ព័ត៌មានជាតិ
តែមួយថ្ងៃ ប្រមុខដឹកនាំកម្ពុជាជួបមេក្រុមហ៊ុនបារាំងគ្រាក់ៗចំនួន ៨ ក្នុងដំណើរទស្សនកិច្ចទៅបារាំង
ក្នុងដំណើរទស្សនកិច្ចទៅប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានជួបថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុនបារាំងគ្រាក់ៗដើម្បីជំរុញពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
តែមួយថ្ងៃម្សិលមិញនេះ មានជំនួបធំំៗដាច់ដោយឡែកចំនួន ៨ រវាងប្រមុខដឹកនាំកម្ពុជាជាមួយនាយកជាន់ខ្ពស់របស់ក្រុមហ៊ុនបារាំងធំៗ។
សម្តេចបានជួបតំណាងក្រុមហ៊ុន VINCI Airports ដែលជាក្រុមហ៊ុនឈានមុខគេលើការវិនិយោគគម្រោងសម្បទាននៃគម្រោងថាមពលនិងសំណង់ផ្សេងៗ។

លោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports
VINCI Airports ជាផ្នែកមួយរបស់ VINCI Group ដែលកំពុងប្រតិបត្តិគ្រប់គ្រងព្រលានយន្តហោះចំនួនពីរនៅប្រទេសកម្ពុជាមានព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងព្រលានយន្តហោះខេត្តព្រះសីហនុ។
ក្នុងជំនួបសម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនបារាំងនេះ ដែលបានបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាលើវិស័យអាកាសចរណ៍ស៊ីវិលអស់រយៈពេលជាង ៣០ ឆ្នាំ កន្លងមកនេះ។ សម្ដេចធិបតីក៏បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងលើកទឹកចិត្តឲ្យក្រុមហ៊ុនពង្រីកការវិនិយោគលើវិស័យសំខាន់ៗផ្សេងទៀត ដើម្បីជាការរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

លោកស្រី Maud BAILLY, នាយិកាប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យGroup ACCOR
បន្តមកទៀត សម្តេចក៏បានជួបតំណាងក្រុមហ៊ុន Group ACCOR។ Group ACCOR ជាក្រុមហ៊ុនដែលប្រតិបត្តិការលើផ្នែកសណ្ឋាគារ ហើយក្រុមហ៊ុនក៏បានដាក់ទុនវិនិយោគសណ្ឋាគារចំនួន ៩ កន្លែងនៅកម្ពុជាមាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។
លោកស្រី Maud BAILLY នាយិកាប្រតិបត្តិក្រុមហ៊ុន Sofitel, MGallery និង Emblems តំណាងឲ្យ Group ACCOR បានគូសបញ្ចាក់ថា ការវិនិយោគក្នុងវិស័យសណ្ឋាគារទាំងបែបទំនើប មធ្យម និង Boutique បានចូលរួមលើកស្ទួយរូបភាពនិងកិត្យានុភាពនៃប្រទេសកម្ពុជា។
លោកស្រីបន្តថា តាមរយៈសណ្ឋាគារសូហ្វីតែល ដែលមានប្រតិបត្តិការអាជីវកម្មនៅជុំវិញពិភពលោកបានកំពុងចូលរួមផ្សព្វផ្សាយនូវវប្បធម៌និងភាពល្អឥតខ្ចោះនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីជំរុញឱ្យអ្នកទេសចរមកទស្សនាខេត្តសៀមរាបនៅឆ្នាំ២០២៤ ឱ្យកាន់តែច្រើនថែមទៀត។

លោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Alstom
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំង សម្តេចនាយករដ្ឋមន្រ្តីក៏បានជួបពិភាក្សាការងារជាមួយអនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Alstom ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់បារាំងមានប្រតិបត្តិការនៅទូទាំងពិភពលោក ក្នុងទីផ្សារដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើង រថភ្លើងក្រោមដី និងសេវាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រាប់ចាប់ពីរថភ្លើងអគ្គិសនីជាដើម ដែលប្រកបដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប។
ក្រុមហ៊ុន Alstom កំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៦៣ នៅទូទាំងពិភពលោក និងមានបុគ្គលិកចម្រុះជាតិសាសន៍បម្រើការងារប្រមាណ ៨០ ០០០នាក់។
នៅថ្ងៃដដែល សម្តេចធិបតីក៏មានជំនួបពិភាក្សាការងារជាមួយនាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF)។

លោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេសនៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF)
Électricité de France គឺជាក្រុមហ៊ុនរដ្ឋបារាំងដែលវិនិយោគទៅលើវិស័យថាមពល (អគ្គិសនី, ឧស្ម័នធម្មជាតិ) និងមានអតិថិជនប្រមាណ ៤០ លាននាក់ទូទាំងពិភពលោក។ គោលដៅចម្បងរបស់ក្រុមហ៊ុនគឺកសាងអនាគតថាមពលដែលបញ្ចេញកាបូនសូន្យប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយសន្សំសំចៃភពផែនដីនិងជំរុញសុខុមាលភាព ស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញនូវការប្រើប្រាស់ថាមពលកកើតឡើងវិញនិងគិតគូរខ្ពស់ទៅលើបរិស្ថានបៃតង។
ក្រុមហ៊ុន EDF មានប្រតិបត្តិការសំខាន់ៗចំនួន ៤ រួមមាន៖ ១. ការផលិតអគ្គិសនី ២. ការដឹកជញ្ជូននិងចែកចាយថាមពលអគ្គិសនី ៣. ការផ្គត់ផ្គង់ថាមពល និង ៤. ការបង្កើនប្រសិទ្ធភាព និងការជួញដូរថាមពលអគ្គិសនី។
ក្រោយបញ្ចប់កិច្ចពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនអគ្គិសនីបារាំង សម្តេចធិបតីក៏មានជំនួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន PuyDuFou ប្រចាំទ្វីបអាស៊ី។

លោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន PuyDuFou ប្រចាំទ្វីបអាស៊ី
ក្រុមហ៊ុន PuyDuFou ជាក្រុមហ៊ុនវិនិយោគទៅលើឧទ្យានកម្សាន្ត។ ក្រោមកិច្ចសហការភាពជាដៃគូរវាងក្រុមហ៊ុនបារាំង ICONEM និងក្រុមហ៊ុន Confluences របស់កម្ពុជា ក្រុមហ៊ុនកំពុងបណ្តាក់ទុនលើគម្រោងបង្កើត “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតដំបូងគេបង្អស់នៅកម្ពុជា ដែលមានទីតាំងក្នុងខេត្តសៀមរាប។

លោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group
នាឱកាសនោះ សម្តេចក៏បានជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Wholesale International Group និងដែលជាតំណាងឲ្យ Orange Group។ ក្រុមហ៊ុន Orange Group ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ និងផ្គត់ផ្គង់សេវាឌីជីថលឈានមុខរបស់បារាំងនិងលើពិភពលោក ដោយប្រតិបត្តិការនៅក្នុងប្រទេសចំនួន ២៦ ក្នុងតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក។
ក្រុមហ៊ុន Orange Group មានបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនចាប់អារម្មណ៍លើការពង្រីកការវិនិយោគលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន តាមរយៈខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅបណ្តាប្រទេសនានា។
ដោយឡែកនៅថ្ងៃដដែល សម្តេចក៏បានជួបពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន TotalEnergies ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Total Cambodge កំពុងប្រតិបត្តិការអាជីវកម្មនៅប្រទេសកម្ពុជាលើការនាំចូលនិងចែកចាយប្រេងឥន្ធនៈនិងប្រេងម៉ាស៊ីន។

លោក Patrick POUYANNÉ នាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies
នាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies បានជម្រាបប្រាប់មេដឹកនាំកម្ពុជាថា ក្រុមហ៊ុនកំពុងប្រតិបត្តិការអាជីវកម្មរោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៦៥ មេហ្គាវ៉ាត់នៅខេត្តបាត់ដំបង និងកំពុងពិចារណាក្នុងការវិនិយោគបន្ថែមពិសេសក្នុងវិស័យថាមពលខ្យល់។
នៅថ្ងៃជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តីក៏មានជំនួបពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Blue Circle របស់បារាំង។

លោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Blue Circle
ក្រុមហ៊ុន Blue Circle ជាក្រុមហ៊ុនអភិវឌ្ឍន៍ ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការគម្រោងថាមពលកកើតឡើងវិញនៅតំបន់អាស៊ីអាគ្នេយ៍ចាប់តាំងពីឆ្នាំ ២០១៣ មក។ ក្រុមហ៊ុន Blue Circle បានបើកការិយាល័យដំបូងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ដោយក្បានជ្រើសរើសយកខេត្តមណ្ឌលគិរីដើម្បីអនុវត្តន៍គម្រោងទីមួយរបស់ក្រុមហ៊ុន លើគម្រោងទាញយកថាមពលខ្យល់បំប្លែងជាអគ្គិសនី ដែលគ្រោងនឹងបើកដំណើរការចាប់ពីឆ្នាំ ២០២៦ តទៅ។
ដោយឡែកនាឱកាសនោះ សម្តេចក៏មានជំនួបពិភាក្សាការងារជាមួយប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) របស់ប្រទេសបារាំង។

លោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF)
សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) មានសមាសភាពអង្គការវិជ្ជាជីវៈចំនួន ៣៤ មកពីប្រទេសហ្រ្វង់កូហ្វូនចំនួន ៣១, សហគ្រាសជាង ៧០០ ០០០ ដោយផ្ទាល់ និងសហគ្រាសចំនួន ១០ លានសហគ្រាស ដោយប្រយោល។
នៅក្នុងដំណើរទស្សនកិច្ចប្រទេសបារាំង សម្តេចធិបតីក៏បានចូលរួមវេទិកាធុរកិច្ចបារាំង-កម្ពុជា ដែលសម្របសម្រួលនិងរៀបចំដោយសភាពាណិជ្ជកម្ពុជា។

ក្នុងវេទិកានោះមានបណ្តាក្រុមហ៊ុនជិត ១១០ ក្រុមហ៊ុនបានមកជួបជុំគ្នា ដោយក្នុងនោះក្រុមហ៊ុនចំនួន ៨០ មកពីប្រទេសបារាំង និងក្រុមហ៊ុនចំនួន ៣០ មកពីប្រទេសកម្ពុជា ដើម្បីធ្វើការផ្លាស់ប្តូរទំនាក់ទំនង ពង្រីកឱកាស និងសិក្សាស្វែងយល់ ពិសេសបង្កើតឱកាសវិនិយោគនៅកម្ពុជា។
សម្តេចនាយករដ្ឋមន្រ្តីក៏បានចូលរួមជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈយោគយល់ចំនួន ០៦ រួមមាន៖
១-អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)
២-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle
៣-អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail
៤-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions
៥-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42)
៦-អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS

តាមរយៈការចុះអនុស្សរណៈយោគយល់នេះ នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសនិយាយភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំងតាមរយៈការរៀបចំ ជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា។ ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចក្រុមហ៊ុនបារាំង និងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ