ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ និន្នាការកើនឡើង ទណ្ឌកម្មសេដ្ឋកិច្ច ក្រោមហេតុផលប្រជាធិបតេយ្យ ជាលេសលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋដទៃ
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍លើកឡើងពីការ ព្រួយបារម្ភអំពីនិន្នាការកើនឡើងនៃការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលសម្ដេចអះអាងថា គឺជាលេសសម្រាប់ប្រទេសមហាអំណាចមួយចំនួនលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយចំនួនដែលទន់ខ្សោយ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងកិច្ចពិភាក្សាតុមូលអន្តរគណបក្ស ក្រោមប្រធានបទ «តួនាទីគណបក្សនយោបាយរុស្ស៊ី និងបណ្ដាប្រទេសអាស៊ានក្នុងការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយយុត្តិធម៌ តាមប្រព័ន្ធអនឡាញ» នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពិភពលោកបានឈានដល់របត់ផុយស្រួយ មិនធ្លាប់មាននាប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ ដែលមានការផ្ទុះឡើងវិញនូវជម្លោះប្រដាប់អាវុធ និងអស្ថិរភាពនៅតាមតំបន់មួយចំនួន បង្កជាវិនាសកម្ម និងការបាត់បង់ជីវិតជនស្លូតត្រង់ជាច្រើន។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច បានបង្កការព្រួយបារម្ភ ដល់ប្រទេសជាច្រើននៅក្នុងពិភពលោក ដែលសុទ្ធតែមិនចង់ឃើញការប្រកួតប្រជែងមួយនេះ ដែលនាំទៅដល់ល្បែងផលបូកស្មើសូន្យនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បាននាំឱ្យមានឯកតោភាគីនិយម និងជាតិនិយម តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រការកាត់ផ្ដាច់ពីគ្នា ជាជាងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដែលបានធ្វើឱ្យរង្គោះរង្គើទៅដល់គុណតម្លៃនានា នៃសណ្ដាប់ធ្នាប់អន្តរជាតិ ដែលមានធម្មនុញ្ញអង្គការសហប្រជាជាតិជាស្នូល។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការប្រកាន់យកនូវយុទ្ធសាស្ត្រ បានបង្កឱ្យមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរទៅលើការជឿទុកចិត្តជាយុទ្ធសាស្ត្ររវាងប្រទេសមហាអំណាច ដែលជាកត្តា ធ្វើឱ្យរាំងស្ទះទៅដល់ការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាប្រឈមសកល ដែលជាប្រយោជន៍ និងកង្វល់រួមដូចជាការរីករាលដាលនៃជំងឺឆ្លង ការប្រែប្រួលអាកាសធាតុ និងបញ្ហាសន្តិសុខ មិនប្រពៃណីជាច្រើន។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា អាស៊ានបានក្លាយទៅជាទីលានប្រកួតប្រជែងដ៍ក្ដៅគកុករវាងមហាអំណាច ដោយវេទិកា ដឹកនាំដោយអាស៊ានត្រូវបានយកទៅប្រើប្រាស់ដោយរបៀបវារៈរៀងៗខ្លួន ដែលពេលខ្លះ មិនត្រឹមតែមិននបានរួមចំណែកទៅដល់ការសម្រេចបាននូវអាទិភាពអាស៊ានថែមទាំងធ្វើឱ្យបញ្ហាតំបន់មួយចំនួនកាន់តែលំបាក និងស្មុគស្មាញ។
សម្ដេចបញ្ជាក់ជាថ្មីថា៖ «យើងមិនចង់ជ្រើសរើសរវាងភាគីណាមួយឡើយ ដោយចាត់ទុកភាគីទាំងអស់ជាដៃគូមិនអាចខ្វះបានសម្រាប់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតំបន់ ដោយការប្រកាន់ភ្ជាប់នូវមជ្ឈភាពអាស៊ាន និងបម្រើប្រយោជន៍ឱ្យយើងទាំងអស់គ្នា រួមទាំងដៃគូ របស់អាស៊ានផងដែរ»។

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា ប្រវត្តិសាស្ត្របានបង្រៀនយើងច្រើនលើកច្រើនសារហើយថា ការជ្រៀតជ្រែក ហើយអាក្រក់ជាងនេះ ការប្រើប្រាស់មធ្យោបាយយោធា ដើម្បីបង្ខំឱ្យទទួលយកប្រព័ន្ធ អភិបាលកិច្ចណាមួយនោះ មិនមែនជាដំណោះស្រាយល្អនោះទេ កម្ពុជាធ្លាប់រងគ្រោះនូវសោកនាដកម្មនេះរួចហើយ។ ទង្វើទាំងអស់នេះ គឺផ្ទុយទៅនឹងអ្វីដែលប្រទេសមួយចំនួន តែងតែទាមទារឱ្យប្រកាន់ភ្ជាប់នូវសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។
ព្រោះថា ទង្វើទាំងអស់នេះ គឺជាការបំពាន ដែលជាគោលការណ៍គ្រឹះ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គឺអធិបតេយ្យ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិនានាទោះធំ ឬតូចក្ដី។
សម្ដេចបញ្ចាក់ថា កម្ពុជាប្ដេជ្ញាបន្តពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-រុស្ស៊ី ជាពិសេសអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ២០២១-២០២៥៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ