ព័ត៌មានជាតិ
ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ គ្រោងដាក់ប្រើប្រាស់បណ្ដោះអាសន្ន ជាង ៧០ ថ្ងៃទៀត
ស្ពានអាកាសដែលបាន និងកំពុងសាងសង់ ស្ថិតនៅខណ្ឌចំការមន និងខណ្ឌមានជ័យ មានកម្ពស់ បីជាន់ គ្រោងនឹងដាក់ឈ្មោះ ស្ពានអាកាស មរតកតេជោ ហើយក៏នឹងគ្រោងប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅរយៈ ៧៤ ថ្ងៃខាងមុខទៀតនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីភ្ជាប់ស្ពានអាកាស មរតកតេជោនេះ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ។

លោក ឃួង ស្រេង មានប្រសាសន៍ថា ស្ពានអាកាសដែលបាន និងកំពុងសាងសង់ ស្ថិតនៅខណ្ឌចំការមន និងខណ្ឌមានជ័យ មានកម្ពស់បីជាន់ គ្រោងនឹងដាក់ឈ្មោះ ស្ពានអាកាស មរតកតេជោ។ នេះគ្រាន់តែជាគម្រោង ដោយ លោកនឹងសុំទៅប្រមុខរាជរដ្ឋាភិបាលដែលមាន សម្ដេចបបរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ដើម្បីសុំប្រសិទ្ធនាមឈ្មោះស្ពាននេះ។

លោក ឃួង ស្រេង បន្តថា ស្ពានអាកាសមរតកតេជោ សម្រេចបានលើការសាងសង់ ក្នុងដំណាក់កាលទី១ ហើយ ៧៤ថ្ងៃទៀត នឹងសុំទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្តោះអាសន្ន ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ កាត់បន្ថយបាននូវការកកស្ទះចរារចរណ៍។ ខណៈដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន គម្រោងទី២ នឹងបន្តសាងសង់ នៅជាន់ផ្ទាល់ដី និងជាន់ទី១ បន្តទៀត។ ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅរំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់ មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២ ទៀត អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់ថា វិស្វករដែលបាន និងកំពុងសាងសង់ស្ពានអាកាសមរតកតេជោ គឺជាវិស្វកររបស់ខ្មែរសុទ្ធសាធ ដែលបណ្ដុះបណ្ដាលនៅកម្ពុជារហូតក្លាយជាវិស្វករ ក្រោមការដឹកនាំប្រទេសរបស់ សម្ដេចតេជោ ហ៊ុន សែន។ ពីមុន យើងពឹងគេលើជំនាញផ្សេងខ្លះ ប៉ុន្តែពេលនេះ កូនខ្មែរយើងអាចធ្វើបានហើយ។ កម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីអភិវឌ្ឍប្រទេសខ្លួនឯងបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងក៏មិនបោះបង់ចោលនៅបច្ចេកទេសរបស់ពិភពលោកដែរ។ យើងនឹងសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីឱ្យកិច្ចការងារអភិវឌ្ឍគម្រោងផ្សេងៗរបស់ជាតិមានភាពរឹងមាំដើម្បីឧត្ដមប្រយោជន៍ជាតិ។

លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តទៅលើការដឹកនាំរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដោយសម្ដេចនឹងបន្តរក្សាមរតករបស់សម្ដេចតេជោ និងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗទៀត ជូនជាតិមាតុភូមិ។ សម្ដេច ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តរក្សាឱ្យបាននូវសន្តិភាពដើម្បីកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ។

គួរបញ្ជាក់ថា ស្ពានអាកាសទី៨ នេះ សាងសង់ដោយ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វ មហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦ លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ ខែ។

គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មក សាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និង វិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហា វិថីព្រះមុនីវង្ស និងមហាវិថី សម្តេចតេជោ ហ៊ុន សែន។ ក្រៅពីស្ពានអាកាស ព្រះមុនីវង្ស រដ្ឋបាលរាជធានីភ្នំពេញបានតៀមដំណើរការការដ្ឋានសាងសង់ស្ពានអាកាសមួយកន្លែងទៀត ស្ថិតនៅចំណុចប្រសព្វ មហាវិថីសហព័ន្ធរុស្ស៉ី ជាមួយ មហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាស ផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម