Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទាមទារឱ្យដោះស្រាយបណ្ដឹងពលករ ឆ្លងកាត់ព្រំដែន ត្រូវមានប្រព័ន្ធឆ្លើយតបបន្ទាន់

បានផុស

នៅ

លោក សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញចូល​របស់​ពលករ​ខ្មែរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាមទារ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បណ្ដឹង​តវ៉ា​ពលករ​ខ្មែរ​ឆ្លងកាត់​ព្រំដែន ត្រូវ​មាន​ប្រព័ន្ធ​ឆ្លើយតប​ជាបន្ទាន់។ បន្ថែម​នោះ អាជ្ញាធរ​ខេត្ត​កោះកុង និង​អង្គភាព​មន្ទីរ សមត្ថកិច្ច​ជំនាញ​នៅ​តាម​ព្រំដែន​អន្តរជាតិ​ចាំ​យាម ត្រូវ​បន្ត​ចូលរួម​យ៉ាងសកម្ម ធ្វើ​យ៉ាងណា​ក្ដោបក្ដាប់​ព័ត៌មាន និង​ជួយ​សម្របសម្រួល​ដំណើរ​ចេញ​ចូល​របស់​ពលករ និង​ដោះស្រាយ​រាល់​បណ្ដឹង​តវ៉ា​ផ្សេងៗ ឱ្យ​បាន​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ទាមទារ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បណ្ដឹង​តវ៉ា​ពលករ​ខ្មែរ​ឆ្លងកាត់​ព្រំដែន​នេះ ខណៈ លោក សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញចូល​របស់​ពលករ​ខ្មែរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ដំណើរ​ចេញចូល​ពលករ​នៅ​ខេត្ត​កោះកុង នា​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ចាំ​យាម នៅ​ថ្ងៃ​ទី ២៣ ខែ​មករា ឆ្នាំ ២០២៤។

លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ពន្យល់​ដែរ​ថា រាល់​ការ​ទទួល និង​ដោះស្រាយ​បណ្ដឹង​តវ៉ា​នានា​របស់​ពលករ​ខ្មែរ​ពាក់ព័ន្ធ​នឹង​ដំណើរ​ឆ្លងកាត់​ព្រំដែន​រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ឆ្លើយតប​បន្ទាន់ ដើម្បី​សម្រួល​ដល់​ពលករ​អាច​ទំនាក់ទំនង និង​រាយការណ៍​ភាព​មិន​ប្រក្រតី​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ។ បន្ថែម​លើ​នេះ អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​តាមដាន​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ករណី​មាន​បណ្ដឹង​មិន​សុខចិត្ត​ពី​ពលករ ចុះ​ពិនិត្យ​សិក្សា និង​វាយតម្លៃ​អំពី​ស្ថានភាព នៃ​ការ​យក​កម្រៃ​ក្រៅផ្លូវការ​សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញចូល​នៅ​ច្រក​ទ្វារ​ព្រំដែន។

លោក សំរិទ្ធ ឌី ក៏​ណែនាំ​ដល់​គណៈកម្មការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញ​ចូល​របស់​ពលករ​ខ្មែរ​ខេត្ត​កោះកុង បាន​ដាក់​ចេញ​វិធានការ​ចុះ​ប្រតិបត្តិការ ឬ​ចេញ​សេចក្ដីណែនាំ ដើម្បី​លុបបំបាត់​ការ​យក​កម្រៃ​ក្រៅផ្លូវការ សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន សំដៅ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ចេញចូល​របស់​ពលករ​នៅ​តាម​ព្រំដែន។

ទាក់ទិន​បញ្ហា​ខាងលើ លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង លើក​ឡើង​ថា រាល់​ការ​មិន​សុខ​ចិត្ត​របស់​ពលករ​ចេញចូល​តាម​ព្រំដែន គឺ​ពួកគាត់​អាច​សរសេរ​ជា​លិខិត​ទិតៀន​ដាក់​ក្នុង​ប្រអប់​សំបុត្រ​អន្តោប្រវេសន៍ ឬ ប្ដឹង​ចូល​មក Hotline facebook Webpage របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។

លោកស្រី​អភិបាលខេត្ត​កោះកុង អះអាង​ថា អាជ្ញាធរ​ខេត្ត បាន​ចាត់វិធានការ និង​កំពុង​អនុវត្ត​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់ និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ រក្សា​បាន​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព។ ទោះ​យ៉ាងណា ក៏​តែង​តែ​មាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ ដោយ​នៅតែ​មាន​ការ​យក​កម្រៃ​ពី​ពលករ​តាមរយៈ​កម្មករ​បម្រើ​ការងារ​ឱ្យ​សមត្ថកិច្ច​ថៃ នាំ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ដល់​នគរបាល​អន្តោប្រវេសន៍​កម្ពុជា។ នៅ​មាន​មេខ្យល់​នាំ​ពលករ​គេចវេះ​ពី​សមត្ថកិច្ច ដើរ​វាង​ឆ្លងកាត់​តាម​ព្រៃភ្នំ​។ ចំពោះ​ពលករ​មួយ​ចំនួន ត្រូវ​បាន​ថៅកែ​ដក​ហូត​ឯកសារ​ធ្វើដំណើរ​រក្សាទុក និង​ពុំ​ទាន់​មាន​ក្រុមហ៊ុន​ទទួលខុសត្រូវ​នាំ​ពលករ​ទៅ​ធ្វើការ​ស្រប​ច្បាប់។ ចំណែក​ឯ​នៅ​លើ​ផ្ទៃ​សមុទ្រ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង​លាតសន្ធឹង​ជាង ២០០ គីឡូម៉ែត្រ មាន​ជួប​ការ​លំបាក​ក្នុង​ការ​ត្រួតពិនិត្យ និង​ខ្វះ​មធ្យោបាយ​ទៀត​ផង។

ជាមួយគ្នា​នោះ លោកស្រី មិថុនា ភូថង ក៏​ជំរុញ​ឱ្យ​មាន​ការ​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ពលករ​ខ្មែរ ពេល​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេសជិតខាង សូម​ប្រើប្រាស់​ឯកសារ​ឆ្លងដែន​តាម​កិច្ចព្រមព្រៀង នៃ​ប្រទេស​ទាំងពីរ ដូចជា ៖ លិខិតឆ្លងដែន លិខិត​ធ្វើដំណើរ​ពលករ ឬ ប័ណ្ណ​ព្រំដែន ដែល​ចេញ​ដោយ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច តាម​កិច្ចព្រមព្រៀង នៃ​ប្រទេស​ទាំងពីរ ជៀសវាង​ជឿ​តាម​មេខ្យល់​នាំ​ដើរ​គេចវេះ​តាម​ព្រៃភ្នំ ឬ​ទៅតាម​ផ្លូវទឹក អាច​នាំ​ឱ្យ​ជួប​គ្រោះថ្នាក់​ឧប្បត្តិហេតុ​ចៃដន្យ​ណាមួយ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ នាទីutes មុន

ម៉ាដាម Pang ជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ រស់នៅក្រោមគំនរទ្រព្យដ៏មហាសាល

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រសួងមហាផ្ទៃ នឹងពង្រឹងតួនាទីរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ព័ត៌មានជាតិ៤៩ នាទីutes មុន

ឆ្នាំ ២០២៤ ទឹកជំនន់ និងជំនន់ទឹកភ្លៀង មានមនុស្សស្លាប់-របួស ជិត ៣០ នាក់ ប៉ះពាល់សន្ទូង និងដំណាំរួមផ្សំ ជាង ៦ ម៉ឺនហិតា

សេដ្ឋកិច្ច៥៣ នាទីutes មុន

ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍វិនិយោគលើវិស័យថាមពល និងទេសចរណ៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ឥណ្ឌូណេស៊ី ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កាតា សង់​ផ្ទះ​ធូរ​ថ្លៃ​ឲ្យ​ប្រជាជន​ចំំនួន​១​លាន​ខ្នង

ព័ត៌មានជាតិ១៦ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៦ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

Sokha Hotels

ព័ត៌មានពេញនិយម