ព័ត៌មានជាតិ
មហាវិថីថ្មីទទឹង៣០ម៉ែត្រ បណ្តោយផ្លូវជិត៦គីឡូម៉ែត្រ ចាប់ពីផ្លូវ១០០៣ ដល់មហាវិថី ឈ្នះ ឈ្នះ ស្ថាបនាសម្រេចបានប្រមាណ៧០ទៅ៨០ភាគរយហើយ
ភ្នំពេញ ៖ ការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែដែលមានទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជិត៦គីឡូម៉ែត្រ មានសួនច្បារកណ្តាល ចាប់ពីផ្លូវលេខ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអ៊ីអនម៉លសែនសុខ )ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ស្ថាបនាសម្រេចបានប្រមាណ៧០ទៅ៨០ភាគរយហើយ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យមើលការដ្ឋាននេះ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោកឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា មហាវិថីថ្មីដែលបាននឹងកំពុងស្ថាបនាឡើងនេះជាផ្លូវដែលមានការចូលរួមពីសប្បុរសជន ដែលបាននឹងកំពុងអភិវឌ្ឍលំនៅឋាននៅតាមបណ្ដោយផ្លូវនេះ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។
លោកបន្តថា មហាវិថីនេះ ត្រូវស្ថាបនាឡើងជា២ជំហាន ដោយជំហានទី១ ចាប់ពីផ្លូវលេខ១០០៣ រហូតដល់មុខក្រេនភ្នំពេញ និងបន្តពីក្រេនភ្នំពេញរហូតទៅដល់ផ្លូវមហាវិថីឈ្នះឈ្នះដែលមានទទឹង៣០ម៉ែត្រមានសួនច្បារនៅកណ្ដាលជាមួយនឹងការដាក់បណ្ដាញលូនៅសងខាងផ្លូវផងដែរ។
ការដ្ឋាននេះ បើគិតមកដល់ពេលនេះសម្រេចបានប្រមាណជា៧០ទៅ៨០ភាគរយហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការដ្ឋាននេះក៏នៅមានបញ្ហាប្រឈមនៃប៉ះពាល់មួយចំនួនផងដែរ នោះគឺប្រជាពលរដ្ឋប្រមាណ២០០គ្រួសាររស់នៅលើទ្រូងផ្លូវនេះតែម្ដង។
បញ្ហានេះលោក អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌឫស្សីកែវត្រូវ ធ្វើការដោះស្រាយ បញ្ហានេះឱ្យបានលឿនបំផុត គឺដោះស្រាយឲ្យបានក្នុងរយៈពេលពីរសប្តាហ៍ទៀត។ បើដោះស្រាយមិនចេញត្រូវរាយការបន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ទាំង២០០គ្រួសារនេះ រដ្ឋបាលរាជធានីភ្នំពេញមានជម្រើសពីរដើម្បីឲ្យពួកគាត់ធ្វើការជ្រើសរើស ដោយរដ្ឋបាលរាជធានីនឹងដីទំហំ ៤,២ម៉ែត្រពីគុណ១៥ម៉ែត្រនៅទីតាំងពីរកន្លែងនោះគឺនៅ7NG ក្នុងខេត្តកណ្តាល (ដែលត្រៀមនិងកាត់ចូលមកភ្នំពេញ) និងនៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងខណ្ឌព្រែកព្នៅ។
បន្ថែមពីលើនេះទៀត លោកឃួង ស្រេងក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ ចុះពិនិត្យការដ្ឋាននេះឱ្យបានជាប្រចាំ នឹងជំរុញឲ្យក្រុមហ៊ុនដែលទទួលការស្ថាបនាមហាវិថីនេះ អនុវត្តអោយត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវប្រើគ្រឿងចក្រធំៗដើម្បីស្ថាបនាគ្រឹះ។
គួរបញ្ជាក់ថា ការដ្ឋាននេះបានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ដែរ។ មហាវិថីថ្មីនេះ រត់ត្រង់ជួរ ភ្ជាប់មកមហាវិថីអង្គរ ឆ្ពោះមករង្វង់មូលកាំកូ។ ជាប្រភេទ ផ្លូវភ្លោះ មានប្រវែង ៥៨៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាផ្លូវបេតុងអារមេរ កម្រាស់ ២០សង់ទីម៉ែត្រ។ ក្នុងនោះ ផ្លូវសងខាង ១២ម៉ែត្រសួនកណ្តាល ២ម៉ែត្រនិងចិញ្ចើមផ្លូវសងខាង ២ម៉ែត្រ ផ្លូវទ្វេទិស មាន ៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។ ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម៉ែត្រ ប្រវែង ១១៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ទទឹងផ្លូវ ចំនួន៨កន្លែង៕
ដោយ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ