ព័ត៌មានជាតិ
បណ្ឌិត គី សេរីវឌ្ឍន៍ ៖ តាមរយៈឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជន នឹងឲ្យប្រជាជនកម្ពុជា-ចិន កាន់តែចុះសម្រុងគ្នាផ្នែកវប្បធម៌
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា រំពឹងទុកថា តាមរយៈព្រឹត្តិការណ៍ឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ នឹងឲ្យប្រជាជន នៃប្រទេសទាំងពីរ កាន់តែចុះសម្រុងគ្នាផ្នែកវប្បធម៌ ហើយរំពឹងថា កម្ពុជា នឹងអាចនាំចេញកសិផលទៅកាន់ប្រទេសចិន បន្ថែមទៀត។
ជួបជាមួយ កម្ពុជាថ្មី ក្នុងកម្មវិធីវេទិកាអ្នកជំនាញ ក្រោមប្រធានបទ «២០២៤ ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន នឹងហុចផ្លែផ្កាអ្វីខ្លះដល់ប្រទេសទាំងពីរ?» កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា រំពឹងទុកថា ប្រសិនបើទំនាក់ទំនងប្រជាជន និងប្រជាជន កម្ពុជា-ចិន កាន់តែរឹងមាំ ល្អប្រសើរ អ្វីដែល កម្ពុជា ទទួលបានផលប្រយោជន៍នោះ គេហៅថា «ការចុះសម្រុងផ្នែកវប្បធម៌»។ កន្លងមក នៅពេលប្រជាជនចិន ចូលមកប្រទេសកម្ពុជា គឺមិនសូវចុះសម្រុងវប្បធម៌គ្នាទេ ដោយរបៀបរបប នៃការរស់នៅតែងតែប្រទាក់ប្រទើសគ្នា ធ្វើឲ្យអារម្មណ៍ប្រជាជនកម្ពុជាមិនសូវជាសប្បាយចិត្តទេ។
លោកបន្ថែមថា «អញ្ចឹងនៅពេលដែលយើងធ្វើកម្មវិធីប្រជាជន និងប្រជាជន មានន័យថា ឲ្យប្រជាជនគាត់យល់ពីគ្នាទៅវិញទៅមក ពេលនោះការធ្វើឲ្យវប្បធម៌ចុះសម្រុងគ្នា ក្លាយទៅជាបងប្អូនពិតប្រាកដ។ អញ្ចឹង កាលណាបងប្អូនពិតប្រាកដ ស្រលាញ់គ្នាដោយបេះដូង និងបេះដូង មានផលប្រយោជន៍ច្រើន»។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បញ្ជាក់ថា ផលប្រយោជន៍ដែលទទួលបានពី «ការចុះសម្រុងផ្នែកវប្បធម៌» រួមមាន ៖ ទី១-ចិន គឺជាប្រទេសមានទីផ្សារដ៏ធំ ដូច្នេះនឹងឈានទៅរកការបើកទីផ្សារឲ្យ កម្ពុជា នូវកសិផលមួយចំនួនដែលកន្លងមកជាប់គាំង។ ឧទាហរណ៍ ៖ «ស្វាយយើងនាំចេញទៅអត់បាន អញ្ចឹងនៅពេលដែលប្រជាជន និងប្រជាជនយល់គ្នាមែនទែនទៅ យើងរំពឹងថា យើងអាចនាំចេញកសិផលយើង ជួយកសិករយើងឲ្យបានកាន់តែប្រសើរ»។ ដូច្នេះ គោលនយោបាយដែលរាជរដ្ឋាភិបាលធ្វើ ជាគោលនយោបាយប្រជាជន គឺជួយឲ្យប្រជាជនកម្ពុជា ចាប់ផ្ដើមមានទីផ្សារក្នុងការដាំដុះកសិផលរបស់ខ្លួន។
ទី២-កម្ពុជា ក៏អាចនឹងទាក់ទាញនូវការផ្លាស់ប្ដូរ នៃវិស័យអប់រំ ដោយ លោកបណ្ឌិត ក៏បានបញ្ជាក់ថា «អញ្ចឹងយើងដឹងថា ប្រទេសចិន ដែលយើងឃើញបច្ចុប្បន្ននេះថា ចិន ហាក់ដូចជាទើបតែរីកចម្រើនក្រោយ ក៏ប៉ុន្តែ ខ្ញុំ សូមជម្រាបថា សាកលវិទ្យាល័យប៉េកាំងរបស់ចិនជាប់លំដាប់ថ្នាក់លេខ ៧ នៅលើសកលលោក និងសាកលវិទ្យាល័យឈីញហ្វា ជាសាកលវិទ្យាល័យធំលេខ ២ បន្ទាប់ពីប៉េកាំង ក៏ជាប់ចំណាត់ថ្នាក់លេខ ៩ នៅលើសកលលោកដែរ។ អញ្ចឹង ចិន បានពង្រឹងវិស័យអប់រំនេះខ្លាំង»។
លោកថា ដូច្នេះហើយ ប្រទេសចិន ក៏បានផ្ដល់អាហារូបករណ៍ដល់កូនសិស្សខ្មែរឲ្យទៅរៀននៅទីនោះដែរ មានន័យថា ការកសាងធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ វិទ្យាសាស្ត្រពិតប្រាកដ គឺ កម្ពុជា អាចទទួលបានផលប្រយោជន៍ជាច្រើន។ ក្នុងនោះ លោកបណ្ឌិត ក៏បានជួបនិស្សិតខ្មែររៀននៅសាកលវិទ្យាល័យប៉េកាំង និងសាកលវិទ្យាល័យ ឈីញហ្វា ជាច្រើន ដែលពួកគាត់មានចំណេះដឹងជ្រៅជ្រះ ហើយកំពុងតែសិក្សាថ្នាក់បណ្ឌិតនៅទីនោះទៀតផង។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏រំពឹងថា និស្សិតខ្មែរ ដែលរៀននៅសាកលវិទ្យាល័យធំៗ របស់ប្រទេសចិន នឹងបញ្ចប់ការសិក្សាបានជោគជ័យ ហើយត្រឡប់មកវិញជួយបំពេញការងារនៅប្រទេសកម្ពុជា ដើម្បីជួយជំរុញការអភិវឌ្ឍ។
ទន្ទឹមនោះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានលើកឡើងបន្ថែមថា ចំពោះផលប្រយោជន៍ដែល កម្ពុជា រំពឹងទុក រវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន គឺ «វិស័យសុខាភិបាល»។ កន្លងមក នៅប្រទេសកម្ពុជា មិនសូវចាប់អារម្មណ៍ទៅរកវិស័យសុខាភិបាលនៅប្រទេសចិនទេ ប៉ុន្តែ លោកបណ្ឌិត បញ្ជាក់ថា អតីតព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ តែងយាងទៅព្យាបាលជំងឺនៅទីក្រុងប៉េកាំង។ មានន័យថា សម្ដេច ឲ្យតម្លៃទៅលើវិទ្យាសាស្ត្រសុខាភិបាលនៅប្រទេសចិនខ្លាំងណាស់។ ដូច្នេះសង្ឃឹមថា បន្តមកទៀត ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន អាចផ្ដល់ឲ្យមានការរៀនសូត្រ ដូរបទពិសោធន៍ និងការគាំទ្រលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ ជាពិសេស កម្ពុជា ក៏អាចទៅធ្វើការប្រឹក្សាយោបល់អំពីសុខភាពនៅប្រទេសចិន ហើយ ចិន ក៏អាចនឹងជួយវិស័យសុខាភិបាលនៅប្រទេសកម្ពុជា ហើយនឹងជួយពង្រីកឲ្យកាន់តែល្អប្រសើរ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ សង្កត់ធ្ងន់ថា ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន នឹងជួយឲ្យវិស័យអប់រំ សុខាភិបាល ឆ្លើយតបជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដែលដាក់មូលធនមនុស្សជាស្នូលនៅក្នុងការអភិវឌ្ឍ។ ទាំងនេះគឺជាអ្វីដែល កម្ពុជា បានរំពឹងទុក ហើយ រាជរដ្ឋាភិបាល បង្កើតឲ្យឆ្នាំ ២០២៤ ទៅជាឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន៕
អត្ថបទ ៖ ពិសី
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច