ព័ត៌មានជាតិ
ឆ្នាំ២០២៣ បញ្ហាប្រឈមនឹងការផ្ដល់សេវាអត្តសញ្ញាណកម្ម ១៦០ករណីត្រូវបានដោះស្រាយ
ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដោះស្រាយបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងការផ្ដល់សេវាអត្តសញ្ញាណកម្មចំនួន ១៦០ករណី។ នេះបើតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម។

លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសម្រេចលទ្ធផលការងារមួយចំនួន ជាអាទិ៍៖ ក្រុមការងារ បានឆ្លើយតបទៅនឹងសំណួរ ចម្ងល់ និងសំណូមពររបស់ប្រជាពលរដ្ឋចំនួន៩ ៣០១ករណី និងបានដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធការផ្តល់សេវាអត្តសញ្ញាណកម្មចំនួន១៦០ករណី ដែលក្នុងនោះ ក្រុមប្រចាំការសេវាអត្តសញ្ញាណកម្ម បានដោះស្រាយ និងឆ្លើយតបបញ្ហានៅលើទំព័រហ្វេសប៊ុកផេករបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន ៥៧ករណី។
ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងសំណួរ ចម្ងល់ និងសំណូមពររបស់ប្រជាពលរដ្ឋ គឺភាគច្រើនលើការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានចំនួន៤ ៤៨៧ករណី ការងារអត្រានុកូលដ្ឋានចំនួន២ ៦៨២ករណី ការងារលិខិតឆ្លងដែន មានចំនួន១ ៤១៣ករណី និងការងារស្ថិតិប្រជាពលរដ្ឋ មានចំនួន៧១៩ករណី។

លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករងនៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម គូសបញ្ជាក់ថា បញ្ហាទាំងនេះ ត្រូវបានឆ្លើយតប និងដោះស្រាយ តាមរយៈយន្តការមួយចំនួន ដែលបានបង្កើតឡើងដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ បើតាមលោកអគ្គនាយករងរូបនេះ យន្តការដោះស្រាយរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាពេលបច្ចុប្បន្ននេះ គឺតាមរយៈលេខទូរស័ព្ទប្រចាំការ ១២៧១ ឬ ០១៧ ៨៩៨ ៩១៥ ដែលអាចខលចូលរាល់ម៉ោងធ្វើការពីថ្ងៃច័ន្ទ ដល់សុក្រ ដោយឥតគិតថ្លៃសេវាគ្រប់ប្រព័ន្ធទូរស័ព្ទ កម្មវិធី (App GDI eServices) និងតាមរយៈ ប្រអប់សារ (Inbox) ឬ comment ចូលទំព័រហ្វេសប៊ុកផេកផ្លូវការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

លើសពីនេះ ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏មានប្រអប់សំបុត្រសេវាអត្តសញ្ញាណកម្ម ទទួលមតិ យោបល់ ពាក្យបណ្តឹងនានា ដែលបានដាក់នៅទីតាំងផ្តល់សេវាអត្តសញ្ញាណកម្មសំខាន់ៗជាច្រើនទីតាំង ព្រមទាំងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាដើម៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៦ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន