ព័ត៌មានជាតិ
ទស្សនកិច្ចរបស់សម្តេចធិបតីនៅបារាំង ឆ្លុះបញ្ចាំងតម្លៃនៃទំនាក់ទំនងការទូត នយោបាយ សេដ្ឋកិច្ចរវាងកម្ពុជា-បារាំង
ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត នៅបារាំង ជាទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្ដេចក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ចាប់តាំងពីការចូលកាន់តំណែងក្នុងខែសីហា ឆ្នាំ២០២៣ ហើយទស្សនកិច្ចផ្លូវការជាលើកដំបូងពេលនេះ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង។ នេះ អាចចាត់ទុកថា បារាំងបានផ្ដល់គុណតម្លៃយ៉ាងខ្លាំងចំពោះទំនាក់ទំនងការទូត នយោបាយ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ កម្ពុជា និងបារាំង។

មែនទែនទៅ តបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងផ្ដើមបំពេញទស្សនកិច្ចផ្លូវការនៅបារាំង នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក៏ប៉ុន្តែ សម្ដេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាល បានអញ្ជើញទៅដល់ទីក្រុងប៉ារីស ប្រទេសបារាំង តាំងពីថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០២៤។ បារាំង ជាប្រទេសនៅតំបន់អឺរ៉ុបដំបូងគេ ដែលសម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ ខណៈមុនដំណើរទស្សនកិច្ចនៅបារាំង សម្ដេចធិបតី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វីសផងដែរ។

បើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ ទស្សនកិច្ចផ្លូវការរបស់សម្តេចនៅទ្វីបអឺរ៉ុប គឺមានរយៈពេល៦ថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស និងទស្សនកិច្ចនៅប្រទេសបារាំង ដែលក្នុងនោះ តាមគម្រោង សម្តេចមានកម្មវិធីប្រជុំប្រមាណ៤០។ សម្ដេចធីបតី ចាត់ទុកថា នេះជាទស្សនកិច្ចរបស់សម្ដេចក្នុងនាមជានាយករដ្ឋមន្ត្រីមកកាន់ប្រទេសបារាំង និងតំបន់អឺរ៉ុប ដែលជាការបញ្ជាក់ពីទំនាក់ទំនងល្អរវាងកម្ពុជា និងបារាំង។
ទំនាក់ទំនងនៃប្រជាជាតិទាំងពីរ កម្ពុជា និងបារាំង មានប្រវត្តិសាស្ត្រសាវតា និងកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏យូរលង់ណាស់មកហើយលើវិស័យជាច្រើន ជាពិសេស ទំនាក់ទំនងការទូត នយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

+ ទំនាក់ទំនងការទូត នយោបាយ
ពិតណាស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អាចជាឥស្សរជនកំពូលកម្ពុជាទី៣ នាសម័យបច្ចុប្បន្ន ដែលបានទៅបំពេញទស្សនកិច្ចនៅបារាំង ពោល គឺក្នុងរយៈពេលត្រឹមជាង១ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីទស្សនកិច្ចនៅបារាំងរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា កាលពីចុងឆ្នាំ២០២២ និងព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៣។
កម្ពុជា និងបារាំង មានទំនាក់ទំនងពិសេសយ៉ាងជិតស្និទ្ធ ដោយសារប្រទេសទាំងពីរមានប្រវត្តិរួមគ្នាផង កម្ពុជាជាប្រទេសនិយាយភាសាបារាំងផង និងម្យ៉ាងវិញទៀតដោយសារតួនាទីរបស់បារាំងក្នុងការចូលរួមជួយកម្ពុជា ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩១។ ប្រវត្តិដែលមិនអាចភ្លេចបាននោះ គឺបារាំងបានដាក់អាណានិគមមកលើកម្ពុជាអស់រយៈប្រមាណជាង៩០ឆ្នាំឯណោះ ពោល គឺចាប់ពីចន្លោះឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបកម្ពុជា ទទួលបានឯករាជ្យពេញលេញជាផ្លូវការពីបារាំង។

ចាប់តាំងពីឆ្នាំ១៩៥៣ កម្ពុជា និងបារាំង បានចាប់ផ្តើមទំនាក់ទំនងថ្មីមួយ ហើយបានពង្រឹងពង្រីកទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីមានការរីកចម្រើនដ៏ល្អប្រសើរពីមួយកម្រិតទៅមួយកម្រិត រហូតមកសព្វថ្ងៃនេះ ដែលមាន រយៈពេលប្រមាណជាង៧០ឆ្នាំមកហើយ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានផ្ដោតសំខាន់ និងកំពុងអនុវត្តលើកិច្ចការពារបេតិកភណ្ឌ ការពារជាតិ សុខាភិបាល អប់រំ ការអភិវឌ្ឍប្រកបដោយចីរភាព វប្បធម៌ និងអភិបាលកិច្ច ជាដើម។
ស្ថានទូតនៃប្រទេសបារាំង និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ហើយជាមួយគ្នានេះ សហគមន៍ខ្មែររស់នៅប្រទេសបារាំង ក៏បានរួមចំណែកជាផ្នែកមួយនៃការថែរក្សាទំនាក់ទំនងនេះដែរ។ កម្ពុជា និងបារាំង ក៏បានប្ដេជ្ញា នឹងបន្តកិច្ចសន្ទនាជាដៃគូល្អ ក៏ដូចជាដៃគូអភិវឌ្ឍន៍ ទាំងក្នុងកម្រិតទ្វេភាគី និងកម្រិតតំបន់ ជាពិសេស គឺការចូលរួមឱ្យបានសកម្មក្នុងការរឹតចំណងទំនាក់ទំនងនៃតំបន់អាស៊ាន និងតំបន់អឺរ៉ុប។

+ទំនាក់ទំនងសេដ្ឋកិច្ច
ទំនាក់ទំនងកម្ពុជា និងបារាំង កំពុងសម្របខ្លួនជាបណ្តើរៗទៅនឹងសមាហរណកម្មដែលកំពុងរីកចម្រើនរបស់កម្ពុជាទៅក្នុងបរិយាកាសក្នុងតំបន់ និងវឌ្ឍនភាពឆ្ពោះទៅរកស្ថានភាពនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដោយភាគីបានគាំទ្រ និងជួយជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារនៅកម្ពុជា តាមរយៈការអភិវឌ្ឍធនធានមនុស្ស និងការជំរុញការវិនិយោគរបស់បារាំងនៅកម្ពុជា។
បារាំង គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា នៅក្នុងតំបន់អឺរ៉ុប ដែលទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅបារាំង រួមមាន អង្ករ ផលិតផលកសិកម្ម សម្លៀកបំពាក់ និងស្បែកជើង ជាដើម។ រីឯ ទំនិញនាំចូលសក្តានុពលពីបារាំងមកកម្ពុជាវិញ រួមមាន ឱសថ បន្ទះក្តារ និងភេសជ្ជៈ។ នៅក្នុងមួយឆ្នាំៗ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង មានទឹកប្រាក់ជាង ១ពាន់លានអឺរូ ខណៈដែលទៅថ្ងៃអនាគត បារាំង បានប្តេជ្ញាបង្កើនទំហំទឹកប្រាក់ឱ្យកើនជាងនេះបន្ថែមទៀត។ ជាក់ស្ដែងនៅឆ្នាំ២០២២ ភាគីទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មប្រមាណជាង ៥០០លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ១៦.៣១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១។

ប៉ុន្តែ គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង សម្រេចបានប្រមាណជិត ៤៨០លានដុល្លារអាមេរិក ពោល គឺមានការធ្លាក់ចុះ ៤.២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតចាប់ពីខែមករា ដល់ខែ វិច្ឆិកា ឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជាទៅទីផ្សារបារាំង មានចំនួនជាង ៣៣២លានដុល្លារ ថយចុះ ១៤.៥% និងការនាំចូលមកវិញមានចំនួនជាង ១៤៦លានដុល្លារ មានការកើនឡើងជាង ៣២%។ បើធៀបជាមួយប្រទេសដៃគូផ្សេងៗ ដូចជា សហរដ្ឋអាមេរិក ចិន វៀតណាម ថៃ និងជប៉ុន ជាដើម គឺទំហំពាណិជ្ជកម្មកម្ពុជា បារាំង នៅមានចំនួនតិចនៅឡើយ។
ដូច្នេះហើយ តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេស បារាំងពេលនេះ នឹងរំពឹងថា ជួយជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗបន្ថែមទៀត។ ជាមួយគ្នានេះ លោកប្រធានាធិបតីបារាំង ក៏បានបង្ហញាក្ដីជឿជាក់ថា ទស្សនកិច្ចនៅប្រទេសបារាំងរបស់សម្តេច ហ៊ុន ម៉ាណែត នឹងអនុញ្ញាតឱ្យជំរុញលើវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសវិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី ជាដើម៕

អត្ថបទ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង