ព័ត៌មានជាតិ
ច្បាប់វិនិយោគថ្មីកំណត់ត្រឹម ២០ ថ្ងៃយ៉ាងយូរត្រូវចេញវិញ្ញាបនបត្រផ្តល់ភ្លើងខៀវសំណើវិនិយោគ
ច្បាប់វិនិយោគថ្មីដែលរដ្ឋាភិបាលប្រកាសដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ ២០២១ បានកំណត់ឲ្យស្ថាប័នពាក់ព័ន្ធត្រូវចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់អ្នកដាក់ពាក្យស្នើសុំគម្រោងវិនិយោគមិនឲ្យលើសពី ២០ ថ្ងៃនៃថ្ងៃធ្វើការ។

មាត្រា ១២ នៃច្បាប់វិនិយោគបានកំណត់យ៉ាងដូច្នេះថា «ប្រសិនបើគម្រោងវិនិយោគស្នើសុំមិនស្ថិតក្នុងបញ្ជីអវិជ្ជមានដែលត្រូវកំណត់ដោយឡែកក្នុងអនុក្រឹត្យ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាត្រូវចេញវិញ្ញាបនបត្រចុះបញ្ជីជូនអ្នកដាក់ពាក្យស្នើសុំក្នុងអំឡុងពេលមិនលើសពី ២០ (ម្ភៃ)ថ្ងៃនៃថ្ងៃធ្វើការ»។
វិញ្ញាបនបត្រចុះបញ្ជីមានភ្ជាប់នូវបារកូដដែលមានលេខសម្គាល់ ឬឃ្យូអរកូដ ឬប្រព័ន្ធបច្ចេកវិទ្យាដទៃទៀត ដែលផ្ទុកទិន្នន័យបឋមមួយចំនួនពាក់ព័ន្ធនឹងគម្រោងវិនិយោគដែលចុះបញ្ជី ដើម្បីជាប្រយោជន៍ដល់ការចុះបញ្ជីពាក់ព័ន្ធនានានិងសម្រាប់ការអនុវត្តគម្រោងវិនិយោគ។

ក្រោយគម្រោងស្នើសុំវិនិយោគទទួលបានវិញ្ញាបនបត្រចុះបញ្ជី អាចចាប់ផ្តើមអនុវត្តដោយស្វ័យប្រវត្តិ។ នេះបើតាមមាត្រា ១៣ នៃច្បាប់វិនិយោគ។
«កាលបរិច្ឆេទនៃការចេញវិញ្ញាបនបត្រចុះបញ្ជីជូនអ្នកដាក់ពាក្យសុំគឺជាកាលបរិច្ឆេទនៃការចាប់ផ្តើមអនុវត្តគម្រោង»។

យ៉ាងណាមិញ ទោះបីជាផុតរយៈពេល ២០ (ម្ភៃ) ថ្ងៃនៃថ្ងៃធ្វើការ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពមានសមត្ថកិច្ច ត្រូវតែផ្ដល់ការយល់ព្រម ការអនុញ្ញាត អាជ្ញាបណ្ណ តាមការកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
«ការយឺតយ៉ាវក្នុងការចេញលិខិតអនុញ្ញាតនានាពីក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពមានសមត្ថកិច្ចដោយគ្មានមូលហេតុសមរម្យ មិនត្រូវជាកម្មវត្ថុនៃការរាំងស្ទះដល់ដំណើរការអនុវត្តគម្រោងវិនិយោគនោះឡើយ»។
អនុលោមទៅតាមលក្ខខណ្ឌជាក់ស្ដែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មការធិការវិនិយោគរាជធានីខេត្តមានសិទិ្ធពន្យារពេលឬបដិសេធការចុះបញ្ជីដល់អ្នកដាក់ពាក្យសុំ ចំពោះគ្រប់សំណើសុំចុះបញ្ជីគម្រោងវិនិយោគ ដោយមានការជូនដំណឹងដល់អ្នកដាក់ពាក្យសុំជាលាយលក្ខណ៍អក្សរ ដោយបញ្ជាក់អំពីមូលហេតុច្បាស់លាស់ ក្រោមហេតុផលណាមួយដូចខាងក្រោម៖
១- សំណើសុំចុះបញ្ជីគម្រោងវិនិយោគមិនអនុលោមតាមនីតិវិធីនៃការចុះបញ្ជី ព្រមទាំងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ឬ
២- អ្នកដាក់ពាក្យសុំមិនបានផ្តល់ជូននូវព័ត៌មានគ្រប់គ្រាន់ ដែលតម្រូវដោយច្បាប់ឬអនុក្រឹត្យ។ ឬ
៣- គម្រោងដែលបានស្នើសុំមានវេទយិតភាពខ្ពស់ ដែលតម្រូវឱ្យមានការសុំយោបល់សម្រេចជាមុនពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ឬរាជរដ្ឋាភិបាល។
«ការជូនដំណឹងអំពីការពន្យារពេលការចុះបញ្ជីត្រូវបញ្ជាក់ឱ្យបានច្បាស់នូវចំណុចឬអំពីលក្ខខណ្ឌ និងអំពីថេរវេលាសម្រាប់អ្នកដាក់ពាក្យសុំត្រូវកែតម្រូវឬបំពេញ»។
ការទទួលបានវិញ្ញាបនបត្រចុះបញ្ជី ក៏មិនមែនជាការលើកលែងឱ្យគម្រោងវិនិយោគរួចផុតពីការទទួលលិខិតអនុញ្ញាត អាជ្ញាបណ្ណ ឬបញ្ចិកានានា ដែលតម្រូវដោយក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននោះដែរ។
ជាមួយគ្នានេះ ដើម្បីធានានូវអនុលោមភាពគតិយុត្ត និងលក្ខខណ្ឌនានាដែលជាមូលហេតុនៃការទទួលបានវិញ្ញាបនបត្រចុះបញ្ជី រាល់គម្រោងវិនិយោគត្រូវជាកម្មវត្ថុនៃការតាមដានជាប្រចាំ។
អ្នកអនុវត្តតម្រោងវិនិយោគ ត្រូវផ្តល់របាយការណ៍ស្តីពីការអនុវត្តគម្រោងវិនិយោគ ទៅតាមកាលវិភាគជាក់លាក់។ ការផ្តល់របាយការណ៍ស្តីពីការអនុវត្តគម្រោងវិនិយោគ ពុំមែនជាមូលដ្ឋាននៃការរួចផុតពីការពិនិត្យ អនុលោមភាពក្នុងការអនុវត្តគម្រោងនៅនឹងកន្លែងអនុវត្តគម្រោងទេ ប្រសិនបើក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាសន្មតថាមានភាពចាំបាច់ឬប្រសិនបើមានការតវ៉ាណាមួយពីបុគ្គលដែលអះអាងថាបានទទួលរងនូវផលប៉ះពាល់ពីការអនុវត្តគម្រោងវិនិយោគ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណៈកម្មការធិការវិនិយោគរាជធានីខេត្តមានកាតព្វកិច្ចចុះពិនិត្យការអនុវត្តគម្រោងវិនិយោគ ដើម្បីពិនិត្យអនុលោមភាពគតិយុត្ត និងការអនុវត្តកាតព្វកិច្ចនានា ដែលជាលក្ខខណ្ឌនៃការទទួលបានវិញ្ញាបនបត្រចុះបញ្ជី។
ការចុះពិនិត្យការអនុវត្តគម្រោងវិនិយោគជាក់ស្ដែង ត្រូវធ្វើឡើងជាទៀងទាត់ឬតាមការចាំបាច់ ដោយមានការជូនដំណឹងជាមុនទៅបុគ្គលពាក់ព័ន្ធនឹងការអនុវត្តគម្រោងវិនិយោគ លើកលែងតែក្នុងករណីសង្ស័យ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធអាចចុះត្រួតពិនិត្យដោយមិនចាំបាច់ជូនដំណឹងជាមុន។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាស្ថាប័នប្រតិបត្តិបំពេញមុខងារជាសេនាធិការនិងជាច្រកចេញចូលតែមួយលើបេសកកម្មដឹកនាំនិងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។
ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនវិនិយោគិនលើសំណើវិនិយោគ រដ្ឋាភិបាលក៏បានធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលរាជធានីខេត្តតាមរយៈអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្តក្នុងការផ្តល់សិទ្ធិអំណាចលើការសម្រេចអនុញ្ញាតិគម្រោងវិនិយោគជាក់លាក់ណាមួយដែលត្រូវកំណត់តាមអនុក្រឹត្យដាច់ដោយឡែក។
ក្រៅពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត សំណើសុំចុះបញ្ជីគម្រោងវិនិយោគក៏អាចធ្វើឡើងតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (CAM DX)៕

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?