបានកំណត់តាមផែនការពីមន្ទីរជំនាញចៀសវាងខូចខាតផលប្រយោជន៍។
ខេត្តបាត់ដំបងមានប្រព័ន្ធធារាសាស្ត្រធំៗចំនួន ៤ កន្លែង ក្នុងនោះមាន៖
១, ប្រព័ន្ធធារាសាស្ត្រ “អាងកំពីងពួយ” ស្រោចស្រពទៅលើភូមិសាស្ត្រស្រុកចំនួន ២ លើឃុំចំនួន ៦ ក្នុងនោះមានឃុំតាគ្រាម មានផ្ទៃដីចំនួន ៥ ២៥០ ហិកតា ឃុំស្នឹង មាន ៨០០ហិកតា ឃុំភ្នំសំពៅ មាន ៣៥០ហិកតា ក្នុងស្រុកបាណន់ និងឃុំអូរតាគី ៦០០ហិកតា ឃុំជ្រៃ ១៥០០ហិកតា ឃុំអន្លង់រុន ១៥០០ហិកតា ក្នុងស្រុកថ្មគោល ដែលមានផ្ទៃដីស្រែប្រាំងសរុប ចំនួន ១០.០០០ហិកតា។
២, ប្រព័ន្ធធារាសាស្ត្រ “អាងភាស” ស្រោចស្របលើផ្ទៃដីស្រែប្រាំងសរុបចំនួន ២.៦០០ហិកតា លើស្រុកចំនួន ២ គឺ ស្រុកឯកភ្នំ និង ស្រុកថ្មគោល លើឃុំចំនួន ៣ គឺ ឃុំពាមឯក មាន ១២០០ ហិកតា ក្នុងស្រុកឯកភ្នំ និង ឃុំតាពួង ៩០០ ហិតា ឃុំតាមុឺន ៥០០ ហិកតា ក្នុងស្រុកថ្មគោល។
៣, ប្រព័ន្ធធារាសាស្ត្រ “កង្ហត”ឬ”ស្ទឹងសង្កែ” ស្រោចស្រពលើផ្ទៃដីសរុបចំនួន ៧.០០០ ហិកតា លើស្រុកចំនួន ៤ គឺ ស្រុកបាណន់ ស្រុកគាស់ក្រឡ ស្រុកសង្កែ ស្រុកមោងឫស្សីលើភូមិសាស្ត្រឃុំផ្សេងៗគ្នាចំនួន ៥ ក្នុងនោះ មានឃុំកន្ទី ១ ចំនួន ១ ៥៥០ ហិកតា ក្នុងស្រុកបាណន់ ឃុំធិបតី ១ ៧៥០ ហិកតា ក្នុងស្រុកគាស់ក្រឡ ឃុំរាំងកេសីចំនួន ១ ៧០០ ហិកតា ក្នុងស្រុកសង្កែ ឃុំកកោះ ១ ០០០ ហិកតា ឃុំព្រៃតូច ១ ០០០ ហិកតា ក្នុងស្រុកមោងឫស្សី។
៤,ប្រព័ន្ធធារាសាស្ត្រ “បវេល ” ឬ “ស្ទឹងមង្គលបូរី” ស្រោចស្រពលើផ្ទៃដីសរុបចំនួន ១.៤០០ ហិកតា លើឃុំចំនួន ៤ ក្នុងនោះមានឃុំបវេល ៣៥០ ហិកតា ឃុំ បួវិល ៣៦០ ហិកតា ឃុំល្វា ៣៥០ ហិកតា និងឃុំខ្ពស់ ៣៤០ ហិកតា ក្នុងស្រុកបវេល៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»