ព័ត៌មានជាតិ
ដាំបន្លែតាមបច្ចេកទេស ចំណាយដើមទុនតិចទទួលបានផលច្រើន
កសិករគំរូរស់នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង គ្រាន់តែចំណាយការសាងសង់រោងតាមបច្ចេកទេសមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ចំណាយដើមទុនទិញពូជជីត្រឹមតែ ៣០ ម៉ឺនរៀល អាចនឹងទទួលបានប្រាក់ចំណូលមកវិញប្រមាណ ១០ លានរៀល។

ទីតាំងដាំបន្លែនោះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីត្រើយម្ខាងនៃដងទន្លេសេកុង ក្នុងភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង គេឃើញមានរោងធ្វើអំពីដែក ដំបូលប្រក់ថង់ប្លាស្ទិកពណ៌ស បានគ្របដណ្តប់ពីលើរងបន្លែ តម្រៀបគ្នាជា ជួរពណ៌ខៀវស្រងាត់ ដែលកសិករគំរូរូបនេះបានប្រកបមុខរបរមួយនេះអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។
លោក ខៃ យឿន កសិករគំរូនិយាយរៀបរាប់ប្រាប់ថា បន្ទាប់ពីធ្វើស្រែ កសិករមួយចំនួននៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង តែងបាននាំគ្នាដាំបន្លែលក់ ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

កសិករដាំបន្លែរូបនេះបញ្ជាក់ថា ដើមឡើយ លោកមានមុខរបរជាអ្នកដុតក្រឡានលក់ ប៉ុន្តែដោយសារមានការលំបាកស្វែងរកដើមឬស្សីសម្រាប់ដុតពេក ចាប់ពីឆ្នាំ២០១២ មកគ្រួសាររបស់គាត់ក៏បានបោះបង់ងាកមកចាប់យករបរដាំបន្លែតាមបច្ចេកទេសជំរុញដោយមន្ទីរកសិកម្មខេត្តស្ទឹត្រែង ដោយមានអង្គការ និងមន្រ្តីមន្ទីរកសិកម្មខេត្តជាអ្នកជួយបណ្តុះបណ្តាល បង្ហាត់បង្រៀនទាំងចំណេះដឹង និងបទពិសោធក្នុងការដាំបន្លែនេះ។
លោកបានប្រាប់ថា នៅលើផ្ទៃដីសរុបបច្ចុប្បន្នទំហំជិត ២ ០០០ អា គាត់បានសម្រេចដាំបន្លែ ធម្មតាចំនួន៣ប្រភេទមាន ត្រឡាច, ត្រកួន និងស្ពៃសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។ ក្នុងនោះមួយឆ្នាំគឺដាំបន្លែបាន៣លើក ដោយក្នុងមួយលើកៗ ក្រៅអំពីចំណាយធ្វើរោងគាត់បានចំណាយខ្ទង់៣០ម៉ឺនរៀល ទិញពូជបន្លែជីនៅពេលប្រមូលផលពីបន្លែទាំង៣ប្រភេទគឺសរុបបានដល់ទៅជាង១០លានរៀល។

ចំពោះការដាំបន្លែតាមបច្ចេកទេសនេះទៀតសោត គឺមានលក្ខណៈខុសប្លែកពីទម្លាប់ចាស់ដែលដូនតាយើងបានដាំពីដើមមក ដែលត្រូវរែកទឹកស្រោច ធ្វើការងារយ៉ាប់យ៉ឺនខ្លាំងណាស់តែហាក់ដូចជាទទួលបានទិន្នផលទាប។
ប៉ុន្តែការដាំបច្ចុប្បន្ននេះ យើងប្រើទុយោបូមទឹកពីអណ្តូង និងស្រះយកទៅស្រោច ការងារមិនសូវជាធ្ងន់ធ្ងរទេ តែអ្នកដាំទទួលបានមកវិញនូវទិន្នផលខ្ពស់ រីឯបន្លែដែលយើងដាំបាន គឺមានតម្រូវការទីផ្សារល្អ ងាយស្រួលលក់បានតម្លៃខ្ពស់ នៅពេលខ្លះមានឈ្មួញកណ្តាលបានមកបញ្ជាទិញដល់កន្លែងយកទៅលក់បន្តទៀតដោយឲ្យតម្លៃខ្ពស់គួរសម។

ជាក់ស្តែងសព្វថ្ងៃនេះ ត្រឡាច ត្រកួន និងស្ពៃក្រោយពេលប្រមូលផលហើយមួយវគ្គៗគ្រួសារគាត់បានដឹកយកទៅលក់នៅផ្សារសាមគ្គីស្ទឹងត្រែង ចំពោះត្រឡាចប្រភេទលេខ១តម្លៃ ១ ០០០ រៀល បើមិនជាប់ចំណាត់ថ្នាក់តម្លៃ ៥០០ រៀលក្នុងមួយគីឡូក្រាម។ រីឯស្ពៃមួយគីឡូក្រាម ២ ០០០ រៀល និងត្រកួនមួយបាច់ ៤០០ រៀល។
លោក ខៃ យឿន បានឱ្យដឹងថា ដោយសារតែការដាំបន្លែទទួលបានប្រាក់ចំណូលគួរសមបែបនេះហើយ ជំរុញទឹកចិត្តដល់គ្រួសាររបស់គាត់នឹងបន្តខិតខំដាំបន្លែនេះតទៅទៀតដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ។
កន្លងមកមន្ទីរកសិកម្មខេត្តស្ទឹងត្រែងក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតែងបានបង្កលក្ខណៈងាយស្រួលឲ្យរូបគាត់បានធ្វើដំណើរទៅចូលរួមទស្សនកិច្ចសិក្សានៅតាមសហគមន៍ដាំបន្លែមួយចំនួននៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដើម្បីបានរៀនសូត្រ និងដកស្រង់នូវបទពិសោធល្អៗបន្ថែមទៀតផងដែរ។

លោកក៏បានសំណូមពរដល់បងប្អូន ជាពិសេសប្រជាកសិករដែលមានដីទោះតិចឬច្រើនក្តីសូមកុំទុកឲ្យនៅទំនេរចោលឲ្យសោះ ត្រូវដាំដំណាំឬចិញ្ចឹមសត្វផ្សេងៗ សំខាន់គឺបន្លែដែលជាតម្រូវការចាំបាច់បរិភោគប្រចាំថ្ងៃរបស់យើង ហើយមុខរបរនេះឯងវាក៏អាចរកបានប្រាក់ចំណូលបន្ថែមទៀតផងដែរ។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានយល់ឃើញថា បច្ចុប្បន្នប្រជាកសិករនៅខេត្តនេះ ពួកគាត់មានផ្ទៃដីទំនេរធំទូលាយនៅឡើយ មិនទាន់បានប្រើប្រាស់ឲ្យអស់នូវសក្តានុពលពីផ្ទៃដីរបស់គាត់ក្រៅពីធ្វើស្រែមួយមុខប៉ុណ្ណោះទេ។
មន្ទីរកសិកម្មបានជំរុញ និងលើកទឹកចិត្តដល់កសិករដាំដំណាំរួមផ្សំផ្សេងៗទៀតដូចជាបន្លែប្រភេទហូបផ្លែ ស្លឹក មើមជាដើមឱ្យបានកាន់តែច្រើន។
ក្រៅពីបន្លែ ត្រូវចូលរួមក្នុងការចិញ្ចឹមសត្វដើម្បីជាការរួមចំណែកបង្កើនលទ្ធភាពកសិកម្មរបស់ខ្លួនផ្គត់ផ្គង់ជីវភាព ក៏ដូចជាការលក់ដូរលើទីផ្សារបង្កើនសេដ្ឋកិច្ចគ្រួសាររបស់បងប្អូន។
លោកប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងបន្តទៀតថា កន្លងមកមន្ទីរបានធ្វើការអប់រំផ្សព្វផ្សាយជាច្រើនទៅដល់កសិករ និងបានត្រៀមជានិច្ចដើម្បីជួយបង្កលក្ខណៈងាយស្រួលទៅដល់ពុកម៉ែបងប្អូនដែលជាកសិករ ក្នុងការផ្ដល់នូវបច្ចេកទេសទាន់សម័យ និងការបង្ហាត់បង្ហាញតាមតម្រូវការរបស់ប្រជាកសិករយើងគ្រប់ពេលវេលា៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ