Connect with us

ព័ត៌មានជាតិ

១៩ វិស័យ​​ជំរុញ​ឲ្យ​វិនិយោគ សម្រួល​ទាំង​ពន្ធដារ​​​ពន្ធគយ ​បន្ថែមលើក​ទឹកចិត្តជាច្រើនទៀត

បានផុស

នៅ

កម្ពុជា​បានអនុម័តច្បាប់​ស្តីពីវិនិយោគនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងបង្កើត​ក្របខ័ណ្ឌ​គតិយុត្ត​ដែល​បើកចំហ មាន​តម្លាភាព ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ក្នុងស្រុក។

ច្បាប់ស្ដី​ពីវិនិយោគ​មានវិសាលភាពអនុវត្ត ចំពោះ​រាល់​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ “គ. ល. គ.” គម្រោង​ពង្រីកនៃគម្រោងវិនិយោគ​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ” គ. ព. គ. ល. គ.” និងគម្រោង​វិនិយោគ​ដែលទទួល​បានត្រឹមតែ​ការធានា​លើការវិនិយោគ​ “គ. ធ.វ.” ដែលបាន​ចុះបញ្ជីនៅក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ឬនៅ​អនុគណ:កម្មាធិការវិនិយោគរាជធានី​ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់នេះផ្តល់ការលើកទឹកចិត្ត​ដល់ការ​វិនិយោគ​លើ​វិស័យ​និង​សកម្មភាព​សំខាន់ៗ តាម​រយៈយន្តការ​នៃ​ការ​លើកទឹក​ចិត្ត​ផ្នែក​ពន្ធ​ជាមូលដ្ឋាន ការលើកទឹកចិត្ត​បន្ថែម និងការលើកទឹកចិត្តពិសេស។

វិស័យនិងសកម្មភាពវិនិយោគចំនួន ១៩ ដែល​ទទួលបានការលើកទឹកចិត្តសម្រាប់ការ​វិនិយោគ​រួមមាន៖​

១/ឧស្សាហកម្ម​ដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវ និងអភិវឌ្ឍន៏
២/ ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗ ផ្តល់​តម្លៃបន្ថែម​ខ្ពស់ មាន​នវានុវត្តន៍ និង​ភាព​ប្រកួតប្រជែងខ្ពស់
៣/ ឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់​និងសកលលោក
៤/ ឧស្សាហកម្ម​គាំទ្រពាក់ព័ន្ធ​នឹងវិស័យកសិកម្ម ទេសចរណ៍ កម្មន្តសាល ឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់​និងសកលលោក និង​ឧស្សាហកម្ម​តភ្ជាប់​បណ្ដាញ​ផ្គត់ផ្គង់
៥/ ឧស្សាហកម្ម​គ្រឿង​អគ្គិសនី​និង​អេឡិចត្រូនិក
៦/ ឧស្សាហកម្មគ្រឿងបន្លាស់ បង្គុំ និង​តម្លើង
៧/ ឧស្សាហកម្ម​មេកានិក និងគ្រឿងម៉ាស៊ីន
៨/ កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម​កែច្នៃផលិតផល​កសិកម្ម ឧស្សាហកម្ម​កែច្នៃ ចំណី​អាហារ​ដែល​បម្រើ​ទីផ្សារក្នុងស្រុក ឬ​ការនាំចេញ
៩/ សហគ្រាសធុនតូច​និងមធ្យមក្នុងវិស័យអាទិភាព និង​ការអភិវឌ្ឍ​បណ្តំ​សហគ្រាស​ធុនតូច និង​មធ្យម សួន​ឧស្សាហកម្ម និង​សួន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍
១០/ ឧស្សាហកម្មទេសចរណ៍​និងសកម្មភាព​ពាក់ព័ន្ធ​ទេសចរណ៍
១១/ ការអភិវឌ្ឍ​តំបន់សេដ្ឋកិច្ច​ពិសេស
១២/ ឧស្សាហកម្មឌីជីថល
១៣/ ការវិនិយោគក្នុងវិស័យអប់រំ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​ជំរុញផលិតភាព
១៤/ ការវិនិយោគ​ក្នុងវិស័យ​សុខាភិបាល
១៥/ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត
១៦/ វិនិយោគ​ក្នុងវិស័យ​ឡូជីស្ទីក
១៧/ ការវិនិយោគ​ក្នុងការ​គ្រប់គ្រង ការការពារ​បរិស្ថាន និង​ការអភិរក្ស​ជីវៈ​ចម្រុះ និង​សេដ្ឋកិច្ច​ចក្រា
១៨/ ការវិនិយោគក្នុងវិស័យថាមពល​បៃតង បច្ចេកវិទ្យា​ដែលរួមចំណែក​ដល់ការបន្សំ និង ការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ
១៩/ វិស័យនិងសកម្មភាពវិនិយោគផ្សេងទៀត ដែល​មិនមានចែងក្នុងច្បាប់នេះ ក្នុងករណី ដែល​រាជរដ្ឋាភិបាល​យល់ឃើញ​ថាមានសក្តានុពល​ដល់ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច។

ការលើកទឹកចិត្តជាមូលដា្ឋន

សកម្មភាព​វិនិយោគដែល​បាន​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ “គ. ល. គ.” មាន​សិទ្ធិជ្រើស​រើស​កញ្ចប់​លើកទឹកចិត្តមូលដ្ឋាន ០២ ជម្រើសដូចខាងក្រោម៖

ជម្រើសទី១ – ការលើកលែង​ពន្ធ​លើប្រាក់ចំណូល

ការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់​រយៈពេល​ពី ៣ ទៅ ៩ ឆ្នាំ ទៅតាម​វិស័យ​និង​សកម្មភាព​វិនិយោគគិត​ចាប់ពី​ពេល​​ទទួលបានប្រាក់ចំណូល​លើកដំបូង។ វិស័យនិង​សកម្មភាពវិនិយោគ ព្រម​ទាំង​រយៈពេល​លើកលែងពន្ធលើប្រាក់ចំណូល នឹង​ត្រូវកំណត់​ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការ​គ្រប់គ្រង និង/ឬអនុក្រឹត្យ។

បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​មានសិទ្ធិទទួលបានការ​លើក​ទឹកចិត្តឱ្យបង់ពន្ធ​លើប្រាក់​ចំណូល​តាម​អត្រា​កំណើន​តាម​ពេល ធៀបទៅនឹងប្រាក់ពន្ធ​ត្រូវបង់សរុបដូចតទៅ៖ ២៥% សម្រាប់ ២ ឆ្នាំ​ដំបូង, ៥០% សម្រាប់ ២ ឆ្នាំ​បន្ទាប់, និង ៧៥% សម្រាប់ ២ ឆ្នាំ​ចុងក្រោយ។

លើសពីនេះទៀតជម្រើសនេះរួមបញ្ចូល៖

-ការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ​ក្នុងអំឡុងពេលលើកលែង​ពន្ធ​លើប្រាក់​ចំណូល
-ការលើកលែងពន្ធអប្បបរមា ដោយ​ត្រូវមាន​របាយការណ៍​សវនកម្ម​ឯករាជ្យ
-ការលើកលែង​អាករ​នាំចេញ លើកលែង​តែមានចែងដោយឡែកនៅក្នុងច្បាប់និងលិខិត បទដ្ឋានគតិ​យុត្តផ្សេង​ទៀត

ជម្រើសទី២- ការរំលស់​ពិសេស

-សិទ្ធិកាត់កងចំណាយមូលធន​ តាមរយៈការរំលស់ពិសេស​ដែលមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ​ជាធរមាន
-សិទ្ធិកាត់កងរហូតដល់ ២០០% លើ​ចំណាយ​ជាក់លាក់​ផ្សេងទៀត​សម្រាប់​រយៈពេល​រហូតដល់ ៩ ឆ្នាំ។ វិស័យ និង សកម្មភាព​វិនិយោគ និង​ចំណាយជាក់លាក់ ព្រមទាំង​រយៈពេលកាត់កងចំណាយ ត្រូវកំណត់​ក្នុងច្បាប់​ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង និង/ឬអនុក្រឹត្យ
-ការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល​ក្នុងរយះពេលជាក់លាក់ណាមួយ​ ទៅតាមវិស័យ​និងសកម្មភាព​វិនិយោគ ដែលត្រូវកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​និង/​ឬអនុក្រឹត្យ
-ការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្ម​ឯករាជ្យ
-ការលើកលែងអាករនាំចេញ លើកលែង​តែមានចែង​ដោយឡែក​នៅក្នុងច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងទៀត។

បន្ថែមពីលើការលើកទឹកចិត្តក្នុងជម្រើសទី១ ឬជម្រើសទី២៖

ក. គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដែល​បម្រើឱ្យ​ការនាំ​ចេញនិងជា​ប្រភេទ​ឧស្សាហកម្ម​គាំទ្រដល់​គម្រោង​វិនិយោគ​​​បម្រើ​ឱ្យការ​នាំចេញ មាន​សិទ្ធិ​នាំចូល​​នូវ​សម្ភារៈ​សាងសង់ បរិក្ខារ​សំណង់ សម្ភារៈ​បរិក្ខារ ផលិតកម្ម និងធាតុចូលផលិតកម្ម​ដោយ​ពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម ​ជាបន្ទុករបស់រដ្ឋ។

ខ. គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​បម្រើ​ទីផ្សារក្នុងស្រុក ​មាន​សិទ្ធិ​នាំចូល​ដោយ​ពន្ធគយ អាករពិសេស និងអាករ​លើតម្លៃបន្ថែម​ សម្រាប់ការនាំចូលសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារ ផលិតកម្ម។ ការលើកទឹកចិត្ត​ចំពោះធាតុចូល​ផលិតកម្ម ត្រូវកំណត់ក្នុង​ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និង/ ឬអនុក្រឹត្យ។

ការលើកទឹកចិត្តបន្ថែម

ក្រៅពីការលើកទឹកចិត្តជាមូលដ្ឋាន សកម្មភាពវិនិយោគដែលបានចុះបញ្ជីជា​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ ទទួល​បានការ​លើក​ទឹកចិត្ត​បន្ថែម​ដូច​ខាង​ក្រោម៖

-ការលើកលែងអាករលើតម្លៃបន្ថែម ចំពោះការទិញធាតុចូល​ផលិតកម្មដែលផលិតក្នុងស្រុក​សម្រាប់​បម្រើ​ដល់ការ​អនុវត្ត.
-ការកាត់កងចំណាយក្នុងអត្រា ១៥០% ពីមូលដ្ឋានគិតពន្ធចំពោះសកម្មភាពណាមួយដូចខាងក្រោម៖

ក. ការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍
ខ. ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង ជំនាញ​ដល់កម្មករ​និយោជិត​ខ្មែរ
គ. ការសាងសង់កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ ឬអាហារដ្ឋាន​តម្លៃ​សមរម្យ ទារកដ្ឋាន និង​សុខូបត្ថម្ភវត្ថុ ដទៃ​ទៀតសម្រាប់កម្មករ/ និយោជិត
ឃ. ការធ្វើទំនើបកម្មលើគ្រឿងម៉ាស៊ីនដើម្បីបម្រើខ្សែច្រវាក់ផលិតកម្ម
ង. ការផ្ដល់ការលើកកម្ពស់សុខុមាលភាពដល់កម្មករ​និយោជិតខ្មែរ​ដូចជា​ការ​ផ្តល់​ មធ្យោបាយ​ដឹកជញ្ជូន​ប្រកប​ដោយផាសុកភាព​ដល់កម្មករ​និយោជិតក្នុងការ ធ្វើដំណើរ​ទៅមក​ពីកន្លែងស្នាក់​នៅទៅរោងចក្រ កន្លែង​ស្នាក់​នៅ កន្លែង​បរិភោគអាហារ ឬអាហារដ្ឋាន​ដែលមានតម្លៃសមរម្យ ទារកដ្ឋាន និងសុខូបត្ថម្ភវត្ថុដទៃទៀត

-ការលើកលែងពន្ធលើប្រាក់ចំណូលចំពោះការពង្រីក​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ដែលត្រូវកំណត់ដោយ​អនុក្រឹត្យ។

ការលើកទឹកចិត្តពិសេស

វិស័យនិងសកម្មភាពវិនិយោគជាក់លាក់ណាមួយ ដែលមានសក្ដានុពលខ្ពស់ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ អាចទទួលការ​លើកទឹកចិត្ត​ពិសេស​ដោយឡែក​ផ្សេង​ទៀត​ដែលត្រូវ​កំណត់​នៅក្នុងច្បាប់​ស្តីពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។

ការធានាវិនិយោគ

ច្បាប់​វិនិយោគ​ក៏​បាន​ចែងអំពីការធានានិងការការពារវិនិយោគ។

ការមិនរើសអើងក្នុងករណីដែលមានការខូចខាតការវិនិយោគ៖

វិនិយោគិន នឹងទទួលបាននូ​វប្រព្រឹត្តកម្មមិនរើសអើង​ទាក់ទងនឹង​បដិទាន​សំណង ឬដំណោះស្រាយ​ជាតម្លៃសេដ្ឋកិច្ចផ្សេងទៀត ​ក្នុងករណី​ដែលការវិនិយោគរបស់ខ្លួន​ទទួលរងនូវការខូចខាត​ដោយសារ​ជម្លោះ​ប្រដាប់​អាវុធ កលិយុគ​ស៊ីវិល ឬការដាក់​ប្រទេសជាតិនៅក្នុងភាពអាសន្ន ប្រសិនបើ​មានច្បាប់និងគោលនយោបាយរបស់​រាជរដ្ឋាភិបាលកម្ពុជាស្តីពីការធ្វើបដិទានឬផ្តល់​សំណង​សមរម្យ​ណាមួយ។

ការមិនរើសអើង​ចំពោះសញ្ជាតិបរទេស៖

វិនិយោគិនបរទេស​មិនត្រូវជា​កម្មវត្ថុនៃការរើសអើង​ ដោយសារមូលហេតុសញ្ជាតិបរទេស លើកលែង​តែកម្មសិទ្ធិលើ​ដីធ្លីដូចដែលមានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រកម្ពុជានិង​បទ​ប្បញ្ញត្តិ​ទាំងឡាយជាធរមាន។

ការមិនធ្វើជាតូបនីយកម្ម៖

រដ្ឋមិនត្រូវ​ធ្វើជាតូបនីយកម្ម ដែលនាំឱ្យប៉ះពាល់ដល់​ទ្រព្យសម្បត្តិរបស់វិនិយោគិន ក្នុងព្រះរាជាណាចក្រកម្ពុជា​ឡើយ។

ការមិនធ្វើអស្សាមិករណ៍៖

រដ្ឋមិនធ្វើ​អស្សាមិករណ៍នាំឱ្យប៉ះពាល់ដល់គម្រោង​វិនិយោគ​ដែលបានទទួលការអនុម័ត​នោះឡើយ ទោះបី​ដោយ​ផ្ទាល់ឬ​ដោយប្រយោល ឬតាមរយៈវិធានការប្រហាក់ប្រហែល​ លើកលែងតែក្នុងករណីបម្រើប្រយោជន៍​សាធារណៈ​ដែលការ​ធ្វើអស្សាមិករណ៍​នេះត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖

១. ភាពមិនរើសអើង
២. សំណងដោយសមរម្យនិងយុត្តិធម៌
៣. អនុលោម​តាមច្បាប់​និងនីតិវិធី​អស្សាមិករណ៍​ជាធរមាន។

ការមិនកំណត់ថ្លៃ៖

រាជរដ្ឋាភិបាលកម្ពុជា មិនត្រូវកំណត់​ថ្លៃលើផលិតផល​ឬសេវា​នានា​ដែល​បង្កើត​ដោយ​គម្រោង​វិនិយោគ​នោះ​ទេ។

ការទិញនិងបង្វិល​ទៅ​បរទស​រូបិយបណ្ណ​បរទេស​ដោយសេរី៖

អនុលោម​តាម​ច្បាប់និង​បទប្បញ្ញត្តិ​ជា​ធរមាន វិនិយោគិន​មាន​សិទ្ធិទិញ​រូបិយបណ្ណ​បរទេស​ដោយសេរី និង​ធ្វើការបង្វិល​ទៅបរទេស​នូវ​រូបិយបណ្ណ​បរទេស​ទាំងអស់​នោះ​ ដើម្បីទូទាត់​កាតព្វកិច្ច​ខាង​ហិរញ្ញវត្ថុដែល​ពាក់ព័ន្ធ​នឹងការវិនិយោគ​របស់​ខ្លួន តាម​​រយៈ​ប្រព័ន្ធ​ធនាគារ​ដែល​ជា​អន្តរការី​ប្រតិបត្តិ​។

ការ​ការពារ​កម្មសិទ្ធិបញ្ញា

កម្មសិទ្ធិបញ្ញា​របស់វិនិយោគិន​ត្រូវបានការពារ​ដោយ​អនុលោមតាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់​ព័ន្ធនឹង​កម្មសិទ្ធិបញ្ញានៃ​ព្រះរាជាណាចក្រកម្ពុជា។

កម្មសិទ្ធិដីធ្លី៖

កម្មសិទ្ធិ​លើ​ដីធ្លីរបស់​វិនិយោគិន​សម្រាប់​បម្រើឱ្យ​គោលដៅអនុវត្ត​គម្រោង​វិនិយោគ ​ត្រូវបាន​អនុញ្ញាត​ចំពោះ​តែបុគ្គល​ដែល​មាន​សញ្ជាតិ​ខ្មែរ​ស្រប​តាម​ច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្តជា​ធរមាន​។ វិនិយោគិន​មានសិទ្ធិ​ប្រើប្រាស់​ដីធ្លីតាមរយៈជា​អាទិ៍ សម្បទានដី​សេដ្ឋកិច្ច ឬ​សិទ្ធិ​ជួល​អចិន្ត្រៃយ៍ និង​ការជួល​ដែល​មាន​អំឡុង​ពេល​កំណត់​ស្រប​តាមច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​។

វិនិយោគិនក៍មានសិទ្ធិដូចខាងក្រោម៖

១. សិទ្ធិជួលនិយោជិតបរទេស​ដើម្បី​គ្រប់គ្រង ឬប្រតិបត្តិការ​គម្រោង​វិនិយោគ​ក្នុងចំនួន​មិន​លើស​ពី​ចំនួន​ដែល​កំណត់ដោយច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន ក្នុង​ករណី​ពុំអាច​រក និយោជិត​ខ្មែរ​ដែល​មានជំនាញ​ដើម្បី​គ្រប់គ្រង ឬប្រតិបត្តិការគម្រោងវិនិយោគ​នោះ។ ការអនុញ្ញាត ឱ្យជួល​និយោជិត​បរទេសគឺត្រូវពិនិត្យទៅតាមស្ថានភាព​ជាក់​ស្តែង និង​ពុំមានលក្ខណៈអចិន្ត្រៃយ៍​ទេ។
២. សិទ្ធិ​ទទួល​បាន​ការអនុញ្ញាត​ស្នាក់នៅ​បណ្តោះ​អាសន្ន​រយៈពេល​វែង សម្រាប់​ខ្លួនឯង​ផ្ទាល់ សហព័ទ្ធ និង​កូន ដែល​ជា​អនីតិជន​ក្នុង​អំឡុង​ពេល​ដែល​គម្រោង​វិនិយោគ​របស់​ខ្លួន​មាន​ប្រតិបត្តិការ​។
៣. សិទ្ធិស្នើ​សុំការអនុញ្ញាត​ស្នាក់នៅ បណ្តោះអាសន្នរយៈពេលវែង​សម្រាប់​និយោជិក​បរទេស សហព័ទ្ធ និង​កូន​ដែល​ជា​អនីតិជន​ក្នុងអំឡុងពេល​កិច្ចសន្យា​ការងារ​នៅមាន​សុពលភាព។
៤. សិទ្ធិ​ទទួលបាន​បណ្ណការងារ និង សៀវភៅ​ការងារ​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង និយោជិក​បរទេស​របស់​ខ្លួន។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគ​រាជធានីខេត្ត ត្រូវចេញលិខិត​បញ្ជាក់អំពីឋានៈ​ជាវិនិយោគិន​ជូនបុគ្គល​ពាក់ព័ន្ធក្នង​គម្រោងវិនិយោគទៅ​តាមការ​ស្នើសុំរបស់​វិនិយោគិន ដើម្បី​ប្រើប្រាស់​សម្រាប់​ការ​ស្នើសុំការអនុញ្ញាត​ស្នាក់នៅ​បណ្តោះអាសន្ន​រយៈពេល​វែង បណ្ណ​​ការងារ​និង​សៀវភៅ​ការងារ និង​គោលបំណង​ចាំបាច់​ដទៃ​ទៀត​ស្រប​តាម​នីតិវិធី​ជាធរមាន។

គួរ​បញ្ជាក់ថា ច្បាប់ស្ដីពីវិនិយោគ​បង្កើតឱ្យមាននូវក្របខ័ណ្ឌ​ច្បាប់​ថ្មី​ ដែល​មាន​លក្ខណៈ​អំណោយ​ផល​ដល់​ការ​វិនិយោគ​ ជាពិសេសបង្កើតនូវក្របខ័ណ្ឌ​លើកទឹកចិត្ត​វិនិយោគ​ដ៏សំខាន់មួយ​សម្រាប់វិស័យ និងសកម្មភាពវិនិយោគ​ចំនួន ១៩ រួមទាំង​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ការ​គ្រប់គ្រង​និងការពារ​បរិស្ថាន ប្រសិទ្ធផល​ថាមពល ទេសចរណ៍ ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ឡូជីស្ទីក និង​ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធ​ជា​ដើម។

ច្បាប់នេះត្រូវបានរំពឹងថានឹងបង្កើនសមត្ថភាពប្រកួតប្រជែង និងភាពទាក់ទាញរបស់កម្ពុជា ក្នុង​ស្មារតី​នៃ​ការធ្វើពិពិធកម្មមូលដ្ឋាន​សេដ្ឋកិច្ច គាំទ្រ​នវានុវត្តន៍ និង​ជំរុញការស្តារសេដ្ឋកិច្ច​ឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម