ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ អរគុណ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគំាទ្រដល់ការអភិវឌ្ឍប្រទេសរបស់ខ្លួន
លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo “Kupa” Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងការកោតសរសើរ និងអរគុណដល់រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគំាទ្រដល់ការអភិវឌ្ឍដល់ប្រទេសខ្លួនដូចជាការគំាទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលនិងរដ្ឋសភាកម្ពុជា ចំពោះការចូលជាសមាជិកអាស៊ាន និងអន្តរសភាអាស៊ាន(AIPA) របស់ទីម័រឡេស្តេ។ ជាមួយគ្នានេះ កម្ពុជាបានផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំដល់និស្សិតទីម័រឡេស្តេបានមកសិក្សានៅកម្ពុជា ផងដែរ។

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានលើកដូច្នេះនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះ លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស បានលើកឡើងថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរបានលើកកម្ពស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក នៃថ្នាក់ដឹកនាំប្រទេសទំាងពីរ។ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសទីម័រឡេស្តេ កាលពីឆ្នាំ២០១៦។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ប្រទេសកម្ពុជា និងទីម័រឡេស្តេ ជាប្រទេសបងប្អូននឹងគ្នា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ល្អមួយ មានភាពអស្ចារ្យបំផុត ដែលបានស្វែងរកសុខសន្តិភាព មិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្តេច ជាវីរបុរសរបស់សកលលោក ថែមទៀតផង។

លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស បានអបអរសាទរជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា ដែលការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ ខ្លួនលោកផ្ទាល់ ជាសាក្សីម្នាក់ ដែលបានចូលរួមសង្កេតការណ៍ដោយផ្ទាល់។ លោកឯកអគ្គរដ្ឋទូត បានអបអរសាទរផងដែរ ជូនចំពោះសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា នីតិកាលទី៧នេះ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក អ៊ឺមេណេហ្ស៊ីលដូគុប៉ា ឡូប៉េស និងសហការី។ សម្តេចបានគូសបញ្ជាក់ថា វត្តមានរបស់លោកឯកអគ្គរដ្ឋទូតនាពេលនេះ ប្រៀបដូចជាការមកសួរសុខទុក្ខរវាងបងនិងប្អូនដូច្នេះដែរ។ សម្តេចមានសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកដ៏សំខាន់របស់លោកឯកអគ្គរដ្ឋទូតផ្ទាល់ ដែលបានរួមចំណែកក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ទីម័រឡេស្តេ បានយ៉ាងល្អប្រសើរ ចាប់តាំងពីពេលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានាឆ្នាំ២០០២ មក។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជានិងរដ្ឋសភាទីម័រឡេស្តេបានសហការនិងគាំទ្រគ្នា ក្នុងវេទិកាអន្ដរសភានានារួមមាន AIPA, IPU, APPF ជាដើម។ ប៉ុន្តែទំនាក់ទំនងជាលក្ខណៈទ្វេភាគីនៅមិនទាន់មានកិច្ចព្រមព្រៀងណាជាមួយគ្នានៅឡើយ។

នៅក្នុងគោលដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរ លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស តំណាងប្រជាពលរដ្ឋទីម័រឡេស្តេនិងលោកជំទាវប្រធានរដ្ឋសភា បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ តាមពេលសមស្របណាមួយ។

សម្តេចរដ្ឋសភាធិបតី គំាទ្រដល់ការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ និងបានគូសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភាជាស្រ្តីដូចគ្នា សម្តេចសង្ឃឹមថា នឹងមានឱកាសជួបប្រាស្រ័យទាក់ទាក់ទងការងារដោយផ្ទាល់ជាមួយ លោកជំទាវ ប្រធានរដ្ឋសភា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅពេលវេលាណាមួយជាមិនខានឡើយ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ