Connect with us

ព័ត៌មានជាតិ

​ធនាគារ​ជាតិ​បញ្ចេញ​ថវិកា​ជិត ១៤០ លាន​ដុល្លារ​ដើម្បី​រក្សា​ស្ថិរភាពអត្រា​ប្តូរ​ប្រាក់​រៀល​លើ​ទីផ្សារ

បានផុស

នៅ

ធនាគារ​ជាតិ​កម្ពុជា​បានធ្វើអន្តរាគមន៍​ទិញប្រាក់រៀល​នៅលើ​ទីផ្សារប្តូរប្រាក់​ ដើម្បី​រក្សា​បាន​ស្ថិរភាព​អត្រា​ប្ដូរប្រាក់​រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក។

របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​វិស័យ​ធនាគារ​នៅ​ឆ្នាំ ២០២៣ និង​ទស្សនវិស័យ​ឆ្នាំ ២០២៤ ដែល​ធនាគារ​ជាតិ​ទើប​ចេញផ្សាយថ្មីៗ​នេះ​បាន​បញ្ជាក់​ថា ខណៈ​ដែល​អត្រា​អតិផរណា​ពិភពលោក​បាន​ថយ​ចុះ​ដល់ ៦,៩% អត្រា​អតិផរណា​កម្ពុជាបាន​ថមថយ​មក​កម្រិត​ជា​មធ្យម ២,១% នា​ឆ្នាំ ២០២៣ ពី ៥,៤% នា​ឆ្នាំ​២០២២ ដោយសារ​ការ​ធ្លាក់​ថ្លៃ​ក្រុម​ទំនិញ​និង​សេវា​ពាក់ព័ន្ធ​​ប្រេងឥន្ធនៈ​និង​ការ​ថយ​ល្បឿន​នៃ​កំណើន​ថ្លៃម្ហូបអាហារ។

អតិផរណា​ក្នុង​កម្រិតទាបបានរួម​ចំណែក​ដោយ​ការថយចុះអតិផរណា​នាំចូល​ ដែល​ជា​លទ្ធផល​ទទួល​បាន​ពីការ​រក្សាបាន​ស្ថិរភាព​អត្រា​ប្ដូរប្រាក់រៀល​ធៀប​នឹង​ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​បានបន្តថា អត្រាប្ដូរប្រាក់​ជាមធ្យម​មាន​កម្រិត ៤.១១០ រៀល​ក្នុងមួយដុល្លារអាមេរិក ហើយ​នៅ​ចុង​ខែធ្នូ​ឆ្នាំ​២០២៣ អត្រា​ប្ដូរប្រាក់​បាន​ថយចុះ​បន្តិចមក ៤,០៨១ រៀល​ក្នុង​មួយដុល្លារ​អាមេរិក​​ដែល​មាន​ន័យថា តម្លៃ​ប្រាក់​រៀល​ឡើងថ្លៃ ០,៨៧% ធៀប​នឹង​គ្រា​ដូចគ្នាឆ្នាំ២០២២។

​ស្ថិរភាព​ប្រាក់រៀល​បានរួមចំណែក​យ៉ាងសំខាន់ក្នុងការរក្សា​ស្ថិរភាព​ថ្លៃ អំណាច​​ទិញ​របស់​ប្រាក់​រៀល​ ក៏ដូចជា​ចំណូលអ្នកប្រើប្រាស់ និង​រក្សា​លំនឹង​ម៉ាក្រូ​សេដ្ឋកិច្ច​ជារួម។

លទ្ធផល​នេះ​សម្រេច​បាន​តាមរយៈការអនុវត្តនយោបាយរូបិយវត្ថុប្រកប​ដោយ​ភាពប្រុងប្រយ័ត្ន។ បើ​តាម​​ធនាគារ​ជាតិនៃ​កម្ពុជា ការ​ធ្វើអន្តរាគមន៍​ទិញប្រាក់រៀលនៅលើ​ទីផ្សារប្តូរប្រាក់ ៥៧៣ ប៊ី​លាន រៀល (១៣៩,១លានដុល្លារអាមេរិក) និង​ប្រើប្រាស់​ឧបករណ៍​នយោបាយ​រូបិយវត្ថុ​ផ្សេងៗ បាន​ស្រូប​យក​ប្រាក់​រៀល​លើស​ប្រមាណ ១៥,២ ទ្រីលានរៀល (៣,៧ ប៊ីលានដុល្លារអាមេរិក) ពី​ក្នុង​សេដ្ឋកិច្ច និង​រក្សា​ការផ្គត់ផ្គង់រូបិយវត្ថុក្នុងកម្រិតសមស្រប។

ទោះយ៉ាងណា ក្នុង​របាយការណ៍​បាន​លើកឡើង​បន្ថែម​ថា បញ្ហា​ដុល្លារូបនីយកម្ម​ដែលមានកម្រិតខ្ពស់ (ប្រាក់បញ្ញើ​ជា​រូបិយប័ណ្ណ​ធៀប​នឹងរូបិយវត្ថុ​ទូទៅ​មាន​កម្រិត ៨៣,៤%) នៅតែជា​ឧបសគ្គដល់ការ​អនុវត្ត​នយោបាយ​រូបិយវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព ជាពិសេស​ការជះឥទ្ធិពល​លើអត្រា​ការប្រាក់ទីផ្សារ ដើម្បីជួយ​ជំរុញ​ការប្រើប្រាស់​និង​វិនិយោគក្នុងស្រុក​សម្រាប់គាំទ្រកំណើន​ឱ្យកាន់តែសកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម