ព័ត៌មានជាតិ
អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដាក់ចេញវិធានការតឹងរឹង ទប់ស្កាត់ការឆ្លងកូវីដ១៩
សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ទៅដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល អភិបាលខេត្តដែលមានព្រំដែនជាប់ប្រទេសថៃ ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ត្រូវរកវិធីទប់ស្កាត់ប្រជាជនពលករខ្មែរឆ្លងដែនចេញ-ចូលខុសច្បាប់ ដើម្បីការពារគ្រោះថ្នាក់ នឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញបទបញ្ជាបែបនេះបន្ទាប់ពី មានករណីពលករខ្មែរម្នាក់ ឈ្មោះយឿន រ៉ន មានអាយុ ២៣ ឆ្នាំបានគេចចេញពីការធ្វើ ចត្តាឡីស័ក និងជួបគ្រោះថ្នាក់ជាន់មីនដាច់ជើងក្នុងពេលលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាកាលពីម៉ោង ៧:០០ នាយប់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិតនៅតំបន់ព្រៃភ្នំ ជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ សម្ដេចតេជោក៏បានចេញបញ្ជា ឲ្យវាយខ្នោះប៉ូលិសស័ក្តិ៤ម្នាក់នៅច្រកឡែម ខេត្តបាត់ដំបង ប្រសិនរកឃើញថា បានដោះលែងមេខ្យល់នាំពលករខុសច្បាប់ចេញចូលប្រទេសថៃ និងគេចចេញពីការធ្វើចត្តាឡីស័ករបស់សមត្ថកិច្ចនៅតាមព្រំដែន។
លោក ងួត រតនៈ អភិបាលខេត្ត បាត់ដំបង បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា តាមអនុសាសន៍របស់សម្ដេចតេជោ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការជាមួយអគ្គនាយកដ្ឋាននគរបាល ដោយអគ្គនាយដ្ឋានបានបញ្ជូនមន្ត្រីមកសហការគ្នាដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតបញ្ហានេះ ដោយលោកមិនទាន់អាចប្រាប់ពីលទ្ធផលនៅពេលនេះបានទេ។
លោក ងួត រតនៈ មានប្រសាសន៍ថា៖ “ដោយសារសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវឱ្យដឹងហេតុដឹងផល ហេតុអ្វីមានការដោះលែង ដោយសារអ្វី…”។
ទាក់ទងនឹងការរឹតបន្តឹងទប់ស្កាត់កុំឲ្យពលករឆ្លងចេញ-ចូលខុសច្បាប់ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា សម្ដេចតេជោបានផ្ដល់អនុសាសន៍ឱ្យសហការគ្នាជាមួយអគ្គនគរបាល ក៏ដូចជាខាងកងទ័ព ដើម្បីពង្រឹងកិច្ចសហការ និងការគ្រប់គ្រងបន្ថែមទៀត។
លោក ងួត រតនៈ មានប្រសាសន៍ថា៖ “យើងច្បាមពិនិត្យមើលលទ្ធភាពមេខ្យល់ដើម្បីពិនិត្យមើលអ្នកមានទម្ងន់ផ្លូវច្បាប់នឹងផ្ដន្ទាទោស អ្នកណាដែលមិនមាន យើងនឹងធ្វើការអប់រំ។ ជាមួយគ្នានេះ មន្ត្រីសមត្ថកិច្ចនឹងអំពាវនាវបន្ថែមការពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលឆ្លងដែនចូលមកប្រទេសកម្ពុជាកុំឱ្យគេចវេះពីការធ្វើចត្តាឡីស័ក បើមិនដូចនោះនឹងទទួលការពិន័យ”។
លោក ងួត រតនៈ បានបង្ហាញថា មកដល់ពេលមានមានពលករខ្មែដែលត្រឡប់មកពីថ្ងៃចំនួនជាង៦,០០០នាក់ ក្នុងនោះមានអ្នកតេស្តរកឃើញមេរោគកូវីដ-១៩ ចំនួន១៧នាក់ដែលព្យាបាលជាសះស្បើយអស់ហើយ និងអ្នកកំពុងធ្វើចត្តាឡីស័កចំនួនជាង២,៦០០នាក់។
លោក ប៉ែន កុសល្យ អភិបាលខេត្ត ឧត្ដរមានជ័យ បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា លោកបានទទួលបទបញ្ជារបស់សម្ដេចតេជោតាំងពីយប់មិញ។ លោកមានប្រសាសន៍បន្តថា តាមគោលការណ៍របស់រដ្ឋភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តកំពុងអនុវត្តរាល់ថ្ងៃហើយ គ្រាន់តែរឹតបន្តឹងបន្ថែម ដោយសារអាចមានប្រជាពលរដ្ឋមួយចំនួនឆ្លងដែនតាមច្រករបៀង ឬតាមចំការរបស់អ្នកភូមិ ប៉ុន្តែខេត្តឧត្ដរមានជ័យមិនមានករណីបែបនេះទេ ដោយសារខេត្តព័ទ្ធដោយភ្នំ។
លោក ប៉ែន កុសល្យ មានប្រសាសន៍ថា៖ “ប៉ុន្តែរដ្ឋបាលខេត្តក៏បានសហការកម្លាំងរួមគិតរួមធ្វើជាមួយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។
សមត្ថកិច្ចនឹងបន្តការអប់រំប្រជាពលរដ្ឋឱ្យយល់តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយវិធីត្រជាក់។
យើងសុំទោសខន្តី និយាយផ្អែមល្ហែមជាមួយប្រជាពលរដ្ឋយើងឱ្យយល់ពីបញ្ហាជំងឺកូវីដ-១៩នេះ ឱ្យគាត់ធ្វើចត្តាឡីស័ក១៤ ឬ១៥ថ្ងៃ ដើម្បីទទួលបានប័ណ្ណដែលអាចទៅគ្រប់ខេត្តវិញបាន”។
អភិបាលខេត្តឧត្ដរមានជ័យ លើកឡើងថា រាល់កិច្ចការទាំងអស់តែងតែជួបឧបសគ្គ ដូចជាកន្លងមក ប្រជាពលរដ្ឋឆ្លងដែនមកកម្ពុជាវិញដោយសារ ឪពុកម្ដាយ ឬកូនគាត់ស្លាប់ គាត់ចង់មកធ្វើបុណ្យ ឬចូលរួមមង្គលការញាតិមិត្ត ជាដើម ប៉ុន្តែសមត្ថកិច្ចបានសុំទោសពួកគាត់ ហើយពន្យល់ថា ជំងឺកូវីដ-១៩ជាជំងឺឆ្លងជាសាកល ហើយបើតាមគោលការណ៍បង្ការជំងឺកូវីដ១៩ ត្រូវធ្វើតេស្តរកមេរោគហើយ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ដោយមិនអនុញ្ញាតិឱ្យពួកគាត់ទៅបានទេ។
លោក ប៉ែន កុសល្យ មានប្រសាសន៍ថា៖ “ករណីមានការដឹកសាកសពតាមឡានពេទ្យ គឺឱ្យយកទៅធ្វើបុណ្យនៅស្រុកកំណើតបាន ប៉ុន្តែយើងមិនអនុញ្ញាតឱ្យបងប្អូនដែលមកអមជាសពពីប្រទេសថៃនោះ ទៅបានទេ ដោយពួកគាត់ត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃសិន។ បច្ចុប្បន្នមានប្រជាពលរដ្ឋ ៣,២៨៧នាក់ កំពុងធ្វើចត្តាឡីស័ក ទាំង២១ទីតាំងនៅក្នុងខេត្តឧត្ដរមានជ័យ”។
ទៅកាន់ខេត្តដែលមានច្រកអន្តរជាតិធំ និងប្រជាពលរដ្ឋវិលត្រឡប់ពីថៃច្រើន គឺខេត្ត បន្ទាយមានជ័យ។ លោក លី សារី អភិបាលខេត្តរង និងអ្នកនាំពាក្យខេត្ត បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា បន្ទាប់ពីទទួលបានអនុសាសន៍ពីសម្ដេចតេជោ នៅព្រឹកនេះ អភិបាលខេត្តបានបើកកិច្ចប្រជុំរវាងកងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន ក៏ដូចជាអភិបាលក្រុងស្រុកទាំង៩ ដើម្បីទទួលអនុសាសន៍ពីសម្ដេចតេជោ ហ៊ុន សែន និងបានប្រជុំតាមប្រព័ន្ធវីដេអូ Conference ជាមួយ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងដើម្បីទទួលការណែនាំក្រសួងសុខាភិបាលបន្ថែមទៀត។
លោក លី សារី មានប្រសាសន៍ថា៖ “លទ្ធផលនៃកិច្ចប្រជុំខាងយើង រដ្ឋបាលខេត្តបានផ្សព្វផ្សាយក៏ដូចជាចេញលិខិតជូនដំណឹងបន្ថែមទៀតដើម្បីឱ្យអ្នកដែលមានភារកិច្ចនៅតាមព្រំដែនត្រូវរឹតបន្តឹងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ប្រសាសន៍របស់សម្ដេចបានបង្ហាញថា ពលករបានឆ្លងកាត់ចេញពីព្រំដែនថៃទៅដល់ខេត្តតាកែវ ដោយសារសមត្ថកិច្ចមួយចំនួននៅតាមព្រំដែនបានទទួលផល និងអនុញ្ញាតឱ្យពលកររួចផុតពីការធ្វើចត្តាឡីស័ក។ ដូចនេះបើមានករណីដូចសម្ដេចលើកឡើងខាងលើ មន្ត្រីដែលឃុបឃិតបែបនោះ នឹងទទួលពិន័យតាមច្បាប់ មិនអាចលើកលែងឱ្យរួចខ្លួនបានទេ”។
អភិបាលខេត្តរង និងអ្នកនាំពាក្យខេត្ត បន្ទាយមានជ័យ បញ្ជាក់ថា បញ្ហាមួយទៀតគឺត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការច្បាប់ចំពោះអ្នកគេចវេសមិនធ្វើចត្តាឡីស័ក តាម “អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល” ដែលបានចេញតាំងពីឆ្នាំ២០១៥ ដើម្បីធ្វើជាមូលដ្ឋានក្នុងការរឹតបន្តឹង ដាក់ពិន័យ ក៏ដូចជាដាក់ទណ្ឌកម្មដល់ជនមួយចំនួនមិនអនុវត្តតាមអនុក្រឹត្យនេះ។
លោក លី សារី មានប្រសាសន៍ថា៖ “គឺថាយើងត្រូវតែប្ដេជ្ញាចិត្តទាំងអស់គ្នា ដើម្បីអនុវត្តតាមអនុសាសន៍របស់សម្ដេចដែលបានណែនាំដល់ពួកយើង ដោយសារការបញ្ហាទាំងនេះ ពាក់ព័ន្ធនឹងអាយុជីវិត ដែលវាអាចឆ្លងទៅដល់សហគមរបស់យើង”។
លោកបានមានប្រសាសន៍បន្ថែម ខេត្តបន្ទាយមានជ័យ មិនទាន់មានការលើកឡើងពីបញ្ហា មន្ត្រីសមត្ថកិច្ចស៊ីសំណូកដោះលែងមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់នោះទេ។ បើទោះយ៉ាងនេះក្ដី ប៉ុន្តែរដ្ឋបាលខេត្តបានចាត់ភ្នាក់ងារដើម្បីស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធករណីនេះដើម្បីកុំឱ្យមានបញ្ហា។
លោក លី សារី មានប្រសាសន៍ថា៖ “ប៉ុន្តែខ្ញុំយល់ថា នៅពេលសម្ដេចចេញសារអ៊ីចឹង ទន្ទឹមពេលយើង(រដ្ឋបាលខេត្ត) បានប្រជុំផ្សព្វផ្សាយទៀតនោះ ប្រហែលជាជនឱកាសនិយម ឬសមត្ថកិច្ចមិនហ៊ាន [បំពាន] ទេ ព្រោះនេះពាក់ព័ន្ធនឹងកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គាត់ ដែលខំធ្វើការ [យូរមក] ប៉ុណ្ណឹងហើយ”។
ចំពោះខេត្តកម្ពុជាដែលជាប់សមុទ្រដែលជាប់ព្រំប្រទល់ប្រទេសថៃវិញ លោក សុខ សុទ្ធី អភិបាលខេត្តរង និងអ្នកនាំពាក្យខេត្ត កោះកុង បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា ជាទូទៅរដ្ឋបាលខេត្តកោះកុងបានអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ចូលប្រទេសកម្ពុជា និងសហគមន៍យ៉ាងហ្មត់ចត់តាំងពីដើមមក ដោយបានពង្រាយកម្លាំងប៉ូលិស ទហាន នគរបាល និងយោធា សហការគ្នាជួយមន្ត្រីសុខាភិបាលនៅតាមព្រំដែន២៤ម៉ោងលើ២៤ម៉ោង។
លោក សុខ សុទ្ធី មានប្រសាសន៍ថា៖ “បន្ទាប់ពីទទួលអនុសាសន៍ពីសម្ដេចតេជោ រដ្ឋបាលខេត្តបានបើកប្រជុំ ដើម្បីអនុវត្តតាមការណែនាំយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ជាក់ស្ដែងព្រឹកនេះ អភិបាលរងខេត្តដែលទទួលបន្ទុកកិច្ចការព្រំដែន និងទប់ស្កាត់ជំងឺកូវីដ-១៩ បានបើកកិច្ចប្រជុំបន្ទាន់តាមប្រព័ន្ធវីដេអូ Conference”។
អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី បានឱ្យ កម្ពុជាថ្មី ដឹងថា គិតចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ដល់បច្ចុប្បន្ន មានពលករ សរុប ចំនួន ៨០២នាក់ (ស្រី ២៦៤នាក់) បានមកពីប្រទេសនានា ចូលមកខេត្តកោះកុង ក្នុងនោះមានពលករ ចំនួន៨៤ នាក់(ស្រី ១៩នាក់) កំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកម្រឹត២។ លោក បានបញ្ជាក់ថា មិនទាន់មានពលករផ្ទុកមេរោគកូវីដ១៩ទេ ហើយថ្ងៃនេះពុំមានពលករ ត្រឡប់មកពីប្រទេសនានា ចូលមកខេត្តកោះកុងទេ។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង អំពីការផាកពិន័យលើពលករខ្មែរ ដែលគេចវេះ មិនធ្វើចត្តាឡីស័កត្រឹមត្រូវតាមវិធានការសុខាភិបាល។
តាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា ដើម្បីថែរក្សាសុវត្ថិភាព សុខភាព សាធារណៈ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ជាពិសេសចំពោះសុខភាពរបស់ពលករ និងក្រុមគ្រួសារផ្ទាល់ ក្រសួងការងារតម្រូវឱ្យពលករទាំងអស់អនុវត្តដូចខាងក្រោម៖
១. មិនត្រូវលួចឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាឡើយ ដែលអាចមានហានិភ័យខ្ពស់ចំពោះ អាយុជីវិតផ្ទាល់ខ្លួន និងការនាំជំងឺឆ្លង ចូលមកប្រទេសកម្ពុជា។
២. ករណីត្រូវចូលមកប្រទេសកម្ពុជា ត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល ដោយមិនត្រូវគេចវេះជាដាច់ខាត។ ករណីគេចវេះមិនព្រមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ នឹងត្រូវទទួលរងការផាក ពិន័យចំនួន ១ ០០០ ០០០រៀល ឬច្រើនជាងនេះ និងទទួលទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិ ព្រហ្មទណ្ឌជាធរមាន។
៣. សហការផ្តល់ព័ត៌មានដល់ស្ថានទូត ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិត ពាក់ព័ន្ធនឹងមេខ្យល់ដែល សន្យានាំបងប្អូនពលករឆ្លងដែនចេញ-ចូលខុសច្បាប់ ប្រទេសកម្ពុជា៕
អត្ថបទ៖ ខាន់ ច័ន្ទវីរៈ
សូមអានអត្ថបទពាក់ព័ន្ធ៖ សម្តេចតេជោ ប្រាប់ទៅកងកម្លាំង និងអាជ្ញាធរជាប់ព្រំដែនថៃទប់ស្កាត់ដាច់ណាត់កុំឲ្យពលករឆ្លងចេញ-ចូលខុសច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា