ព័ត៌មានជាតិ
តើថ្នាក់ដឹកនាំកំពូលៗកម្ពុជា-បារាំងណាខ្លះ ធ្លាប់ផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមក?
នៅថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron។

ឆ្លៀតក្នុងឱកាសដែលសម្ដេចធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសបារាំងនេះ «កម្ពុជាថ្មី» សូមបង្ហាញជូនប្រិយមិត្តអំពីដំណើរផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា-បារាំង ចាប់តាំងពីប្រទេសទាំងពីរចាប់ផ្ដើមមានទំនាក់ទំនងជាផ្លូវការជាមួយគ្នាសាជាថ្មីនៅឆ្នាំ១៩៥៣ រហូតមកដល់បច្ចុប្បន្ននេះ។
កាលពីឆ្នាំ១៩៦៦ ប្រធានាធិបតីបារាំង លោក Charles De Gaulle បានធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា។ ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦៦ លោក Charles De Gaulle រួមជាមួយសម្ដេចព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ បានថ្លែងសុន្ទរកថារួមនៅពហុកីឡដ្ឋានអូឡាំពិក ដែលការថ្លែងនោះ ត្រូវបានគេប្រសិទ្ធនាមថា សុន្ទរកថានាក្រុងភ្នំពេញ។ ប្រធានាធិបតីបារាំងរូបនេះ ក៏បានអញ្ជើញទៅទស្សនាប្រាសាទនានាក្នុងខេត្តសៀមរាបផងដែរ។ ឈ្មោះរបស់លោក Charles De Gaulle ក៏ត្រូវបានគេយកទៅប្រសិទ្ធិនាមលើមហាវិថីមួយក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ គឺមហាវិថី Charles De Gaulle។

នៅឆ្នាំ១៩៩៣ ប្រធានាធិបតីបារាំងមួយរូបទៀត គឺលោក François Mitterand បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ បន្ទាប់មក នៅឆ្នាំ២០១១ នាយករដ្ឋមន្ត្រីបារាំង លោក François Fillion បានបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅកម្ពុជា គឺថ្ងៃ ទី២ និងទី៣ ខែកក្កដា។ ក្នុងពេលនោះ លោក François Fillion បានជួបសវនាការជាមួយសម្ដេចតេជោ ហ៊ុន សែន និងចូលគាល់ព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ លោកនាយករដ្ឋមន្ត្រីបារាំង ក៏បានទៅចូលរួមសម្ពោធបិទគម្រោងជួសជុលប្រាសាទបាពួន នៅខេត្តសៀមរាប ជាមួយព្រះមហាក្សត្រខ្មែរផងដែរ នាពេលនោះ។ លុះនៅខែកុម្ភ: ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រីបារាំង ហ្សង់ ម៉ាក អេរ៉ូ ក៏បានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីចូលរួមព្រះរាជពិធីបុណ្យព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ។

ដោយឡែក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង។ ក្នុងអំឡុងបំពេញទស្សនកិច្ចនោះ សម្តេចនាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីបារាំង ហ្រ្វង់ស៊័រ ហូឡង់ និងលោក ឡូរ៉ង់ ហ្វាប៊ីយូស រដ្ឋមន្ត្រីក្រសួងការបរទេស និងអភិវឌ្ឍន៍អន្តរជាតិ។

រីឯ នៅក្នុងឆ្នាំ២០២២ នាថ្ងៃទី១៣ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសបារាំងម្តងទៀត។ ក្នុងពេលនោះ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានទទួលបដិសណ្ឋារកិច្ចកម្រិតខ្ពង់ខ្ពស់បំផុតពីសំណាក់ប្រធានាធិបតីបារាំង លោក Emmanuel Macron ក្រោមរូបភាពស្និទ្ធស្នាលយ៉ាងខ្លាំង។

ចូលដល់ឆ្នាំ២០២៣ ព្រះមហាក្សត្រកម្ពុជា សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋបារាំង ចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការសូមយាងរបស់លោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។

នៅក្នុងឆ្នាំ២០២៤ នេះវិញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង។ នេះ គឺជាទស្សនកិច្ចផ្លូវការលើកទីមួយរបស់សម្ដេចធិបតី ទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប បន្ទាប់ពីបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ