ព័ត៌មានជាតិ
សម្ដេច ឃួន សុដារី ស្នើ អូស្ត្រាលី គាំទ្រគោលដៅអភិវឌ្ឍន៍រដ្ឋសភាកម្ពុជា ទៅជា សភាឌីជីថល
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្នើ ប្រទេសអូស្ត្រាលី ជួយគាំទ្រដល់គោលដៅអភិវឌ្ឍន៍រដ្ឋសភាកម្ពុជា ទៅជាសភាឌីជីថល ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររដ្ឋសភា ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ ស្របតាមការរីកចម្រើនសម័យបច្ចេកវិទ្យា។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/photo_2024-01-23_12-22-16-1024x682.jpg)
ការស្នើនេះ ក្នុងឱកាស សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួលជួប លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/photo_2024-01-23_12-22-20-1024x682.jpg)
នាឱកាសនោះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើ ប្រទេសអូស្ត្រាលី ជួយគាំទ្រដល់គោលដៅអភិវឌ្ឍន៍រដ្ឋសភាកម្ពុជា ទៅជាសភាឌីជីថល ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររដ្ឋសភា ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ ស្របតាមការរីកចម្រើនសម័យបច្ចេកវិទ្យា។ បន្ថែមនោះ សម្ដេច ក៏បានស្នើ ប្រទេសអូស្ត្រាលី ជួយបណ្ដុះបណ្ដាលបច្ចេកវិទ្យា និងផ្ដល់អាហារូបករណ៍ ដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានទៅសិក្សានៅប្រទេសអូស្ត្រាលី។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/photo_2024-01-23_12-22-21-1024x682.jpg)
ក្នុងនាមរដ្ឋសភា សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានគាំទ្រចំពោះលទ្ធផលពិភាក្សាការងាររវាង លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី ជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ ក៏ដូចជាការប្ដេជ្ញាចិត្តយ៉ាងមុតមាំ នៃរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ សម្ដេច បានគូសបញ្ជាក់ថា ទំនាក់ទំនង នៃប្រទេសទាំងពីរ ជាទំនាក់ទំនងដ៏ល្អ ប្រែក្លាយពីមិត្តភាពដ៏ជិតស្និទ្ធ ជាដៃគូយុទ្ធសាស្ត្រឈរលើសាមគ្គីភាព មិត្តភាព ការស្មោះត្រង់ និងការយោគយល់គ្នា ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ ក៏ដូចជាការចូលរួមរក្សាការពារសុខសន្តិភាពក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
ទន្ទឹមនោះ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី ដែលតែងតែជួយគាំទ្រ កម្ពុជា គ្រប់កាលៈទេសៈ មានតាំងពីការស្វែងរកសន្តិភាព និងបានចូលរួមអភិវឌ្ឍន៍នៅកម្ពុជាយ៉ាងសកម្មលើគ្រប់វិស័យ ចាប់ពីឆ្នាំ ១៩៩៣ មក។
ជាមួយគ្នានេះដែរ លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អូស្ត្រាលី បានគាំទ្រចំពោះយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល អាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់សុខុមាលភាពពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ និងសមភាពយេនឌ័រ ធ្វើកំណែទម្រង់ និងអភិបាលកិច្ច ពង្រឹងវិស័យសន្តិសុខ និងការពារជាតិ ជាដើម។
លោកឯកអគ្គរដ្ឋទូត បានកោតសរសើរដល់ កម្ពុជា ដែលប្រែក្លាយពីប្រទេសធ្លាប់ទទួលកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ ១៩៩១ ជាប្រទេសបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ទៅចូលរួមថែរក្សាសុខសន្តិភាព នៅតាមប្រទេសជាច្រើន លើសកលលោកវិញ។
លោក Justin Kevin Whyatt ក៏បានគាំទ្រការលើកឡើងរបស់ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី និងគូសបញ្ជាក់ថា មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ដែលរដ្ឋាភិបាលអូស្ត្រាលី តែងតែផ្ដល់ជូនកម្ពុជា ជារៀងរាល់ឆ្នាំ។ ដូចគ្នានេះ អាហារូបករណ៍ឆ្នាំ ២០២៥ នឹងប្រកាសជាផ្លូវការ នាពេលខាងមុខ ស្ថានទូតអូស្ត្រាលីប្រចាំនៅភ្នំពេញ នឹងរង់ចាំធ្វើកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។ លើសពីនេះទៀត លោក បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អ នៃរដ្ឋសភាប្រទេសទាំងពីរ ដែលគាំទ្រគ្នាទៅវិញទៅមក នៅតាមវេទិកាអន្តរសភានានា ក្នុងនោះ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ធ្លាប់អញ្ជើញទៅចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេសអូស្ត្រាលី ហើយថ្នាក់ដឹកនាំសភាអូស្ត្រាលី ក៏ធ្លាប់មកចូលរួមកិច្ចប្រជុំនៅកម្ពុជាផងដែរ៕
អត្ថបទ ៖ ពិសី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត