ព័ត៌មានជាតិ
ចាប់ពីយប់នេះ នគរបាលរាជធានីភ្នំពេញ នឹងអនុវត្តច្បាប់ចរាចរណ៍តឹងរឹងបំផុត ហើយចល័តទីតាំងថែមទៀត
ចាប់ពីយប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤នេះតទៅ កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែម ក៏ដូចជាការត្រួតពិនិត្យគ្រឿងស្រវឹង ទៅលើអ្នកបើកបរ ហើយការរឹងបន្តឹង និងការត្រួតពិនិត្យនេះ នឹងត្រូវធ្វើឡើងដោយចល័តទីតាំងថែមទៀត។

ការចាប់ផ្ដើមរឹតបន្តឹងបន្ថែមនេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ២៣ ខែមករាកន្លងទៅនេះ បានណែនាំឲ្យលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពង្រឹងឡើងវិញនូវការត្រួតពិនិត្យគ្រឿងស្រវឹង ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងច្រើនជាបន្តបន្ទាប់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាការត្រួតពិនិត្យគ្រឿងស្រវឹងបន្ថែមទៀត ទៅលើអ្នកបើកបរ នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ចាប់ពីយប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤នេះតទៅ។
លោកបន្ថែមថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាការដាក់បទបញ្ជារបស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំង និងមធ្យោបាយសម្ភារៈផ្សេងៗ ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ នៅពេលយប់បន្ថែម ឲ្យមានប្រសិទ្ធភាពខ្ពស់។
អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា «ហើយអ្វីដែលយើងដាក់ចេញនូវគោលការណ៍ នូវផែនការច្បាស់លាស់ យើងនឹងធ្វើការអនុវត្តចាប់ពីរាត្រីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤នេះទៅហើយ ក្នុងនោះគឺថា យើងបានដាក់កម្លាំង និងដាក់មធ្យោបាយសម្ភារៈផ្សេងៗ ដើម្បីធ្វើការអនុវត្ត»។
ចំពោះការអនុវត្តចាប់ពីយប់នេះតទៅ គឺកម្លាំងនគរបាលទាំង ១៤ខណ្ឌ ក៏ចេញអនុវត្ត ហើយកម្លាំងនគរបាលការិយាល័យជំនាញ ក៏នឹងចេញអនុវត្តបន្ថែមដែរ ទៅតាមគោលដៅ និងភូមិសាស្រ្ដនៅទូទាំងរាជធានីភ្នំពេញ ដោយមិនបានកំណត់ពេលវេលាជាក់ឡើយ។ «ចឹងការអនុវត្តនេះ យើងដាក់ចល័ត មិនដាក់គោលដៅណាទៀងទាត់ទេ គឺយើងដាក់ចល័ត ចឹងកន្លែងណាដែលមានហានិភ័យបង្កគ្រោះថ្នាក់ចរាចរណ៍ យើងនឹងធ្វើការអនុវត្តជាក់ស្ដែង»។ នេះបើតាមអ្នកនាំពាក្យដដែល។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានគូសបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍ ចាប់ពីយប់នេះតទៅ គឺលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអនុវត្តយ៉ាងតឹងរឹង និងម៉ឺងម៉ាត់បំផុត ហើយគ្មានការយោគយល់អ្វីឡើយ។ ម្យ៉ាងទៀត ក៏មិនអនុញ្ញាតឲ្យមានការអន្តរាគមន៍ណាមួយដែរ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលជាអ្នកបើកបរទាំងអស់ សូមចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ហើយនៅពេលបើកបរកុំទទួលទានគ្រឿងស្រវឹង ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ទាំងអស់គ្នា៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក