Connect with us

ព័ត៌មានជាតិ

តើសម្ដេច នរោត្តម ច័ក្រពង្ស់ ដែលទើបដំឡើងព្រះឋានៈជាសម្ដេចក្រុមព្រះ មានព្រះជីវប្រវត្តិយ៉ាងណា?

បានផុស

នៅ

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់ដំឡើងព្រះឋានៈសម្ដេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ជា «សម្ដេចក្រុមព្រះ»។ សម្ដេច នរោត្តម ច័ក្រពង្ស់ គឺជា​អ្នក​នយោបាយ អ្នក​ជំនួញ និង​ជា​អតីតនាយទាហាន ថ្នាក់ឧត្តម​សេនីយ៍នៃកង​យោធពល​ខេមរភូមិន្ទ។ សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ជាបុត្រនៃសម្ដេចព្រះបរមរតនកោដ្ឋិ សម្ដេចព្រះ នរោត្តម សីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមព្រះជីវប្រវត្តិ ដែលចេញដោយក្រុមប្រឹក្សាធម្ម​នុញ្ញ គឺសម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ទទួលបានការសិក្សាអប់រំទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសបារាំង យូកូស្លាវី ប្រទេសថៃ។ សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ បានយាងចេញទៅសិក្សាកម្រិតវិទ្យាល័យនៅប្រទេសបារាំង តាំងពីឆ្នាំ១៩៥៨ (ក្នុងព្រះជន្មាយុទើប១៣ព្រះវស្សា) ហើយមក ដល់ឆ្នាំ១៩៦៣ សម្ដេចបានយាងមកសិក្សានៅក្នុងប្រទេសវិញ ជាសិស្សទាហានអាកាសយានិកនៃកងទ័ពអាកាសខេមរភូមិន្ទ។

បន្ថែមពីការសិក្សាអាកាសយានិកនៅក្នុងប្រទេស សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ បានយាងទៅបន្តរៀនបច្ចេកទេសបើកបរយន្តហោះចំបាំង នៅប្រទេសបារាំង ហើយពេលជាមួយគ្នានោះ ព្រះអង្គ ក៏បានបំពេញកិច្ចការជាមន្ត្រី និងជាអាកាសយានិកទ័ពជើងអាកាសខេមរភូមិន្ទ។ សម្ដេច នរោត្តម ច័ក្រពង្ស់ ក៏បានបញ្ចប់ការសិក្សានៅបណ្ឌិតសភាយោធាផ្នែកសេនាធិការ នៅកម្ពុជា និងបណ្ឌិតយោធាទ័ពអាកាស នៅប្រទេសយូកូស្លាវី ព្រមទាំងបញ្ចប់វគ្គអគ្គមេបញ្ជាការជាន់ខ្ពស់ នៅប្រទេសថៃ។

ដោយឡែក ព្រះជីវប្រវត្តិការងារ សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ធ្លាប់បានកាន់តំណែងជាន់ខ្ពស់ និងកិច្ចការសំខាន់ៗជាច្រើននៅក្នុងជួររាជរដ្ឋាភិបាល។ សម្ដេច នរោត្តម​ ច័ក្រពង្ស់ ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសង្គមកិច្ច នៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យត្រីភាគី នាឆ្នាំ១៩៨២ ហើយពីឆ្នាំ១៩៨៥ ព្រះអង្គ ធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានទីមួយនៃកងទ័ពសីហនុនិយម។ រហូតដល់ឆ្នាំ១៩៩២ សម្ដេច នរោត្តម ច័ក្រពង្ស់ ក៏បានកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីនៃរដ្ឋកម្ពុជា ទទួលបន្ទុកក្រសួងឧស្សាហកម្ម ក្រសួងទេសចរណ៍ ក្រសួងអប់រំ ក្រសួងសង្គមកិច្ច ក្រសួងវប្បធម៌ អាកាសចរណ៍ស៊ីវិលកម្ពុជា ហើយក៏ជាអតីតប្រធានក្រុមហ៊ុន​អាកាសចរណ៍​ រ៉ូយ៉ាល់ភ្នំពេញ អ៊ែរវ៉េស៍។

ក្រៅពីតំណែងខាងលើនេះ សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ធ្លាប់ធ្វើជាព្រះប្រធានពិធិការសម្ដេចព្រះ នរោត្តម សីហនុ ជានាយករងខុទ្ទកាល័យនាយករដ្ឋមន្រ្តី ជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើឧបនាយករដ្ឋមន្ត្រី ជាសមាជិកព្រឹទ្ធសភា​ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ (ចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០២២)។ សម្រាប់កិច្ចការនយោបាយរបស់សម្ដេច នរោត្តម ច័ក្រពង្ស់ គឺព្រះអង្គ បានបង្កើតគណបក្សនយោបាយមួយ ដើម្បីចូលរួមបោះឆ្នោតជាតិ ឆ្នាំ២០០៣ ក៏ប៉ុន្តែដោយសារមិនទទួលបានការគាំទ្រ សម្ដេច ច័ក្រពង្ស់ បានយាងចូលរួមនយោបាយជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច។

មិនបានប៉ុន្មាន ព្រះអង្គ ក៏បានយាងចូលរួមជាមួយគណបក្ស នរោត្តមរណឫទ្ធិ វិញ ក្នុងតួនាទីជាអនុប្រធានគណបក្ស ប៉ុន្តែត្រឹមរយៈពេល១ឆ្នាំក្រោយមក ពោល គឺឆ្នាំ២០០៧ សម្ដេច ច័ក្រពង្ស់ បានប្រកាសលាឈប់ពីឆាកនយោបាយ។ បច្ចុប្បន្ននេះ សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ មានតួនាទីជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម