ព័ត៌មានជាតិ
ឧស្សាហកម្មដំឡើងរថយន្តទទួលលើកទឹកចិត្តបន្ថយពន្ធដល់ ៩០% ជំរុញការវិនិយោគបន្ថែម
រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយលើកទឹកចិត្តការវិនិយោគផ្នែកឧស្សាហកម្ម ដែលមានសក្ដានុពលខ្ពស់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ក្នុងនោះគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ផ្នែកឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ ត្រូវបានលើកទឹកចិត្តផ្នែកពន្ធជាមូលដ្ឋានរួមទាំងការផ្តល់ការសម្របសម្រួល និងការលើកទឹកចិត្តជាច្រើនផ្សេងទៀត។
ឧស្សាហកម្មបង្គុំនិងដំឡើង ជាវិស័យមួយស្ថិតនៅក្នុងចំណោមវិស័យអាទិភាពទាំង ១៩ ដែលទទួលបានការលើកទឹកចិត្តសម្រាប់ជំរុញការវិនិយោគ។
ឧស្សាហកម្មផ្គុំដំឡើងរថយន្តមានសិទ្ធិទទួលបាននូវការលើកទឹកចិត្ត ក្រោមរូបភាពនៃការបញ្ចុះអត្រាពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ការនាំចូលគ្រឿងបង្គុំដំឡើងរថយន្តសម្រាប់បម្រើទីផ្សារក្នុងស្រុក។

លក្ខណៈវិនិច្ឆ័យអត្រាបញ្ចុះពន្ធសម្រាប់ឧស្សាហកម្មដំឡើងរថយន្ត ត្រូវបានអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
-ទទួលបានការលើកទឹកចិត្តបញ្ចុះអត្រាពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមចំនួន ៥០ ភាគរយ ចំពោះគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលប្រើប្រាស់គ្រឿងបង្គុំជាផលិតផលសម្រេចដែលមិនតម្រូវឱ្យមានដំណើការកែច្នៃបន្ថែមទៀត មានធាតុផ្សំក្នុងស្រុកយ៉ាងតិច ៣ ភាគរយ ហើយបំពេញបានលក្ខខណ្ឌ ២ ក្នុងចំណោមលក្ខខណ្ឌ ៣ ដូចជា៖ (១) ប្រើប្រាស់គ្រឿងបង្គុំចាប់ពី ៤០០ បំណែកឡើងទៅក្នុងរថយន្តមួយគ្រឿង (២) មានទុនវិនិយោគចាប់ពី ៥.០០០.០០០ (ប្រាំលាន) ដុល្លារអាម៉េរិកឡើងទៅ (៣) ប្រើប្រាស់កម្លាំងពលកម្មចាប់ពី ១៥០ នាក់ឡើង
-ទទួលបានការលើកទឹកចិត្តបញ្ចុះអត្រាពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមចំនួន ៧០ ភាគរយ ចំពោះគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលប្រើប្រាស់គ្រឿងបង្គុំជាផលិតផលសម្រេចមិនទាន់បាញ់ថ្នាំ មានធាតុផ្សំក្នុងស្រុកយ៉ាងតិច ៥ ភាគរយ ហើយបំពេញបានលក្ខខណ្ឌ ២ ក្នុងចំណោម លក្ខខណ្ឌ ៣ មាន៖ (១) ប្រើប្រាស់គ្រឿងបង្គុំចាប់ពី ៥០០ បំណែកឡើងទៅក្នុងរថយន្តមួយគ្រឿង (២) មានទុនវិនិយោគចាប់ពី ១៥.០០០.០០០ (ដប់ប្រាំលាន) ដុល្លារអាម៉េរិកឡើងទៅ ( ៣) ប្រើប្រាស់កម្លាំងពលកម្មចាប់ពី ៣០០ នាក់ឡើងទៅ។
-ទទួលបានការលើកទឹកចិត្តបញ្ចុះអត្រាពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមចំនួន ៨០ ភាគរយ ចំពោះគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលប្រើប្រាស់គ្រឿងបង្គុំមិនទាន់ផ្សារនិងបាញ់ថ្នាំមានធាតុផ្សំក្នុងស្រុកយ៉ាងតិច ២០ ភាគរយ ហើយបំពេញបានលក្ខខណ្ឌ ២ ក្នុងចំណោមលក្ខខណ្ឌ ៣ មាន៖ (១) ប្រើប្រាស់គ្រឿងបង្គុំចាប់ពី ៦០០ បំណែកឡើងទៅក្នុងរថយន្តមួយគ្រឿង (២) មានទុនវិនិយោគចាប់ពី ៣៥.០០០.០០០ (សាមសិបប្រាំលាន) ដុល្លារអាម៉េរិកឡើងទៅ (៣) ប្រើប្រាស់កម្លាំងពលកម្មចាប់ពី ៥០០នាក់ឡើងទៅ
-ទទួលបានការលើកទឹកចិត្តបញ្ចុះអត្រាពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ចំនួន ៩០ ភាគរយ ចំពោះគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលប្រើប្រាស់គ្រឿងបង្គុំមិនទាន់សង្កត់ពុម្ព ពត់ ផ្សារ និង បាញ់ថ្នាំ មានធាតុផ្សំក្នុងស្រុកយ៉ាងតិច ៤០ ភាគរយ ហើយបំពេញបានលក្ខខណ្ឌ ២ ក្នុងចំណោមលក្ខខណ្ឌ ៣ មាន៖ (១) ប្រើប្រាស់គ្រឿងបង្គុំចាប់ពី ៧០០ បំណែកឡើងទៅក្នុងរថយន្តមួយគ្រឿង (២) មានទុនវិនិយោគចាប់ពី ៤៥ ០០០ ០០០ (សែសិបប្រាំលាន) ដុល្លារអាម៉េរិកឡើងទៅ (៣) ប្រើប្រាស់កម្លាំងពលកម្មចាប់ពី ៦០០ នាក់ឡើងទៅ
កម្ពុជាបានដាក់ឲ្យប្រើប្រាស់ច្បាប់វិនិយោគថ្មីកាលពីឆ្នាំ២០២១ ក្នុងគោលបំណងបង្កើតក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព ដើម្បីទាក់ទាញការវិនិយោគក្នុងស្រុក។
ច្បាប់វិនិយោគមានវិសាលភាពអនុវត្តចំពោះរាល់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ “គ. ល. គ.” គម្រោងពង្រីកវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ” គ. ព. គ. ល. គ.” និងគម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានាលើការវិនិយោគ “គ.ធ.វ.” ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬនៅអនុគណ:កម្មាធិការវិនិយោគរាជធានីខេត្ត។
ច្បាប់នេះផ្តល់ការលើកទឹកចិត្តដល់ការវិនិយោគលើវិស័យនិងសកម្មភាពសំខាន់ៗ តាមរយៈយន្តការផ្តល់ការលើកលែងផ្នែកពន្ធជាមូលដ្ឋាន រួមទាំងការលើកទឹកចិត្តជាច្រើនផ្សេងទៀត។
វិស័យនិងសកម្មភាពវិនិយោគទាំង ១៩ ដែលទទួលបានការលើកទឹកចិត្តសម្រាប់ការវិនិយោគរួមមាន៖
១/ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវ និងអភិវឌ្ឍន៏
២/ ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗ ផ្តល់តម្លៃបន្ថែមខ្ពស់ មាននវានុវត្តន៍ និងភាពប្រកួតប្រជែងខ្ពស់
៣/ ឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់និងសកលលោក
៤/ ឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ កម្មន្តសាល ឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់និងសកលលោក និងឧស្សាហកម្មតភ្ជាប់បណ្ដាញផ្គត់ផ្គង់
៥/ ឧស្សាហកម្មគ្រឿងអគ្គិសនីនិងអេឡិចត្រូនិក
៦/ ឧស្សាហកម្មគ្រឿងបន្លាស់ បង្គុំ និងតម្លើង
៧/ ឧស្សាហកម្មមេកានិក និងគ្រឿងម៉ាស៊ីន
៨/ កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្មកែច្នៃ ចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុក ឬការនាំចេញ
៩/ សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព និងការអភិវឌ្ឍបណ្តំសហគ្រាសធុនតូច និងមធ្យម សួនឧស្សាហកម្ម និងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
១០/ ឧស្សាហកម្មទេសចរណ៍និងសកម្មភាពពាក់ព័ន្ធទេសចរណ៍
១១/ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស
១២/ ឧស្សាហកម្មឌីជីថល
១៣/ ការវិនិយោគក្នុងវិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការជំរុញផលិតភាព
១៤/ ការវិនិយោគក្នុងវិស័យសុខាភិបាល
១៥/ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
១៦/ វិនិយោគក្នុងវិស័យឡូជីស្ទីក
១៧/ ការវិនិយោគក្នុងការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រា
១៨/ ការវិនិយោគក្នុងវិស័យថាមពលបៃតង បច្ចេកវិទ្យាដែលរួមចំណែកដល់ការបន្សំ និង ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ
១៩/ វិស័យនិងសកម្មភាពវិនិយោគផ្សេងទៀត ដែលមិនមានចែងក្នុងច្បាប់នេះ ក្នុងករណី ដែលរាជរដ្ឋាភិបាលយល់ឃើញថាមានសក្តានុពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ក្រៅពីការលើកលែងកាត់បន្ថយផ្នែកពន្ធ ច្បាប់វិនិយោគថ្មីក៏សម្របសម្រួលដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនិងភាពទាក់ទាញរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច គាំទ្រនវានុវត្តន៍ និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល