ព័ត៌មានជាតិ
លម្អិត សម្ដេចធិបតី បញ្ជាបិទក្លិបបាញ់កាំភ្លើងនៅខេត្តព្រះសីហនុ ហាមបើកថ្មីទូទាំងប្រទេស
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបិទទីលានជួលបាញ់កាំភ្លើងឯកជននៅទូទាំងខេត្តព្រះសីហនុ និងហាមបើកក្លិបបាញ់កាំភ្លើងឯកជនថ្មីទូទាំងប្រទេស និងត្រូវត្រួតពិនិត្យឱ្យហ្មត់ចត់ចំពោះក្លិបដែលមានស្រាប់។

ការប្រកាសនេះ ធ្វើឡើងក្នុងឱកាស សម្តេចមហាបវរធិបតី អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” នៅព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីធានាចីរភាព និងការបន្តរីកលូតលាត់នៅក្នុងខេត្តព្រះសីហនុ ដើម្បីសេដ្ឋកិច្ចសក្ដានុពល និងជីវភាពរស់នៅប្រជាពលរដ្ឋបានកើនឡើងខ្ពស់ ទៅតាមលក្ខណៈលទ្ធភាពដែលអាចធ្វើទៅបាន ក៏ដូចជាការអនុវត្តកម្មវិធីគោលនយោបាយបានលទ្ធផល កត្តាមួយត្រូវគិតគូរ គឺសន្តិសុខ ដ្បិតបើគ្មានសន្តិសុខ អ្វីៗទាំងនោះទៅមិនរួច ឬទៅបាន តែទៅមិនឆ្ងាយទេ។ សម្ដេចបញ្ជាក់បន្ថែមថា ទន្ទឹមនេះ ក៏មានព័ត៌មាន បង្ហាញពីភាពអសន្តិសុខនៅកម្ពុជា ខណៈប្រទេសមហាអំណាចខ្លះ មានករណីលួចប្លង់ច្រើនជាងភ្នំពេញ។ ជាមួយគ្នានេះ សម្ដេចបានជំរុញឱ្យសមត្ថកិច្ចអាជ្ញាធររួមគ្នាពង្រឹងរក្សាសន្តិសុខ និងបិទសេវាកម្មក្លិបបាញ់កាំភ្លើង ខណៈនៅខេត្តព្រះសីហនុ មានក្លិបបាញ់កាំភ្លើងឯកជន ២កន្លែង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ឥឡូវខ្ញុំថា ទេសចរណ៍មកខេត្តព្រះសីហនុ មិនបាច់មករៀនបាញ់កាំភ្លើងទេ ដើរមើលកោះល្អជាង អ៊ីចឹងសុំឱ្យបិទ [ក្លិបបាញ់កាំភ្លើង] តែម្ដង ហើយមិនឱ្យបើកថ្មីទេ! រឿងបាញ់កាំភ្លើងក្លិបឯកជន មិនបាច់ទេ។ ក្លិបឯកជន បើបើក ត្រូវមានសិទ្ធិទិញកាំភ្លើង ទិញគ្រាប់ ហើយយកទៅណា មកពីណា? មិនបាច់តែហ្មងទៅ មកខេត្តព្រះសីហនុដើរលេងកោះទៅ កុំបាញ់កាំភ្លើង! ទប់កន្លែងហ្នឹងតែម្ដង”។

សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ទីតាំងកងទ័ពដែលមានទីលានបាញ់ មិនបាច់ឱ្យបើកអាជីវកម្ម ឱ្យឯកជនទៅបាញ់ទេ ខណៈមាន ក្លិបមួយនៅរាម គឺទុកប្រើសម្រាប់កងទ័ព ប៉ូលិស អាវុធហត្ថហ្វឹកហ្វឺន មិនបាច់ធ្វើអាជីវកម្មឯកជនទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងបន្តថា៖ “ហើយល្ងាចមិញ ខ្ញុំបានឱ្យព្រាងសារាចរទូទាំងប្រទេសមួយ គឺឈប់ឱ្យចេញលិខិតអនុញ្ញាតបើកន្លែងបាញ់ស៊ីបថ្មីថែមទៀត ព្រោះអត់ចាំបាច់ទេ។ អ្វីដែលមានស្រាប់ ត្រូវធ្វើបច្ចុប្បន្នភាព និងត្រួតពិនិត្យ តើមានលក្ខណៈត្រូវបច្ចេកទេសអត់? កន្លែងខ្លះ សុំអាជ្ញាបណ្ណហើយ អត់ធ្វើអី យកធ្វើអី សុំរាប់ឆ្នាំហើយ បិទចោលតែម្ដង! ហើយកន្លែងណាដែលប្រតិបត្តិពុំមានអាជ្ញាបណ្ណពីមុននៅកន្លែងកងទ័ព ដូច ៩១១ ត្រូវពិនិត្យ គ្រប់គ្រងឱ្យច្បាស់ កុំឱ្យមានបញ្ហា។ តែខេត្តព្រះសីហនុ កុំឱ្យមានតែម្ដង បិទចោលតែម្ដង អ្វីដែលមានហើយ កុំឱ្យបើកថ្មី”។

គួរបញ្ជាក់ថា “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” គឺជាគំនិតផ្តួចផ្តើមរបស់ សមេ្តចធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។

“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានគោលចំនួន៤រួមមាន៖
ទី១. កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ
ទី២. ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស
ទី៣. ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាព ទៅនឹងគោលនយោបាយ និង យុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល
ទី៤. បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និង ការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម និង មានឧត្តមភាពប្រកួតប្រជែងខ្ពស់៕



-
សន្តិសុខសង្គម៦ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់