ព័ត៌មានជាតិ
អ្នកជំនាញ ៖ វិស័យសំខាន់បី ដែលកម្ពុជា ចង់ឱ្យបារាំងចូលមកវិនិយោគ
អ្នកជំនាញវិនិយោគ និងសេដ្ឋកិច្ច ចង់ឃើញវត្តមានវិនិយោគិនបារាំងចូលមកវិនិយោគលើវិស័យកសិកម្ម កសិក-ឧស្សាហកម្មកែច្នៃ វិស័យទេសចរណ៍ និងសេវាកម្ម នៅកម្ពុជាឱ្យបានច្រើន ដោយសារវិស័យទាំងនេះ ទំហំនៃការវិនិយោគរបស់បារាំងនៅមានចំនួនតិច។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា«កន្លងមកក្រុមហ៊ុនបារាំង បានវិនិយោគនៅកម្ពុជា មានដូចជា វិស័យសណ្ឋាគារ ផ្នែកឱសថ ហិរញ្ញវត្ថុ និងធនគារជាដើម។ ដោយឡែកផ្នែកកសិកម្មនៅមានចំនួនតិចតួចនៅឡើយ ដែលបារាំង គួរចូលរួមអភិវឌ្ឍវិស័យនេះ ដើម្បីធ្វើការកែច្នៃសម្រាប់នាំចេញ។
ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា បានបន្តទៀតថា ភាពអំណោយផលទីតាំងភូមិសាស្រ្តល្អ ជាពិសេសកម្ពុជា សល់វត្ថុធាតុដើម ដែលសព្វថ្ងៃនេះ បាននាំចេញស្រស់ទៅប្រទេសជិតខាង នាំឱ្យបាត់តម្លៃបន្ថែមជាច្រើន។ ប្រសិនបើបារាំងបង្កើតរោងចក្រវិនិយោគលើឧស្សាហកម្មកែច្នៃកសិផល នឹងផ្តល់កម្រៃបន្ថែម និងកម្លាំងពលកម្មសម្រាប់ពលរដ្ឋកម្ពុជា ផងដែរ។

ទន្ទឹមនេះ ក្រៅពីវិស័យកសិកម្ម វិស័យទេសចរណ៍ និងសេវាកម្ម ក៏អ្នកឧកញ៉ា លឹម ហេង មើលឃើញថា មានសក្តានុពលខ្លាំងផងដែរ។ អ្នកឧកញ៉ា បានគូសបញ្ជាក់ថា កម្ពុជា បានអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវថ្នល់ អាកាសយានដ្ឋានអន្តរជាតិ កំពង់ផែ ដែលបានបម្រើឱ្យស្ទើរគ្រប់វិស័យ ជាឱកាសក្នុងការវិនិយោគទទួលបានផលចំណេញខ្ពស់ នាថ្ងៃអនាគត។ អ្នកឧកញ៉ា លឹម ហេង ចង់ឃើញអ្នកវិនិយោគិនបារាំង បោះទុនរកស៊ីលើវិស័យទាំងអស់នេះ នៅកម្ពុជា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បារាំងគឺជាប្រទេសដ៏មានឥទ្ធិពលមួយនៅក្នុងសហគមអឺរ៉ុប ហើយបារាំង ក៏ជាទីផ្សារសំខាន់មួយក្នុងចំណោមទីផ្សារអន្តរជាតិដទៃ ដែលមានការបញ្ជាទិញផលិតផលកាត់ដេរវាយនភណ្ឌ និងសម្លៀកបំពាក់ពីកម្ពុជា។
លោកកត់សម្គាល់ឃើញថា ទោះបីការបញ្ជាទិញផលិតផលកម្ពុជាពីសហគមន៍អឺរ៉ុប មានការថមថយ តែទីផ្សារបារាំងនៅតែដើរតួនាទីសំខាន់សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា។

ថ្លែងពីប្រទេសបារាំង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តធុរកិច្ចបារាំងក្នុងការចាប់ផ្តើម និងពង្រីកប្រតិបត្តិការនៅកម្ពុជា លើវិស័យដែលមានស្រាប់ និងវិស័យដែលអាចទាក់ទាញនវានុវត្តន៍ ការវិនិយោគ ដូចជា វិស័យកសិកម្ម, កែច្នៃម្ហូបអាហារ, អគ្គិសនី និងអេឡិចត្រូនិច, ការថែទាំសុខភាព, អប់រំ បច្ចេកវិទ្យាព័ត៌មាន ក៏ដូចជា វិស័យត្រួសត្រាយផ្លូវ ដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នកចាប់ផ្តើមមុនគេ (first-mover advantage) ដូចជាវិស័យយានយន្ត,បរិវត្តកម្មឌីជីថល, បច្ចេកវិទ្យាបៃតង ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ, ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ជាដើម។
ទោះយ៉ាងណា គិតមកដល់ពេលនេះ មានក្រុមហ៊ុនអគ្គិសនី ក្រុមហ៊ុនវិស័យថាមពលកកើតឡើងវិញ វិស័យដឹកជញ្ជូនផ្លូវដែក និងផលិតរថភ្លើងល្បឿនលឿន ចំនួន៥ហើយ ដែលបានចាប់អារម្មណ៍បោះទុនវិនិយោគនៅកម្ពុជា ក្រោយពីបានជួបសម្តែងការគួរសមជាមួយសម្តេច ហ៊ុន ម៉ាណែត នៅប្រទេសបារាំង កាលពីថ្ងៃទី ១៥ មករា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបំពេញបេសកកម្មនៅតំបន់អឺរ៉ុបចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ នៅក្នុងបេសកកម្មមួយយសប្តាហ៍នៅតំបន់អឺរ៉ុបនេះ សម្តេចធិបតី នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ«ការកសាងឡើងវិញនូវទំនុកចិត្ត» នៅទីក្រុងដាវ៉ូស ប្រទេសស្វីស និងបំពេញទស្សនកិច្ចនៅប្រទេសបារាំងតបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤៕


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?