ព័ត៌មានជាតិ
វិស័យចំនួន ៣ រំពឹងមានកំណើនខ្ពស់ឆ្នាំ ២០២៤ ខណៈវិស័យអចលនទ្រព្យបន្តរងវិបត្តិ
ធនាគារជាតិទើបចេញរបាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ ២០២៣ និងទស្សនវិស័យឆ្នាំ ២០២៤។
ឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករងើបឡើងក្នុងអត្រា ៥,៥% គាំទ្រជាចម្បងដោយកំណើនវិស័យទេសចរណ៍ និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ បើទោះបីជាវិស័យកាត់ដេរ សំណង់ អចលនទ្រព្យ និងកសិកម្មមានកំណើនទាបក៏ដោយ។
ក្នុងពេលដែលភាពមិនប្រាកដប្រជានៅមានកម្រិតខ្ពស់នៅឡើយ ដោយសារហានិភ័យនៃការបន្តអូសបន្លាយវិបត្តិភូមិសាស្ត្រនយោបាយ និងកំណើនយឺតនៅប្រទេសដែលមានសេដ្ឋកិច្ចធំៗមួយចំនួន ឆ្នាំ ២០២៤ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករថានឹងបន្តថមថយបន្តិចថែមទៀតធៀបនឹងឆ្នាំ២០២៣។
យ៉ាងណាមិញ បើតាមរបាយការណ៍សេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងក្នុងរង្វង់ ៦,៤% នៅឆ្នាំ ២០២៤ គាំទ្រជាចម្បងដោយការកើនឡើងនៃវិស័យទេសចរណ៍និងវិស័យកម្មន្តសាល។
វិស័យទេសចរណ៍ងើបឡើងដោយសារភាពប្រសើរឡើងនៃស្ថានភាពទេសចរណ៍ក្នុងតំបន់ ព្រមទាំងការបន្តអភិវឌ្ឍនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលនឹងគាំទ្រដល់វិស័យនេះ។ ការអនុវត្តច្បាប់វិនិយោគថ្មី ក៏នឹងជួយជំរុញវិស័យកម្មន្តសាលសម្រេចបានកំណើនល្អជាងឆ្នាំ២០២៣ ជាពិសេសផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលវិស័យកាត់ដេរក៏រំពឹងថានឹងងើបឡើងជាលំដាប់។
ជាមួយគ្នានេះដែរ វិស័យកសិកម្មក៏នឹងមានកំណើនខ្ពស់ ដោយទទួលបានអត្ថប្រយោជន៍ពីការបន្តធ្វើពិពិធកម្មទីផ្សារទៅកាន់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនានា គួបផ្សំនឹងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយផលិតកម្ម និងទីផ្សារ។
ផ្ទុយមកវិញ វិស័យសំណង់និងអចលនទ្រព្យនៅតែបន្តទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក ហើយត្រូវបានគេព្យាករថានឹងបន្តមានកំណើនទាប។ ការគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈគួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុកដែលផ្តោតលើលំនៅឋានដែលមានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រណីតដែលបម្រើដល់អនិវាសនជននឹងនៅតែបន្តមានភាពទន់ខ្សោយ។
ទន្ទឹមនឹងការព្យាករដោយសុទិដ្ឋិនិយម របាយការណ៍ដដែលបានលើកពីបញ្ហាប្រឈមមួយចំនួនលើសេដ្ឋកិច្ចកម្ពុជាក្នុងនោះក៏មានកត្តាខាងក្រៅរួមមាន៖
i/-កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសជាដៃគូពាណិជ្ជកម្មចម្បងៗរបស់កម្ពុជា ដូចជា ចិន អាមេរិក និងអឺរ៉ុប ដែលអាចប៉ះពាល់ដល់លំហូរវិនិយោគ នាំចេញ និងទេសចរណ៍
ii/-ប្រក្រតីកម្មនយោបាយរូបិយវត្ថុនៃប្រទេសអភិវឌ្ឍន៍ធំៗប្រព្រឹត្តទៅយឺតជាងការរំពឹងទុក ដែលអាចដាក់សម្ពាធលើការខ្ចីពីក្រៅប្រទេស និងអត្រាការប្រាក់នៅកម្ពុជា
iii/-ការកើនឡើងនៃភាពតានតឹង និងការបែងចែកភូមិសាស្ត្រនយោបាយពិភពលោក អាចរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្អាក់សន្ទុះកំណើនការនាំចេញនិងវិនិយោគ
iv/-កត្តាប្រែប្រួលអាកាសធាតុដែលធ្វើឱ្យវិស័យកសិកម្មមានកំណើនទាប ជាពិសេសបាតុភូតអែលនីញ៉ូ ដែលត្រូវបានព្យាករថានឹងមានឥទ្ធិពលខ្លាំងជាងឆ្នាំ២០២៣
v/-លទ្ធភាពកើនឡើងនៃឧក្រិដ្ឋកម្មសាយប័រ អាចប៉ះពាល់ដល់ជំនឿទុកចិត្ត របស់សាធារណជនមកលើប្រព័ន្ធទូទាត់ឌីជីថល និងប្រព័ន្ធហិរញ្ញវត្ថុទាំងមូល។
ហានិភ័យខាងក្នុងរួមមាន៖
i- ការកើនឡើងនៃឥណទានមិនដំណើរការ អាចបន្ថយកំណើនឥណទានសម្រាប់ការប្រើប្រាស់និងការវិនិយោគ
ii-កំណើននៃវិស័យសំណង់និងអចលនទ្រព្យអាចបន្តមានកម្រិតទាប និងអាចមានឥទ្ធិពលបន្តលើវិស័យផ្សេងទៀត ដូចជាវិស័យធនាគារជាដើម។
ជាមួយគ្នានេះ កម្ពុជាក៏នៅប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធចម្បងៗដូចជា៖
i/-ពិពិធកម្មសេដ្ឋកិច្ចនិងការនាំចេញនៅមានសន្ទុះយឺត
ii/-សមត្ថភាពជំនាញ និងផលិតភាពនៅមានកម្រិត
iii/-ថ្លៃដឹកជញ្ជូននិងអគ្គិសនីខ្ពស់ធៀបនឹងប្រទេសជាដៃគូប្រកួតប្រជែងសម្រាប់ការនាំចេញ
iv/-វិស័យកសិកម្មងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ
v/-ដុល្លារូបនីយកម្មនៅមានកម្រិតខ្ពស់៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ