ព័ត៌មានជាតិ
ក្រសួងការបរទេសចិន និងអាជ្ញាធរមីន ចុះអនុស្សរណៈយោគយល់ ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនួយបោសសម្អាតមីនមនុស្សធម៌
ភ្នំពេញ ៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងអាជ្ញាធរមីន ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនួយបោសសម្អាតមីនមនុស្សធម៌។ ពិធីចុះអនុស្សរណៈយោគយល់នេះ ក្រសួងការបរទេសចិន តំណាងដោយ លោក MA Shengkun អគ្គនាយករង នៃនាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន និងអាជ្ញាធរមីន តំណាងដោយ ឯកឧត្តម ស៊ុយ ជីហ៊ាង អនុប្រធានអាជ្ញាធរមីន។ ពិធីនេះផងដែរ មានការចូលរួម លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា តំណាងក្រសួងការបរទេសកម្ពុជា ក្រសួងការពារជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកអាជ្ញាធរមីន។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា អនុស្សរណៈនៃការយោគយល់ រវាងក្រសួងការបរទេសចិន និងអាជ្ញាធរមីន នាថ្ងៃនេះ ពិតជាបានរួមចំណែក និងមានសារៈសំខាន់ណាស់សម្រាប់សកម្មភាពមីននៅកម្ពុជា ស្របតាមចក្ខុវិស័យ និងការតាំងចិត្តខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការកាត់បន្ថយហានិភ័យនានាដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតាមសហគមន៍ សង្គ្រោះជីវិតប្រជាជន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោកទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះប្រទេសចិន ដែលបានចាត់ទុកការបង្កើនកិច្ចសហប្រតិបត្តិការ និងជំនួយបោសសម្អាតមីនមនុស្សធម៌ ជាគោលដៅកិច្ចសហប្រតិបត្តិការអាទិភាពមួយ សម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល។

តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ លោក MA Shengkun និងគណៈប្រតិភូ ពិតជាបានឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជនយើងទាំងពីរ ព្រមទាំងបានថ្លែងអរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃប្រទេសចិន ដែលបានផ្តល់ទំនុកចិត្ត និងផ្តល់ការគាំទ្រទាំងថវិកា និងសម្ភារ រួមទាំងការផ្តល់ការបណ្តុះបណ្តាលជារៀងរាល់ឆ្នាំ ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងវិស័យសកម្មភាពមីន ជួយសង្គ្រោះអាយុជីវិត និងបានប្រែក្លាយដីចម្ការមីន ឱ្យក្លាយជាដីដាំដុះ ធ្វើស្រែចម្ការ លំនៅឋាន និងដីដែលផ្តល់នូវប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ប្រទេសចិន គឺជាប្រទេសមួយដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវសមិទ្ធផលទាំងនេះ។

ជាក់ស្តែង ចាប់ពីឆ្នាំ២០១៨ ប្រទេសចិន បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១៤,៤ លានដុល្លារអាមេរិក និងបានធ្វើការបោសសម្អាតមីន និងគ្រាប់ ក្នុងទំហំផ្ទៃដីជាង ១០៧ គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកម្ទេចចោលមីន និងគ្រាប់ចំនួន ៧៧.៩៥៤ គ្រាប់ ព្រមទាំងបានផ្តល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋប្រមាណជា ១.៥ លាននាក់។ ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យប្រទេសចិនបន្តជួយគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមការស្នើសុំរបស់មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា(ស៊ីម៉ាក់)។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលតែងតែដឹកនាំ ខិតខំប្រឹងប្រែង និងផ្តល់ការគាំទ្រដោយផ្ទាល់ដល់វិស័យសកម្មភាពមីននៅកម្ពុជា ដើម្បីសម្រេចឲ្យបាន “កម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥”។ នៅឆ្នាំ២០២៥ ខាងមុខនេះ កម្ពុជានឹងអាចទទួលបានជោគជ័យក្នុងផែនការបោសសម្អាតមីនឱ្យអស់ពីទឹកដី ដែលក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ដែលជាសេនាធិការតែមួយគត់ ក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួល វិស័យសកម្មភាពមីនទូទាំងប្រទេស ត្រូវការជាចាំបាច់នូវជំនួយពីមហាមិត្តចិន។

ក្នុងពិធីចុះអនុស្សរណៈនេះ ភាគីចិន បានប្រគល់នូវសម្ភារមួយចំនួន ជូនមកអាជ្ញាធរមីន ដើម្បីចាត់ចែង និងបម្រើក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រួមមាន តង់ ៣០០ គ្រឿង ម៉ាស៊ីនរាវមីន ៩០ គ្រឿង សម្ភារៈដោះមីន ៩០ គ្រឿង សម្ភារៈសុវត្ថិភាពដោះមីន ៩០ កំប្លេរ កុំព្យូទ័រយួរដៃ ២០ គ្រឿង និង Tablet ២០ គ្រឿង៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ