ព័ត៌មានជាតិ
តើកម្ពុជា អាចសម្រេចមហិច្ឆតាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ឬទេ?
កម្ពុជា មានចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ តើកម្ពុជា អាចសម្រេចមហិច្ឆតានេះបានដោយរបៀបណា?

យោងតាមវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) បានបង្ហាញថា ដើម្បីផ្លាស់ប្ដូរឋានៈកម្ពុជា ពីប្រទេសមានចំណូល មធ្យមកម្រិតទាប (LMIC) ទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ (UMIC) ចំណូលសម្រាប់ពលរដ្ឋកម្ពុជាម្នាក់ៗ (GNI per capita of current US$) ត្រូវកើនឡើងពីកម្រិតបច្ចុប្បន្នចំនួន ១ ៩១៧ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៣ ទៅយ៉ាងហោចណាស់ចំនួន ៤.០៤៦ដុល្លារ ក្នុងឆ្នាំ២០៣០ (យោងតាមចំណាត់ថ្នាក់របស់ធនាគារពិភពលោកឆ្នាំ២០២២)។
មុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ អត្រាកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ បានធ្វើឱ្យចក្ខុវិស័យសម្រាប់ឋានៈជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ ជាគោលដៅដែលអាចសម្រេចបាន។ ជាអកុសលសេដ្ឋកិច្ចកម្ពុជា ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមានកំណើនអតិផរណា និងអស្ថិរភាពភូមិសាស្ត្រនយោបាយ។
មុននឹងការមកដល់នៃជំងឺរាតត្បាត ការធ្វើពិពិធកម្ម សេដ្ឋកិច្ចមានកម្រិតរបស់កម្ពុជា មិនបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់សន្ទុះលឿននៃកំណើននោះទេ ប៉ុន្តែវាប៉ះពាល់ដល់ព្រំដែន បរិយាបន្ន ទៅលើអ្នកដែលចូលរួមចំណែកក្នុងកំណើននោះ ។ នៅចន្លោះឆ្នាំ២០១០ និង២០១៩ ប្រទេសកម្ពុជាបានឆ្លងកាត់បរិវត្តកម្មរចនាសម្ព័ន្ធ ដែលពាក់ព័ន្ធនឹងការធ្វើចំណាកស្រុក ពីជនបទទៅទីក្រុង ពីព្រោះកម្លាំងពលកម្ម បានផ្លាស់ប្តូរពីរកសិកម្ម ទៅឧស្សាហកម្ម និងសេវាកម្មវិញ។ ទោះជាយ៉ាងនេះក្តីបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចទាំងនេះ ប្រហែលជាឈានដល់ដែនកំណត់ហើយ។ ការពឹងផ្អែកទៅលើការបង្កើតផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់លើវិស័យតែមួយចំនួន បានជួយបង្កើនផលិតភាពបណ្តោះអាសន្ន ដែលមិនមាននិរន្តរភាពរយៈពេលវែង។ ដូច្នេះនាពេលអនាគត កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវកើតចេញពីការធ្វើពិពិធកម្មក្នុងរង្វង់វិស័យនានា ដែលតម្រូវឱ្យមានការផ្លាស់ប្តូរទៅការផលិត និងសេវាកម្ម ដែលផ្តល់តម្លៃបន្ថែមខ្ពស់លើគ្រប់វិស័យ។
ជាញឹកញាប់ ការធ្វើពិពិធកម្មប្រភេទនេះ ត្រូវបានហៅថា ការផ្លាស់ប្ដូរខ្សែចង្វាក់តម្លៃ នៅក្នុងវិស័យកម្មន្តសាល ការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃតម្រូវឱ្យមានការចូលរួមកាន់តែច្រើននៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលកម្ពុជាបានចាប់ផ្ដើមធ្វើរួចមកហើយ ប៉ុន្តែត្រូវចូលរួមឱ្យបានកាន់តែខ្លាំងថែមទៀត។
បរិវត្តកម្មរចនាសម្ព័ន្ធប្រភេទថ្មីនេះ នឹងតម្រូវឱ្យមានដំណោះស្រាយ ចំពោះឧបសគ្គទាក់ទងនឹងមូលធនមនុស្ស ថ្លៃដើមអាជីវកម្ម ព្រមទាំងគុណភាពស្ថាប័ន និងអភិបាលកិច្ច។

វិទ្យាស្ថាន CDRI បានធ្វើសិក្ខាសាលាពិគ្រោះយោបល់ និងការវិភាគជាបឋម ជាមួយភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ ទាក់ទងនឹងការស្រាវជ្រាវរបស់ខ្លួននាពេលកន្លងមក ស្តីពីចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០។ លទ្ធផលបានបង្ហាញឱ្យឃើញថា ការសម្រេចបាននូវគោលដៅឆ្នាំ២០៣០ គឺជាកិច្ចការប្រកបដោយមហិច្ឆតាមួយ ក្នុងពេលដែលមានបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួលយ៉ាងរហ័សនៃបរិយាកាសសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ ការសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ គឺទាមទារឱ្យមានការធ្វើកំណែទម្រង់ស៊ីជម្រៅជាច្រើន ដើម្បីដោះស្រាយឧបសគ្គធំៗ ដែលរារាំងដល់កំណើន និងការអភិវឌ្ឍរយៈពេលវែង។
ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៣០គោលដៅទីមួយយ៉ាងពិតប្រាកដនិងប្រកបដោយនិរន្តរភាព កម្ពុជាមិនត្រូវគិតត្រឹមតែធ្វើយ៉ាងណា ឱ្យមានកំណើនសេដ្ឋកិច្ចនោះទេ។ ផ្ទុយទៅវិញ កម្ពុជាត្រូវតែធានាថា កំណើននោះគឺប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន ការផ្ដល់អាទិភាពលើគោលនយោបាយ ដែលរួមបញ្ចូលទាំងស្ត្រីនិងជនពិការ តាមរយៈការប្រយុទ្ធប្រឆាំងនឹងការរើសអើងក្នុងការជ្រើសរើសបុគ្គលិក និងការដំឡើងតួនាទីតាមរយៈការផ្ដល់ប្រាក់ឧបត្ថម្ភថែទាំកុមារ និងការធានាបាននូវ ប្រាក់ឈ្នួលខ្ពស់ និងសន្តិសុខនៅកន្លែងធ្វើការនឹងធ្វើឱ្យកម្លាំងពលកម្មរបស់ប្រទេសកម្ពុជា មានភាពរឹងមាំនាពេលអនាគត។ គោលដៅទីពីរ កម្ពុជាមិន ត្រូវផ្ដល់អាទិភាព ចំពោះតែការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែត្រូវកសាងមូលដ្ឋានគ្រឹះរបស់ខ្លួន សម្រាប់វឌ្ឍនភាពនាពេល អនាគត ឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។
ការគិតគូរបែបនេះ នឹងនាំឱ្យប្រទេសកម្ពុជាជៀសផុតពីអន្ទាក់ នៃប្រទេសមានចំណូលមធ្យម ដែលប្រទេសជាច្រើន ជុំវិញពិភពលោក ធ្លាប់បានជួបប្រទះ។ គោលដៅទាំងពីរនេះ ក៏នឹងតម្រូវឱ្យមានការយកចិត្តទុកដាក់ជានិច្ច ក្នុងការពង្រឹងមូលដ្ឋានគ្រឹះនៃមូលធនមនុស្សនិងស្ថាប័នប្រកបដោយនិរន្តរភាព ដែលគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែង។
តាមការព្យាករណ៍សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ រំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុង រង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាមេរិក។ ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២ ០៧១ ដុល្លារ អាមេរិក បើប្រៀបធៀបនឹង១ ៩១៧ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤៕



-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?