Connect with us

ព័ត៌មានជាតិ

ជប៉ុន ប្រគល់គ្រឿងឥស្សរិយយសជូនលោក ពិត ចំណាន ដែលបានលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុន លើវិស័យអប់រំ

បានផុស

នៅ

រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានប្រគល់គ្រឿងឥស្សរិយយសជូនលោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន លើវិស័យអប់រំ ជាពិសេសការលើកកម្ពស់ភាសា និងវប្បធម៌ជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបំពាក់គ្រឿងឥស្សរិយយសនេះ​ បានរៀបចំឡើងនៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុន រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានរបស់លោក អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំវត្តមានភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះលោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានគ្រឿងឥស្សរិយយស The Order of the Rising Sun, Gold Rays with Neck Ribbon ក្នុងការប្រគល់ជូនឥស្សរជនជនជាតិបរទេស សម្រាប់សរទរដូវឆ្នាំ២០២២។ បើតាមលោកឯកអគ្គរាជទូត ពិធីប្រគល់គ្រឿងឥស្សរិយយសនេះគួរតែត្រូវបានរៀបចំភ្លាម ក្រោយ ពីការប្រកាសក្នុងឆ្នាំ២០២២ តែត្រូវបានពន្យាពេលដោយសារការរីករាលដាលកូវីដ១៩ ទើបពិធីប្រគល់នេះ ត្រូវរៀបចំនៅពេលនេះ។

លោកឯកអគ្គរាជទូតជប៉ុន បានលើកឡើងនូវស្នាដៃមួយចំនួនរបស់លោក ពិត ចំណាន ដោយក្នុងនោះ លោកឯកអគ្គរាជទូត បានបញ្ជាក់ថា លោក ពិត ចំណាន បានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្មវិធីផ្លាស់ប្តូរការសិក្សាក្នុងវិស័យអប់រំ និងក្នុងការលើកទឹកចិត្តឱ្យមានការយោគយល់គ្នារវាងប្រទេសជប៉ុន និងកម្ពុជា។

លោកឯកអគ្គរាជទូត បានរំលេចនូវសមិទ្ធិផលដ៏សំខាន់បំផុតមួយរបស់លោក ពិត ចំណាន គឺជាការរួមចំណែករបស់លោក តាមរយៈតួនាទីជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្នុងការលើកកម្ពស់ភាសា និងវប្បធម៌ជប៉ុន។ លោក ថា ខណៈពេលធ្វើជាសាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ពិត ចំណាន បានស្នើឱ្យបង្កើតកម្មវិធីសិក្សាភាសាជប៉ុន រយៈពេល៤ឆ្នាំ នៅមហាវិទ្យាល័យភាសាបរទេស។ តាមរយៈសំណើនេះហើយ ត្រូវបានអនុម័ត ហើយពីរឆ្នាំក្រោយមក ដេប៉ាតឺម៉ង់ភាសាជប៉ុនដំបូងត្រូវបានបង្កើតឡើង។

នៅពេលនោះ លោក ពិត ចំណាន ជឿជាក់ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាកន្លែងដ៏សមស្របបំផុតសម្រាប់ធ្វើសកម្មភាព ដែលនឹងរួមចំណែកដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ពីរយៈពេលមធ្យម ដល់រយៈពេលវែង។ ដូច្នេះហើយ លោក ពិត ចំណាន បានជួយបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា និងជប៉ុន (CJCC)។ ជាលទ្ធផល CJCC ត្រូវបានបង្កើតឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០៤ ហើយ CJCC បានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់បំផុតសម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកទូតជប៉ុន។

លោក អ៊ូអិណូ អាត់ស៊ូស៊ី បានថ្លែងឱ្យដឹងទៀតថា លោក ពិត ចំណាន ក៏បានជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរការសិក្សារវាងប្រទេស ជប៉ុន និងកម្ពុជា តាមរយៈការចុះកិច្ចព្រមព្រៀងផ្លាស់ប្តូរការសិក្សា ជាមួយសាកលវិទ្យាល័យគូក្យូសិក្សាភាសាបរទេស និងសាកលវិទ្យាល័យស្បូវ៉ាសម្រាបស្ត្រី។

ចំណែក ក្នុងតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ពិត ចំណាន បានផ្តល់ការគាំទ្រដល់ការអប់រំភាសាជប៉ុននៅតាមវិទ្យាល័យ បានចូលរួមសម្របសម្រួលជាមួយអង្គការមិនរកប្រាក់កម្រៃ ALC Communications សម្រាប់ការប្រឡងថ្លែងសុន្ទរកថាជាភាសាជប៉ុនសម្រាប់សិស្សវិទ្យាល័យ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

គោលដៅ​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង ពលរដ្ឋសម្រុកចេញ​ដើរកម្សាន្ត ទោះ​មិនទាន់ដល់ថ្ងៃចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានជាតិ៤៧ នាទីutes មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

TAFTAC៖ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោម លក្ខខណ្ឌ FOB

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សស្លាប់កើនដល់ ១២៤នាក់ ក្នុង​សោកនាដកម្មបាក់ដំបូលក្លឹប នៅ ដូមីនីក

Sokha Hotels

ព័ត៌មានពេញនិយម