ព័ត៌មានជាតិ
បទល្មើសគ្រឿងញៀនជាង៥ម៉ឺនករណី ត្រូវបានបង្ក្រាបក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន៨លើកកន្លងទៅ
រាជរដ្ឋាភិបាល ប្រកាសបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៩ ឆ្នាំ២០២៤ ខណៈលទ្ធផលនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន៨លើកកន្លងទៅ កងកម្លាំងអនុវត្តច្បាប់ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបជាង៥៥ ៣០០ករណី ដោយឃាត់ខ្លួនជនសង្ស័យបានប្រមាណជាង១២ម៉ឺននាក់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានលើកឡើងថា ផ្អែកតាមលទ្ធផលនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ កន្លងមក រាជរដ្ឋាភិបាល ពិនិត្យឃើញថា កម្លាំងអនុវត្តច្បាប់ ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំប្រឹងប្រែងយ៉ាងសកម្មផុលផុស តស៊ូប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនយ៉ាងក្តៅគគុក ដូចភ្លៀងរលឹម ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។
បើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាទទួលបានការគាំទ្រ និងកិច្ចសហការពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពិសេសករណីធំៗ និងករណីកែច្នៃផលិតសារធាតុញៀន ត្រូវបានបង្ក្រាប និងកាត់បន្ថយស្ទើរតែគ្មានសកម្មភាពក្នុងឆ្នាំ២០២៣ ហើយជាមួយគ្នានេះ ការបន្តស្រាវជ្រាវ បង្ក្រាបបទល្មើសសម្អាតប្រាក់ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿង ញៀន ក៏ទទួលបានជោគជ័យ ដោយបានបង្កករឹបអូសទ្រព្យសម្បត្តិពីក្រុមឧក្រិដ្ឋជនគ្រឿងញៀនបានយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតធ្វើឱ្យកម្ពុជាបានចាកចេញពីបញ្ជីប្រផេះនៃ FATF។
បន្ថែមពីនេះ លទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន៨លើកកន្លងទៅ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣ កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនសរុប៥៥ ៣០៥ ករណី ឃាត់ខ្លួនជនសង្ស័យ១២០ ៣០៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ២៧ ៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ៥២០ ០០៥គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារៈ វត្ថុតាងជាច្រើនទៀត។ សមត្ថកិច្ច ក៏បានស្រាវជ្រាវ បានរកឃើញ និងបានបង្ក្រាបបទល្មើសគ្រឿងញៀន ដែលមានអង្គការចាត់តាំងចំនួន៤៣៥ករណី ឃាត់ខ្លួនមេក្លោង១៦៤នាក់ និងខ្សែរយៈបណ្ដាញ៨១១នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
សម្ដេចធិបតី អះអាងថា បើទោះបីជាប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ទទួលបានលទ្ធផលជាវិជ្ជមាន យ៉ាងណាក្ដី តែផ្អែកតាមនិន្នាការថ្មីនៃការកែច្នៃផលិត ដឹកជញ្ជូន ជួញដូរសារធាតុញៀនជាសកល និងបញ្ហាថ្មីៗមួយចំនួនទៀត ត្រូវបានរាជរដ្ឋាភិបាល កត់សម្គាល់ឃើញថា មានការប្រើប្រាស់ល្បិចកលនាំចូលនូវសារធាតុគីមីបម្រើឱ្យវិស័យកសិកម្ម ឧស្សាហកម្ម បន្លំយកមកកែច្នៃផលិតជាសារធាតុញៀន គួបផ្សំនឹងការប្រើប្រាស់គ្រឿងញៀននៅតាម សហគមន៍ នៅតែជាបញ្ហាប្រឈមរ៉ាំរ៉ៃដែលត្រូវយកចិត្តទុកដាក់ ចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
ដោយពិនិត្យឃើញថា ហានិភ័យដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀន នៅតែបន្តរីករាលដាលទាំងនៅក្នុងតំបន់និងលើពិភពលោក រួមទាំងនៅកម្ពុជាផងនោះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តរៀបចំកសាងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ ដើម្បីការពារកិត្តិយស កិត្យានុភាពជាតិ បញ្ចៀសឱ្យបាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន សំដៅធ្វើឱ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមកាន់តែមានភាពល្អប្រសើរឡើងថែមទៀត៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់