ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ ៥ រូប ទទួលខុសត្រូវតាមដានគុណភាពការដ្ឋានផ្លូវជាតិ ៦ ខ្សែ
មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូនចំនួន ៤ រូប ទទួលបានការចាត់តាំងទទួលខុសត្រូវលើការចុះតាមដានត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិចំនួន ៤ ខ្សែ ដែលកំពុងដំណើរការស្ថាបនា ដើម្បីធានាបានទាំងគុណភាពនិងការអនុវត្តស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។
លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជានាយកទទួលខុសត្រូវលើការដ្ឋានកំណាត់ផ្លូវជាតិលេខ ៤៨ នៅខេត្តកោះកុង។
ផ្លូវជាតិលេខ ៤៨ ស្ថាបនាដោយក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture មានប្រវែង ១៤៨ គីឡូម៉ែត្រចាប់ពីបំបែកផ្លូវជាតិលេខ ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៤១+៧៥០ (ចំការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង។
ដោយបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ ផ្លូវនេះមានប្រវែង ១៤៨ គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលដោយបេតុងកៅស៊ូ (AC) សាងសង់ក្រោមទឹកប្រាក់ប្រមាណ ៧៨ លានដុល្លារ។ គិតត្រឹមថ្ងៃចុងឆ្នាំ ២០២៣ សម្រេចការសាងសង់បានប្រមាណ ៤០%។
ដោយឡែកផ្លូវជាតិលេខ ៧ ពីស្គន់ទៅក្រុងកំពង់ចាម ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្លូវជាតិលេខ ៧ ត្រូវសាងសង់ពង្រីកពី ២ គន្លងទៅ ៤ គន្លង លើប្រវែងផ្លូវជាង ៤៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីស្សូណា។
យោងតាមការសិក្សា ស្ថានភាពនៃខ្សែផ្លូវនេះមានភាពស្មុគស្មាញខ្លាំង ដែលអាចជះឥទ្ធិពលដល់ផែនការវឌ្ឍនភាពទាំងមូលរបស់គម្រោង។
ដោយឡែក លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានគ្រប់គ្រងគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣។
ផ្លូវជាតិលេខ ៣៣ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២។ ផ្លូវនេះមានប្រវែង ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប។
គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វឌ្ឍនភាពនៃគម្រោងបានសម្រេចលទ្ធផលការងារជិត ៤០%។
នៅលើកំណាត់ផ្លូវជាតិលេខ ១០ ដែលជាផ្លូវប្រវត្តិសាស្រ្តថ្មីភ្ជាប់ទឹកដីខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង ទទួលបន្ទុកតាមដានត្រួតពិនិត្យដោយលោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្លូវជាតិលេខ ១០ មានប្រវែង ១៩៧,៦៩៧ គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ បន្តរហូតដល់ខេត្តកោះកុង។ វឌ្ឍនភាពការងារមកដល់ពេលនេះ សម្រេចបានជាង ៧០% និងអាចបញ្ចប់ទាំងស្រុងនៅអំឡុងឆ្នាំ ២០២៥។
ក្រៅពីផ្លូវជាតិលេខ ១០ លោក បុង ប៊ុនហួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ជាទទួលបន្ទុកដឹកនាំជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧១C។
ផ្លូវជាតិលេខ ៧១C ប្រវែង ១១៤,៦២ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK154+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម គឺជាខ្សែផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក និងមានសភាពធន់រឹងមាំ និងជាខ្សែផ្លូវដែលមានចរាចរណ៍មមាញឹកនិងការតភ្ជាប់ដ៏សំខាន់។
ផ្លូវជាតិដ៏សំខាន់នេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៤។
លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤។ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបានលទ្ធផល (Physical Progress) ចំនួន ៦៦,០៦% គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤ គ្រោងបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ។
គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ អនុវត្តគម្រោង និងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក (WB) ចំនួន ១១០លានដុល្លារអាមេរិក ដោយគ្រោងនឹងអនុវត្តចំនួន ០៨ ឆ្នាំ (២០១៨-២០២៦) អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងសាធារណការនិងដឹកជញ្ជូន បានចាត់វិធានការពង្រឹងតាមដានជាប់ជាប្រចាំនៅរាល់ការដ្ឋានស្ថាបនាផ្លូវដើម្បីធានាគុណភាពស្របតាមស្តង់ដាបច្ចេកទេស ខណៈកន្លងទៅធ្លាប់មានក្រុមហ៊ុនសាងសង់មួយចំនួនអនុវត្តខុសបច្ចេកទេសត្រូវបានព្រមានដាក់ក្នុងបញ្ជីខ្មៅទៀតផង។
កាលជំនាន់លោក ស៊ុន ចាន់ថុល កាន់ជារដ្ឋមន្រ្តី លោកក៏តែងតែក្រើនរំលឹកឲ្យក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់លើការពង្រឹងគុណភាពសាងសង់ និងប្រកាសលែងទទួលផ្លូវធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខតទៅទៀត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន