Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការប្រទេសបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៩ ខែមករា ឆ្នាំ ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១២ ខែមករា បានឲ្យដឹងថា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដារ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស ដែលតបតាមការអញ្ជើញរបស់លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។

បើតាមក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនេះ នឹងត្រូវធ្វើឡើងក្រោមមូលបទ “ការកសាងឡើងវិញនូវទំនុកចិត្ត” ដោយផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឲ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍ នៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការ ជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ដោយផ្តោតលើប្រធានបទ “ការស្តារទំនុកចិត្ត លើប្រព័ន្ធ​សកលលោកឡើងវិញ” សំដៅស្វែងរកវិធីសាស្រ្តឈ្នះ-ឈ្នះ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម ដែលជាក្ដីបារម្ភសកលលោកនាពេលបច្ចុប្បន្ន និងលើកកម្ពស់ការចូលរួម និងកិច្ចសន្ទនាដោយសន្តិវិធី ដែលជាមាគ៌ាដ៏ល្អប្រសើរក្នុងការកសាងទំនុកចិត្តទៅវិញទៅមក ដែលចាំបាច់សម្រាប់កិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព។

សេចក្ដីប្រកាសព័ត៌មានដាច់ដោយឡែកមួយទៀត របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងដែរថា តបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ចាប់ពីនៅថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤។ ប្រទេសបារាំង គឺជាប្រទេសអឺរ៉ុបដំបូងគេ ដែលសម្តេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នាខែសីហា ឆ្នាំ ២០២៣។

អញ្ជើញអមដំណើរសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីមួយចំនួន និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភា ពាណិជ្ជកម្មកម្ពុជា។

បើតាមក្រសួងការបរទេសកម្ពុជា សម្តេចធិបតី នឹងត្រូវទទួលស្វាគមន៍ និងមានកិច្ចសន្ទនាផ្លូវការជាមួយលោកប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូលនេះ ផ្តល់ឱកាសដ៏ប្រសើរសម្រាប់រដ្ឋាភិបាលនៃប្រទេសទាំងពីរ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃមិត្តភាព ដ៏ស្និទ្ធស្នាល និងល្អប្រសើរឲ្យឈានដល់កម្រិតថ្មី ដាក់ចេញនូវផែនការសកម្មភាពដើម្បីពង្រឹងនិង ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងរក្សាសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើ ច្បាប់។ ឯកសារកិច្ចសហប្រតិបត្តិការមួយចំនួននឹងត្រូវចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ច នេះ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្តេចធិបតី នឹងចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្ដម Gérard LARCHER ប្រធានព្រឹទ្ធសភា និងលោកជំទាវ Yael Braun-Pivet ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏នឹងអនុញ្ញាតជូនលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងលោក Geoffroy ROUX DE BEZIEUX ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផង ដែរ។

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា និងបារាំង ឲ្យកាន់តែរឹងមាំ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងចូលរួមវេទិកាធុរកិច្ច មានជំនួបដាច់ដោយឡែកជាមួយ ក្រុមហ៊ុនបារាំងមួយចំនួន និងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន រួមទាំងឯកសារ ស្តីពី ការចូលរួមរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងសម្ព័ន្ធភាពដៃគូហ្វ្រង់កូហ្វូនី (APF) ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម