ព័ត៌មានជាតិ
អ្នកតាមដានបញ្ហាសង្គម ស្នើឲ្យបន្តអនុវត្តអភិក្រមទី ៥ គឺ “ការវះកាត់” ចំពោះមន្ត្រីណាប្រព្រឹត្តអំពើប៉ះពាល់ប្រយោជន៍រដ្ឋ និងប្រជាជន
អ្នកតាមដានបញ្ហាសង្គម ស្នើឲ្យបានស្នើឲ្យរាជរដ្ឋាភិបាល បន្តអនុវត្តដោយម៉ឺងម៉ត់នូវអភិក្រមទី ៥ គឺ “ការវះកាត់” ចំពោះមន្ត្រីរូបណាដែលប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរ ប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍ប្រជាជន។

ការស្នើនេះ បន្ទាប់ពីរាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ បានសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប ដោយសារប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកតាមដានបញ្ហាសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប ជាការអនុវត្តដ៏ត្រឹមត្រូវតាមអភិក្រមទី ៥ គឺ “ការវះកាត់” របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញតាំងពីអាណត្តិមុន និងបន្តដល់អាណត្តិទី ៧នេះ។ លោកចាត់ទុកថា នេះសារក្រើនរំលឹកមួយដល់អាជ្ញាធរផ្សេងទៀត ដែលធ្លាប់ប្រព្រឹត្តអំពើខុសឆ្គង ត្រូវប្រញាប់កែប្រែខ្លួន ហើយប្រសិនបើមិនការកែប្រែទេ អាចនឹងមានជោគវាសនាដូចអភិបាលក្រុងកែប ដែរ។
លោកបណ្ឌិត ឈត ប៊ុនថង លើកឡើងថា «ប្រសិនបើមានការរំលោភអំណាច មានការធ្វើឲ្យខូចនូវផលប្រយោជន៍ជាតិ ផលប្រយោជន៍រួម រួមទាំងធ្វើឲ្យប្រជាពលរដ្ឋអស់សេចក្ដីទុកចិត្ត ធ្វើឲ្យប្រជាពលរដ្ឋខាតបង់ផលប្រយោជន៍ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្ត ខ្ញុំគិតថា ការអនុវត្តនូវអភិក្រមទី ៥ ដែលយើងហៅថា “ការវះកាត់” ហ្នឹង គឺជារឿងចាំបាច់ដែលត្រូវធ្វើ»។
យ៉ាងណាក៏ដោយ អ្នកតាមដានបញ្ហាសង្គមរូបនេះ លើកឡើងដែរថា ការប្រើអភិក្រមទី ៥ “ការវះកាត់” នេះ គឺត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ម៉ត់ចត់ និងស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយ។ ប្រសិនបើស៊ើបអង្កេតឃើញថា អាជ្ញាធរជាបុគ្គលណាមួយដែលណាមួយ ដែលប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរហើយ គឺត្រូវតែមានការ “ការវះកាត់”។
បន្ថែមលើនេះ លោកបណ្ឌិត ឈត ប៊ុនថង បានស្នើឲ្យរាជរដ្ឋាភិបាលបន្តអនុវត្តដោយម៉ឺងម៉ត់នូវអភិក្រមទី ៥ គឺ “ការវះកាត់” ចំពោះមន្ត្រីរូបណាដែលប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរ ដើម្បីធ្វើឲ្យយ៉ាងណាឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត។
លោកថា «តាមការយល់ឃើញរបស់ខ្ញុំទេ ការអនុវត្តអភិក្រមទី ៥ គឺការវះកាត់ហ្នឹង សូមបន្តធ្វើដូចភ្លៀងរលឹម មានន័យថា បន្តធ្វើតទៅទៀតចំពោះបុគ្គលទាំងឡាយណាដែលជាអាជ្ញាធរ ហើយបានប្រព្រឹត្តខុស គួរតែបន្តធ្វើដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋហ្នឹង មានជំនឿទុកចិត្ត ធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ប្រជាពលរដ្ឋរស់នៅដោយសុខដុម រកស៊ីដោយសុខស្រួល ហើយអាជ្ញាធរដែនដីនីមួយៗហ្នឹងក៏កិត្តិយស ការគោរព សេចក្ដីទុកចិត្តពីប្រជាពលរដ្ឋ»។
សូមជម្រាបថា កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤កន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេច មានការចាំបាច់ត្រូវអនុវត្តអភិក្រមទី ៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះ គឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរបន្ថែមថា «ខ្ញុំសង្ឃឹមថា មន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី ១ រហូតដល់ទី ៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥»។
ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់ (អភិក្រមទី ៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គង នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ