ព័ត៌មានជាតិ
ផ្លូវកៅស៊ូប្រវែងជាង ១៩ គីឡូម៉ែត្រ ឆ្ពោះទៅតំបន់ទេសចរណ៍ ឆ្នេរនេសាទ ស្ថាបនាបាន ៥០ ភាគរយ
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បង្ហាញថា ការដ្ឋានស្ថាបនាថ្នល់កៅស៊ូប្រវែងជាង ១៩ គីឡូម៉ែត្រ ដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍ឆ្នេរនេសាទ ស្ថាបនាសម្រេចបាន ៥០ ភាគរយហើយ។

លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ នេះថាគិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ ការដ្ឋានស្ថាបនាផ្លូវថ្នល់កៅស៊ូប្រវែង ១៩ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីកែងផ្លូវស្រុកស្រែអំបិល ទៅតំបន់ឆ្នេរនេសាទ ស្ថាបនាសម្រេចបាន ៥០ ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់គម្រោងរបស់ខ្លួននៅថ្ងៃទី ៣១ ខែឧសភា ខាងមុខ។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បន្ថែមថា គម្រោងអភិវឌ្ឍន៍ជាផ្លូវកៅស៊ូនេះ ធ្វើឡើងក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB ដើម្បីពង្រឹងសមត្ថភាពផលិតភាពជនបទឱ្យកាន់តែល្អប្រសើរ។

គួរកត់សម្គាល់ថា កន្លងទៅ ផ្លូវកៅស៊ូ ១ ខ្សែ ខាងលើនេះ ជាផ្លូវក្រួសក្រហមពិបាកធ្វើដំណើរទាំងរដូវវស្សា និងរដូវប្រាំង ដោយសារតែមើលឃើញពីភាពលំបាករបស់ពលរដ្ឋ និងអ្នកទេសចរ ទើបខាងមន្ទីរ និងអជ្ញាធរពាក់ព័ន្ធ បានជួយសម្រួល ក្នុងការស្ថាបនាផ្លូវធ្វើដំណើរ ដែលវាបានជួយលើកកម្ពស់ជីវភាពពលរដ្ឋ តាមរយៈការស្ថាបនាជាផ្លូវកៅស៊ូដ៏មានសារៈសំខាន់មួយនេះ។

លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល យល់ថា មូលដ្ឋានគ្រប់គ្រងរបស់លោក កាន់តែមានការអភិវឌ្ឍន៍បោះជំហានទៅមុខ ព្រោះតែសមិទ្ធផលកកើតមានជាហូរហែ ជាក់ស្តែង ដូចមានផ្លូវកៅស៊ូនេះស្រាប់តែម្តង។ វាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ជីវភាពរស់នៅរបស់ពួលរដ្ឋ និងសក្តានុពលទាក់ទាញភ្ញៀវទេសចរ ខណៈស្រុកស្រែអំបិលបានតំបន់ឆ្នេរសមុទ្រស្រស់ស្អាតគួរឱ្យចង់មកលេងកម្សាន្តគ្រប់រដូវកាលទាំងអស់។

ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ បានសម្តែងក្តីរីករាយយ៉ាងខ្លាំងពេលជិតបានថ្នល់កៅស៊ូស្អាតល្អងាយស្រួលធ្វើដំណើរទៅមកបានឆាប់រហ័ស ដោយសារតែពួកគាត់ចង់បានផ្លូវកៅស៊ូជាយូរឆ្នាំមកហើយជំនួសឱ្យផ្លូវក្រួសក្រហម។

ក្រុមពលរដ្ឋដដែល ជឿជាក់ថា ទៅថ្ងៃមុខ កំណើនភ្ញៀវទេសចរមកកាន់តែកម្សាន្តតំបន់រមណីយដ្ឋានឆ្នេរនេសាទមានច្រើន និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់នឹងកាន់តែល្អប្រសើរតាមរយៈការទទួលបានផ្លូវ១ខ្សែនេះ ពិសេសគឺមានសុវត្ថិភាពធ្វើដំណើរទៅមកមិនថាខែវស្សា ឬខែប្រាំងនោះទេ ។

ដើម្បីថែររក្សាការពារផ្លូវកៅស៊ូ១ខ្សែនេះបានរឹងមាំគង់វង្ស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋស្នើដល់អ្នកពាក់ព័ន្ធទាំងអស់កុំដឹកទំនិញលើសកំណត់ និងបើកបរកុំហួសល្បឿនកំណត់ជាដើម៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ