ព័ត៌មានជាតិ
កម្ពុជា បន្តស្នើ ADB អភិវឌ្ឍវិស័យថាមពល និងកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង
លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តការគាំទ្រអភិវឌ្ឍវិស័យថាមពល និងវិស័យកសិកម្មកម្ពុជា ដើម្បីអាចធានាបាននូវសន្តិសុខស្បៀង។ ការស្នើរបស់លោករដ្ឋមន្រ្តីបែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ស្កុត ម៉ូរីស (Scott Morris) អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចនៅកម្ពុជា របស់លោក ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ ក្នុងគោលបំណង ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្រៅពីស្នើសុំគាំទ្រលើវិស័យសំខាន់ទាំងពីរនេះ លោក អូន ព័ន្ធមុន្នីរ័ត្ន ក៏បានជំរុញការធ្វើពាណិជ្ជបនីយកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយផ្តោតជាពិសេសលើការរៀបចំប្រព័ន្ធលូ, ប្រព័ន្ធប្រព្រឹត្តកម្ម និងការគ្រប់-គ្រងសំណល់ផ្សេងៗ ដោយមានការរៀបចំផែនការមេ និងផែនការវិនិយោគច្បាស់លាស់ រួមទាំងការគិតគូរអំពីយន្តការសងថ្លៃដើម, ថ្លៃវិនិយោគ (Cost recovery) និងនិរន្តរភាពប្រតិបត្តិការផងដែរ។ ជាមួយគ្នា ក៏ជំរុញលើការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព តាមរយៈការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដែលមានសមត្ថភាពបម្រើឱ្យមុខងារសំខាន់យ៉ាងហោច ៣ រួមមាន មុខងារគ្រប់គ្រងគ្រោះមហន្តរាយ, មុខងារស្រោចស្រពកសិកម្ម និងមុខងារជា ប្រភពទឹកសម្រាប់ការផលិតទឹកស្អាតបម្រើឱ្យជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍវិស័យឧស្សាហកម្មផងដែរ។
លោករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់ របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ និងរឹងមាំ ក្នុងការគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចអស់រយៈពេលជាង ៣០ ឆ្នាំកន្លងទៅ, ជាពិសេស ADB បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបភ្លាមៗក្នុងកាលៈទេសៈដ៏លំបាក ដែលក្នុងនោះ រួមមាន ការសម្រេចផ្តល់ហិរញ្ញប្បទាន ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការបន្តគាំទ្ររាជរដ្ឋាភិបាល ក្នុងការស្ដារឡើងវិញ នូវសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ- ១៩ តាមរយៈការអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ ឆ្នាំ២០២១-២០២៣” ។
ជុំវិញបញ្ហានេះ លោក ស្កុត ម៉ូរីស បានថ្លែងកោតសរសើរ ចំពោះភាពជោគជ័យលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា កន្លងទៅនេះ។ លោក ស្ពត ម៉ូរីស ក៏បានគូសរំលេចឡើងវិញ នូវការប្ដេជ្ញាចិត្ត របស់ ADB ក្នុងការបន្តជួយកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ADB សម្រាប់ការរួមចំណែកក្នុងការ គាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ដែលនេះជារបៀបវារៈមួយនៃយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី ១ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញល្បឿននៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ។
ទន្ទឹមនេះលោក ក៏បានសាទរចំពោះការសន្យារបស់ ADB ក្នុងការកៀរគរ ហិរញ្ញវត្ថុអាកាសធាតុ និងការប្ដេជ្ញាចិត្តខ្ពស់ របស់ ADB ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ក្នុងតំបន់ សម្រាប់ឆ្នាំ ២០១៩-២០៣០ ដែលក្នុងនោះ ក៏រួមមានប្រទេសកម្ពុជាផងដែរ ។ ទោះជាយ៉ាងណា, ការលើកកម្ពស់ការ អភិវឌ្ឍបៃតងក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ត្រូវផ្អែកលើអភិក្រម “រក្សាតុល្យការរវាងកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាបន្ន ជាមួយនឹងតម្រូវការបៃតង”៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?