ព័ត៌មានជាតិ
អាជ្ញាធរខេត្តកែបសម្រេចឱ្យក្រុមហ៊ុនទម្លាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចេញ
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ អាចចាត់ទុកថា ជារឿងហួសចិត្តផង និងជាការភ្ញាក់ផ្អើលផង ដោយសារតែប៉ុន្មានថ្ងៃនេះផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរបានរីកដុះដាលយ៉ាងស្គុះស្គាយពាសពេញក្នុងភូមិសាស្រ្តក្រុងកែប ពិសេសចាប់ពីចំណុចរង្វង់មូលសេះស ដល់រង្វង់មូលផ្សារក្តាម តាមមាត់ឆ្នេរ និងកន្លែងជាច្រើនទៀត គឺមានការដាក់តាំងតាមបង្គោលភ្លើងរាប់រាយ ឬអាចរាប់ពាន់ផ្ទាំងប៉ាណូយ៉ាងមានរបៀបរៀបរយគួរឲ្យចង់គយគន់ ដើម្បីបង្ហាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ អំពីសមិទ្ធផលថ្មីៗ ក្នុងរជ្ជកាលដឹកនាំដោយឯកឧត្តម សោម ពិសិដ្ឋ ជាអភិបាលខេត្តកែប។

ការដាក់តាំងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ចកម្មស្រាបៀរដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ បានធ្វើឲ្យមហាជន និងភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនសំដែងការហួសចិត្តផង និងមានការភ្ញាក់ផ្អើលផងមិនដឹងថា តើទីក្រុងកែប ជាទីក្រុងទេសចរណ៍ធម្មជាតិ ឬជាទីក្រុងស្រាបៀរ..? រហូតមានការផ្ទុះរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុក facebook ជាច្រើន។

ពាក់ព័ន្ធការតាំងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរខាងលើនេះដែរ គណនេយ្យហ្វេសប៊ុកឈ្មោះ (រាជសីហ៍ ឆ្នាំថ្មី) បានសរសេរថា សួនផ្កាក្រៀមៗអស់ហើយ ស្រស់ខ្ចីតែស្លាកប៉ាណូស្រាបៀរ ជួយដាស់តឿនគ្នាកែលម្អតុបតែងតាមដងផ្លូវផង ហើយនេះក៏បញ្ជាក់ពីភាពថ្លៃថ្នូររបស់សង្គមរួមរបស់ពួកយើង។ បរទេសមកលេងជិះតាមដងផ្លូវ ឃើញតែស្លាកស្រាបៀរ ខណៈស្រុកគេក៏លក់ដូចគ្នា តែមិនបិទផ្សាយច្បាស់ៗគ្រប់កន្លែងចឹងទេ។ ចំណែកគណនេយ្យហ្វេសប៊ុកឈ្មោះ (ថារ៉ា ខ្មែរ មហានគរ) បានសរសេរថា «រឿងសង្គមជាតិត្រូវការមនុស្សរស់នៅក្នុងសង្គម បើអ្នកមិនព្រមនិយាយ អ្នកមិនសមជាមនុស្សរស់នៅក្នុងសង្គមនេះទេ។ ខ្ញុំជាពលរដ្ឋមិនគាំទ្រឱ្យលើកផ្ទាំងស្រាបៀរតាមដងផ្លូវឡើយ មើលទៅមិនថ្លៃថ្នូរសោះ ថែមទាំងបានភ្ជាប់នូវពាក្យពេចន៍លើរូបភាពថា គ្រឿងស្រវឹង ជាឃាតករដ៏កាចសាហាវ ប៉ុន្តែគ្រឿងស្រវឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ»។ រីឯគណនេយ្យហ្វេសប៊ុកឈ្មោះ (Vann Vin) បានសរសេរថា «សង្ឃឹមថាខេត្តកែបជាគំរូអាក្រក់ដល់ខេត្ត ឃុំ ភូមិដទៃនៃព្រះរាជាណាចក្រកម្ពុជាទៅចុះ»។

បើតាមលិខិតលេខ ១៨៣/២៣ សជណ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកែប មានចុះហត្ថលេខាដោយ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ជម្រាបជូន លោកស្រីនាយិកាក្រុមហ៊ុន MADAM B BOOKING MEDIA CO LTD ការដាក់តាំងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនេះ គឺមានសុពលភាពរយៈពេលដល់ទៅ០៧ (ប្រាំពីរ) ឆ្នាំឯណោះ។
លិខិតដដែលបញ្ជាក់ថា យោងសំណើចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមហ៊ុន MADAM B BOOKING MEDIA CO.LTD និងការចាំបាច់របស់រដ្ឋបាលខេត្តកែប ដើម្បីជួយសម្រួលដល់ក្រុមហ៊ុន MADAM B BOOKING MEDIA CO.LTD ដែលមានស្នាដៃបានចូលរួមចំណែកកែលម្អសោភ័ណភាពរដ្ឋបាលខេត្ត ជាពិសេសបានចូលរួមក្នុងព្រឹត្តិការណ៍រៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប រដ្ឋបាលខេត្តបានសម្រេច និងសូមណែនាំដូចខាងក្រោម៖

_ឯកភាពជាគោលការណ៍ជូនក្រុមហ៊ុន MADAM B BOOKING MEDIA CO.LTD ដំឡើងរបាកាត់ទទឹងផ្លូវផ្សព្វផ្សាយពាណិជ្ជកម្មចំនួន០២ទីតាំង និងលើបង្គោលភ្លើងក្នុងភូមិសាស្ត្រខេត្តកែប ដោយពុំមានការចំណាយផ្សេងៗប្រចាំឆ្នាំរយៈពេល០៧ (ប្រាំពីរ) ឆ្នាំ។
– ក្រុមហ៊ុនត្រូវសហការឱ្យបានល្អជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាថា រាល់ការដំឡើងស្លាកទាំងអស់បានត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស និងមានសុវត្ថិភាពខ្ពស់។– រាល់ខ្លឹមសារ អក្ខរាវិរុទ្ធ និងរូបភាព ដែលក្រុមហ៊ុនមានបំណងផ្សព្វផ្សាយ ត្រូវដាក់ជូនរដ្ឋបាលខេត្ត ពិនិត្យ និងសម្រេច។
– ក្នុងករណីដែលរដ្ឋបាលខេត្តមានតម្រូវការចាំបាច់ ក្រុមហ៊ុនត្រូវប្រគល់គ្រប់ទីតាំង និងបង្គោលផ្សព្វផ្សាយពាណិជ្ជកម្មជូនរដ្ឋបាលខេត្តប្រើប្រាស់តាមពេលវេលា និងតម្រូវការជាក់ស្តែង។
– ក្រុមហ៊ុនត្រូវទទួលខុសត្រូវ និងដោះស្រាយរាល់បញ្ហាគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ ឬបណ្តាលមកពីការដួលរលំផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន។
– ក្នុងករណីមានការប៉ះពាល់ដល់ការអភិវឌ្ឍន៍ខេត្តនាពេលអនាគត ក្រុមហ៊ុនត្រូវធ្វើការរុះរើ ឬប្តូរទីតាំងថ្មីដោយឥតលក្ខខណ្ឌ។
– លិខិតអនុញ្ញាតនេះ មានសុពលភាពរយៈពេល ០៧(ប្រាំពីរ)ឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
– ក្នុងករណីក្រុមហ៊ុន MADAM B BOOKING MEDIA CO.LTD អនុវត្តមិនបានត្រឹមត្រូវស្របតាមស្មារតីនៃសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តមានសិទ្ធិនិរាករណ៍មុនកាលបរិច្ឆេទកំណត់ដោយឥតលក្ខខណ្ឌ។

ប៉ុន្តែទោះយ៉ាងណា បន្ទាប់ពីផ្ទុះការរិះគន់ គេសង្កេតឃើញនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះមានមន្ត្រីអាជ្ញាធរ និងតំណាងក្រុមហ៊ុនបានធ្វើការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរទាំងនោះចេញវិញជាបណ្តើរៗហើយ ធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តកែប ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ បានសម្តែងការគាំទ្រ និងសង្ឃឹមថា ខេត្តដ៏តូចច្រឡឹងជាប់មាត់សមុទ្រ ដែលពោរពេញទៅដោយសក្ដានុពលផ្នែកវិស័យទេសចរណ៍ មានដូចជាឆ្នេរខ្សាច់ធម្មជាតិ និងកោះធម្មជាតិដ៏ស្រស់ស្អាតជាច្រើនកន្លែងមួយនេះនឹងមិនមានការដាក់តាំងផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរតទៅទៀតឡើយ។

សូមរម្លឹកផងដែរថា ខេត្តកែប ត្រូវរាជរដ្ឋាភិបាលកម្ពុជាកំណត់ ជាតំបន់អេកូទេសចរណ៍បៃតងធម្មជាតិកម្រិតខ្ពស់ ដែលទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត និងសម្រាកលម្ហែកាយប្រកបដោយភាពពេញចិត្តបំផុត៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់