ព័ត៌មានជាតិ
មកដឹងយុទ្ធសាស្រ្តការងារអាទិភាពក្រសួងចំនួន ៣ នៅរដ្ឋាភិបាលអាណត្តិថ្មីនេះ
រដ្ឋាភិបាលនីតិកាលទី ៧ បានផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំស្ទើរទាំងស្រុងតាមក្រសួង ដោយបញ្ចូលអ្នកបន្តវេនភាគច្រើនជាយុវជនដើម្បីកាន់ការងារដឹកនាំបន្ត។
នីតិកាលថ្មីនៃរដ្ឋសភាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ដើម្បីធានានូវស្ថិរភាពសង្គម និងការអភិវឌ្ឍន៍យូរអង្វែង។
ទាក់ទងយុទ្ធសាស្រ្តដឹកនាំការងារនៅតាមក្រសួងវិញ ក៏ឃើញមានការរៀបចំតាមបរិបទដឹកនាំពីរដ្ឋមន្រ្តីថ្មី។
ក្រសួងសាធារណការនិងដឹកជញ្ជូនដែលមានលោក ប៉េង ពោធិ៍នា ជារដ្ឋមន្រ្តីថ្មីបានដាក់ចេញទិសដៅការងារអាទិភាពចម្បងៗចំនួន ២៖
ទី១/ បន្តលើកកម្ពស់សេវាដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព លឿន រហ័សនិងស្អាតស្អំ។
ទី២/ បន្តលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភាកម្ម ការអភិវឌ្ឍ នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ផ្លូវដែក និងផ្លូវទឹក។

លោក ប៉េង ពោធិ៍នា ជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន
លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ដើម្បីឱ្យចក្ខុវិស័យនិងអាទិភាពចម្បងទាំង ២ អនុវត្តទៅបាន ក្រសួងមានយន្តការចម្បងចំនួន ៤ បន្ថែមមានដូចជា៖
១. ការពង្រឹងនូវប្រសិទ្ធភាពអភិបាលកិច្ចផ្ទៃក្នុង តាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស។
២. ពិពិធកម្មនៃប្រភពធនធានថវិកា ពង្រីកការគ្រប់គ្រង និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា ស្វែងរកដៃគូអភិវឌ្ឍ និងដៃគូវិនិយោគសាធារណៈ ព្រមទាំងពង្រឹងការងាររៀបចំផែនការថវិកា, អនុវត្តថវិកា កម្មវិធីនិងគំរោងវិនិយោគសាធារណៈ, ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
៣. ពង្រឹងការងារនីតិកម្ម និងកសាងបទដ្ឋានបច្ចេកទេស, ជំរុញរៀបចំគោលនយោបាយ បទប្បញ្ញត្តិ និងបទដ្ឋានបច្ចេកទេស ដើម្បីពង្រឹងភាពច្បាស់លាស់ទាំងទិដ្ឋភាពផ្លូវច្បាប់ និងការងារបច្ចេកទេស។
៤. ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឌីជីថលក្នុងការគ្រប់គ្រងស្ថាប័ន និងការផ្ដល់សេវារដ្ឋបាលសាធារណៈ។
ក្រសួងបរិស្ថានក្រោមការដឹកនាំពីលោក អ៊ាង សុផល្លែត ជារដ្ឋមន្រ្តី ក៏បានដាក់ចេញការងារអាទិភាពចំនួន ៣ នៅចំពោះមុខក្នុងរដ្ឋាភិបាលនីតិកាលទី ៧។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន
ទី ១- យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» គឺដើម្បីឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិកសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិ មិនមានការបំពុលពីសំណល់។
ការដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានដាក់ឲ្យអនុវត្តតាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ផ្សព្វផ្សាយជំរុញឲ្យមានការចូលរួម រក្សាបាននូវសុខមាលភាពប្រជាពលរដ្ឋ តាមរយៈភាពស្អាត គ្មានសំណល់ប្លាស្ទិកនៅតាមសាលារៀន។
ការបញ្ឈប់ការចោលសំរាមតាមទីសាធារណៈ ហើយបែរមកទុកដាក់ឱ្យបានត្រឹមត្រូវ ដោយអនុវត្តន៍តាមវិធាន 4Rs (ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ) នឹងឈានទៅលុបបំបាត់គ្មានសំណល់ប្លាស្ទិកទូទាំងប្រទេស។
ទី ២- ការស្ដារនិងដាំដើមឈើឡើងវិញតាមរយៈការចែកជូនកូនឈើមួយលានដើមដល់ប្រជាពលរដ្ឋរៀងរាល់ឆ្នាំ ដែលលោករដ្ឋមន្រ្តីអះអាងថា នឹងពង្រីកវិសាលភាពគម្របព្រៃឈើឡើងវិញបាន ៦០% ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ រួមទាំងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
ទី ៣ កាបូកបញ្ចូលរវាង អាទិភាពទី ១ និងទី ២ ដោយចូលរួមជាមួយដៃគូ លើឆាកអន្តរជាតិ ដើម្បីជំរុញភាពស្អាត ភាពបៃតង ចីរភាព (យុទ្ធសាស្រ្តចក្រា) ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់និងសាកល។
ដោយឡែក ក្រសួងទេសចរណ៍ដែលមានលោក សុខ សូកេន ជារដ្ឋមន្រ្តីថ្មីក៏បានបង្ហាញពីចក្ឋុវិស័យយុទ្ធសាស្ត្រចំនួន ៣ ដើម្បីធ្វើឲ្យវិស័យទេសចរណ៍មានការីកចម្រើន។

លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
ទី១-ភាពប្រកួតប្រជែងទេសចរណ៍
ទី២-ចីរភាពទេសចរណ៍
ទី៣-បរិយាបន្នទេសចរណ៍
ការដាក់ចេញគោលដៅយុទ្ធសាស្រ្តទាំង ៣ លោករដ្ឋមន្រ្តីក៏បានរៀបចំបន្ថែមឲ្យមានសសរស្ដម្ភចំនួន ៥ ទៀតហៅកាត់ថា «បង្កើន ៥-BUILD និងអភិវឌ្ឍ ៣» (BUILD plus 3Ds)
លោក សុខ សូកេន បានថ្លែងថា ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តចំនួន ៣ ជាអាទិភាពត្រូវដាក់ចេញនូវយុទ្ធសាស្រ្តបង្កើនចំនួន ៥ បន្ថែមទៀតរួមមាន៖
១.បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍វិជ្ជមាននៅលើឆាកអន្ដរជាតិ។
២.បង្កើនភាពទាក់ទាញនៃការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរសំខាន់ៗ ដើម្បីធ្វើឲ្យពិភពលោកចាប់អារម្មណ៍ទេសចរណ៍កម្ពុជា។
៣.បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងសម្របសម្រួលកិច្ចការផ្ទៃក្នុងពាក់ព័ន្ធទៅនឹងការធ្វើដំណើរទេសចរ រួមនឹងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរឹងនិងទន់សំដៅកាត់បន្ថយរាល់ការប៉ះពាល់នៃការធ្វើដំណើររបស់អ្នកទេសចរបំពេញតម្រូវការទេសចរ តាមរយៈនៃការធ្វើដំណើរនិងជំរុញគុណភាពនៃការធ្វើដំណើរទេសចរឲ្យស្របស្ដង់ដាដអន្ដរជាតិ។
៤.បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរប្រកបដោយភាពច្នៃប្រឌិតភាពជាខ្មែរ ផ្អែកលើបេតិកភណ្ឌវប្បធម៌បេតិកភណ្ឌធម្មជាតិឆ្នេរសមុទ្រ និងប្រជាជនខ្មែរភាពជាខ្មែរជាពិសេសពង្រឹងឧស្សាហកម្មទេសចរសេវាមួយស្ដង់ដា តាមរយៈការដាក់ចេញគោលនយោបាយបៃតងទាំងនៅថ្នាក់ជាតិនិងថ្នាក់តំបន់អាស៊ានសំដៅ
៥.បង្កើនប្រសិទ្ធិភាពនៃការអភិវឌ្ឍធនធាននិងគោលដៅទាក់ទាញទេសចរប្រកបដោយប្រកួតប្រជែងខ្ពស់ស្របតាមគោលនយោបាយទេសចរពិសិដ្ឋ។
ក្រសួងទេសចរណ៍មានចក្ខុវិស័យនៅឆ្នាំ២០២៥ នឹងទទួលបានទេសចរអន្តរជាតិ ៦.៤លាននាក់ ជាមួយទេសចរជាតិ ១៦.៧លាននាក់ ហើយនៅឆ្នាំ២០២៦ នឹងទទួលបានទេសចរអន្តរជាតិ ៧ លាននាក់ ជាមួយទេសចរជាតិ ១៧លាននាក់៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម២២ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានជាតិ២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព