ព័ត៌មានជាតិ
សហគមន៍ចំនួន ១៩៣ ទូទាំងប្រទេសចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន
សហគមន៍ចំនួន ១៩៣ ទូទាំងប្រទេសនឹងចូលរួមអនុវត្តគម្រោង «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍសហគមន៍មូលដ្ឋាន» ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងក៏ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទីមួយរបស់រដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។
ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន (២០២៤-២០២៨)» លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន គឺជាត្រីវិស័យនិងផែនទីបង្ហាញផ្លូវអាទិភាពការងារ ជាពិសេសក៏បានចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន
ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋានដែលមានមេត្រីភាពជាមួយនឹងបរិស្ថានគឺជាកិច្ចការដ៏ចាំបាច់និងជា«យុទ្ធសាស្ត្រក្រវ៉ាត់បៃតង» ដើម្បីការពារតំបន់ស្នូលនិងតំបន់អភិរក្សនៃតំបន់ការពារធម្មជាតិ។ នេះបើតាមលោកស្រី ម៉ុម ថានី។
ការកែច្នៃសក្តានុពលធនធានធម្មជាតិ ចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព ជាពិសេសធានាបាននូវតុល្យភាពរវាងការអភិវឌ្ឍ ការអភិរក្ស និងការលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន។
លោកស្រី ម៉ុម ថានី បានបន្តថា គិតត្រឹមឆ្នាំ២០២៣ ក្រសួងបរិស្ថានបានរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩៣ សហគមន៍ ដែលមានគ្រួសារចូលរួមចំនួន ៧៣ ១៤៩ គ្រួសារ មានសមាជិកចំនួន ៣០៥ ៦២១នាក់ គ្រប់គ្រងផ្ទៃដីព្រៃទំហំ ៣៣២ ១០៨ហិកតា ស្ថិតនៅក្នុងភូមិចំនួន ៣៦២ភូមិ ឃុំចំនួន ១១៥ឃុំ និងខេត្ត ចំនួន១៥ខេត្ត។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន
នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន(២០២៤-២០២៨) នាទីស្តីការក្រសួងបរិស្ថាននៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងបញ្ជាក់ថា «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងបរិស្ថាន ដែលបន្តគាំទ្រលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន តាមរយៈការជំរុញទេសចរណ៍ធម្មជាតិ និងកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីជម្រើសមុខរបរ ព្រមទាំងលើកទឹកចិត្ត ឱ្យសហគមន៍ដាំដើមឈើដែលមានប្រយោជន៍ និងឈានទៅសហគមន៍អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
លោកបន្តថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានមានតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ រៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការសម្របសម្រួលគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ។

ដើម្បីបន្តបេសកកម្ម និងចូលរួមអនុវត្ត «ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» ឱ្យទទួលបានជោគជ័យ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានពង្រឹងការអនុវត្តចំណុចអាទិភាពចំនួន ៦ រួមមាន៖
ទី១-ត្រូវបន្តកិច្ចសហការ និងកៀរគរដៃគូ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បី សហការគាំទ្រ ធ្វើអន្តរាគមន៍ និងឆ្លើយតបនូវរាល់កង្វល់ផ្សេងៗរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាលើកកម្ពស់សហគ្រិនភាព និងការវិនិយោគ ជាមួយសហគមន៍តំបន់ការពារធម្មជាតិ លើវិស័យកសិកម្ម ការកែច្នៃអនុផលព្រៃឈើ និងការផ្តល់សេវាទេសចរណ៍ធម្មជាតិ ជាចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ទី២-ជំរុញ និងលើកទឹកចិត្ត អង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ឱ្យបន្ស៊ីផែនការសកម្មភាព និងផែនយុទ្ធសាស្រ្តរបស់ខ្លួន ជាមួយនឹង«ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» ក៏ដូចជា «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដើម្បីជោគជ័យការងាររួមគ្នា។
ទី៣-បន្តពង្រឹងរចនាសម្ព័ន្ធ និងកសាងសមត្ថភាពបណ្តាញសហគមន៍ថ្នាក់មូលដ្ឋាន សម្រាប់បង្ក លក្ខណៈងាយស្រួលក្នុងការពិគ្រោះយោបល់នានា រវាងសហគមន៍មូលដ្ឋាន និងរាជរដ្ឋាភិបាលក្នុងការស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមនានា ដើម្បីផ្សព្វផ្សាយ ចូលរួមអនុវត្ត និងត្រួតពិនិត្យ-វាយតម្លៃ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» និង«យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឱ្យបានសមស្រប និងទូលំទូលាយនៅមូលដ្ឋាន។
ទី៤-បន្តការរៀបចំ និងកែលំអថ្នាលបណ្តុះកូនឈើ ដោយសហការជាមួយមន្ទីរបរិស្ថានរាជធានី-ខេត្ត ដើម្បីបណ្តុះកូនឈើ(ឈើព្រៃនិងឈើហូបផ្លែ) ឱ្យបានយ៉ាងតិច១០ម៉ឺនដើម ក្នុង១ខេត្ត ក្នុង១ឆ្នាំ និងរៀបចំផែនការចែកជូនកូនឈើ ដាំតាមលក្ខណៈបច្ចេកទេស និងថែទាំឱ្យបានសមស្រប សកម្មភាពនេះ គឺជាការចូលរួមអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» និង«យុទ្ធសាស្រ្តចក្រាវិស័យ បរិស្ថាន» ជាពិសេស «យុទ្ធសាស្រ្តបញ្ចកោណ» ដើម្បីសម្រេចចក្ខុវិស័យ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។
ទី៥-បន្តជំរុញ និងលើកទឹកចិត្ត អង្គការដៃគូ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ នូវការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជា ថាមពលពន្លឺព្រះអាទិត្យ និងការប្រើប្រាស់ចង្ក្រានសន្សំសំចៃអុស សន្សំសំចៃទឹក ពង្រឹងការគ្រប់គ្រងសំណល់រឹង-រាវ ឱ្យបានត្រឹមត្រូវ ជាពិសេសបន្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមសាលារៀន វត្តអារាម ទីប្រជុំជន និងសហគមន៍ ជាប្រចាំ។
ទី៦-ស្នើឱ្យការចូលរួមតំណាងអង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ពិនិត្យលទ្ធភាពក្នុងការផ្តល់អ្នកជំនាញលើផ្នែកកសិកម្ម ចិញ្ចឹមសត្វ សិប្បកម្ម កែច្នៃ វេចខ្ចប់ម្ហូបអាហារ សិល្បៈតន្ត្រី ជួសជុលគ្រឿងយន្ត ព្រមទាំងជំនាញផ្សេងៗទៀត ដើម្បីបណ្តុះបណ្តាលដល់ប្រជាសហគមន៍ តំបន់ការពារធម្មជាតិ ក្នុងគោលដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ៕

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច