Connect with us

ព័ត៌មានជាតិ

ស្វែង​យល់​ពាក្យ​គន្លឹះ​បច្ចេកទេស​​​ក្នុង​ច្បាប់​វិនិយោគ​ថ្មី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់

បានផុស

នៅ

កម្ពុជា​បានអនុម័តច្បាប់​ស្តីពីវិនិយោគ នៅថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០២១ ក្នុង​គោលបំណង​បង្កើតនូវ​ក្របខ័ណ្ឌ​គតិយុត្ត​ដែល​បើកចំហ មាន​តម្លាភាព អាចប៉ាន់ប្រមាណ​ជាមុនបាន ដើម្បីទាក់ទាញនិង​លើកកម្ពស់គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល​នៃការវិនិយោគ ដោយ​បុគ្គល​សញ្ជាតិខ្មែរ​ឬ​បរទេស​ក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់ស្ដីពីវិនិយោគមានវិសាលភាព​អនុវត្ត​ ចំពោះរាល់​គម្រោងវិនិយោគ​ដែលមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ហៅកាត់​ថា “គ. ល. គ.” ” គម្រោង​ពង្រីកនៃគម្រោងវិនិយោគ​មានលក្ខណះសម្បត្តិ​គ្រប់គ្រាន់​ ” គ. ព. គ. ល. គ.” និងគម្រោង​វិនិយោគ​​ដែលទទួលបានត្រឹមតែការធានា​លើ​ការ​វិនិយោគ “គ. ធ. វ.” ដែល​បានចុះបញ្ជី​នៅក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ឬ​នៅ​អនុគណ:​កម្មាធិការ​វិនិយោគ​រាជធានីខេត្ត។

ច្បាប់នេះផ្តល់ការលើកទឹកចិត្តវិនិយោគ​លើ​វិស័យនិង​សកម្មភាព​សំខាន់ៗ តាមរយៈ​យន្តការ​នៃការ​លើក​ទឹក​ចិត្តផ្នែក​ពន្ធ​ជាមូលដ្ឋាន ការ​លើកទឹកចិត្ត​បន្ថែម និង​ការលើកទឹកចិត្ត​ពិសេស​ផ្សេង​ទៀត។

នៅក្នុង​ច្បាប់​វិនិយោគ​នេះ​ ក៏មានកំណត់​និយមន័យ​​ពាក្យ​​វាក្សសព្ទ​សំខាន់ៗ​សម្រាប់​ការ​​ប្រើប្រាស់​ផង​ដែរ។

-«វិនិយោគិន» សំដៅ​ដល់​បុគ្គល​អនុវត្ត​តម្រោង​វិនិយោគ​ដែលបាន​ចុះបញ្ជី​នៅក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឬនៅ​អនុគណៈកម្មាធិការ​វិនិយោគ​រាជធានី​ខេត្ត។

-«សកម្មភាពវិនិយោគ» សំដៅ​ដល់​សកម្មភាព​ធុរកិច្ច​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង ឬត្រូវ​បាន​ទិញ​យក ឬត្រូវ​បាន​លក់ ឬត្រូវ​បាន​ធ្វើ​អនុប្បទាន ឬ​ត្រូវ​បាន​ពង្រីក ឬ​ត្រូវបាន​រួម​បញ្ចូល​គ្នា និង​ត្រូវ​បាន​អនុញ្ញាតជា​លាយលក្ខណ៍អក្សរ​ដោយ​ស្ថាប័ន​ទទួលបន្ទុក​ដោយ​អនុលោម​តាមច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន។

-«វិញ្ញាបនបត្រចុះបញ្ជី» សំដៅ​ដល់វិញ្ញាបនបត្រ​ដែល​ចេញ​ដោយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ឬ​ដោយ អនុគណៈកម្មាធិការ​វិនិយោគ​រាជធានី​ខេត្ត បញ្ជាក់​ពីការទទួលស្គាល់​គម្រោងវិនិយោគ។

-«សំណើសុំចុះបញ្ជីគម្រោងវិនិយោគ» សំដៅ​ដល់សំណើ​ដែល​បាន​ដាក់​ជូន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឬ ដាក់​ជូន​អនុគណៈកម្មាធិការ​វិនិយោគ​រាជធានី ខេត្ត​ដោយ​បុគ្គលណាមួយ​ក្នុងគោលបំណង​បង្កើត​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ (គ. ល. គ) ​និង​គម្រោងវិនិយោគ​ដែល​ទទួល​បានត្រឹមតែ​ការធានា​លើ​ការ​វិនិយោគ (គ. ធ. វ.) សំណើនេះ​អាចរាប់​បញ្ចូលដំ​ណាក់​កាល​មួយឬច្រើន ដោយរួមបញ្ចូល​ទាំងសំណើសុំពង្រីក​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ (គ. ល. គ.) ។

-«អ្នកដាក់ពាក្យសុំ» សំដៅដល់បុគ្គលដាក់សំណើ​សុំចុះបញ្ជីគម្រោងវិនិយោគ​នៅក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា​ឬនៅអនុគណៈកម្មាធិការវិនិយោគរាជធានី​ខេត្ត។

-«គម្រោងវិនិយោគ» សំដៅដល់គម្រោង​មានលក្ខណៈ​សម្បត្តិគ្រប់គ្រាន់ គម្រោង​ពង្រីក​នៃ​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​​គ្រប់គ្រាន់ និង​គម្រោង​វិនិយោគដែល​ទទួលបាន​ត្រឹមតែការធានា​លើការ​វិនិយោគ។

-«គម្រោង​វិនិយោគមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់» សរសេរ​ជាអក្សរ​កាត់ «គ. ល. គ» សំដៅ​ដល់​គម្រោង​វិនិយោគ​ដែលទទួល​បានវិញ្ញាបនប័ត្រចុះបញ្ជីពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឬ​អនុគណៈកម្មាធិការ​វិនិយោគរាជធានីខេត្ត។

-«គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​បម្រើ​ឱ្យ​ការ​នាំចេញ» សំដៅ​ដល់​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​​គ្រប់គ្រាន់ ដែល​បាន​លក់​ឬ​បាន​ផ្ទេរ​សមាមាត្រ​ណាមួយ​នៃ​ផលិតផល​របស់ខ្លួន​ទៅ​ឱ្យ​អ្នកទិញ ឬ​អ្នកទទួល​នៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា។

-«គម្រោងវិនិយោគ​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដែល​ជា​ប្រភេទ​ឧស្សាហកម្ម​គាំទ្រ» សំដៅ​ដល់ គម្រោង​វិនិយោគមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដែល​ផលិតផល​របស់ខ្លួន​ក្នងសមាមាត្រ​ណាមួយត្រូវ​ផ្គត់ផ្គង់​ដល់​ឧស្សាហកម្មនាំចេញ។

-«គម្រោង​វិនិយោគមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់បម្រើទីផ្សារក្នុង​ស្រុក» សំដៅ​ដល់​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​​គ្រប់គ្រាន់ ដែល​មិន​បម្រើឱ្យ​ការនាំចេញ។

-«គម្រោងពង្រីក​នៃ​គម្រោងវិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់» សរសេរ​ជាអក្សរ​កាត់ «គ. ព. គ. ល. គ» សំដៅ​ដល់ការពង្រីកនៃ​គម្រោង​វិនិយោគមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដែលធ្វើឡើង តាម​រូបភាព​ណាមួយ​មានជាអាទិ៍ ការ​ពង្រីក​ផលិតកម្មដែលមាន​ស្រាប់ ការពង្រីក​តាមរយៈការ​ធ្វើ​ពិពិធកម្ម​មុខ​សញ្ញា​ផលិតកម្ម​ដែល​ស្ថិត​នៅ​ក្នុង​សែស្រឡាយ​ផលិតផល​ជាមួយគ្នា​ ការពង្រីក​តាមរយៈការ​បំពាក់​បច្ចេកវិទ្យា​ទំនើបថ្មី ដែលលើកកម្ពស់​ផលិតភាព ឬ ការ​ពារ​បរិស្ថាន ការពង្រីក ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ឱ្យ​សេវា​ទូរគមនាគមន៍​មូលដ្ឋាន ឬការ​ពង្រីក​ក្រោម​រូបភាពផ្សេងទៀត​ដែល​នឹង​ត្រូវ​កំណត់​​ដោយ​អនុក្រឹត្យ។

-«គម្រោង​វិនិយោគ​ដែល​ទទួល​បាន​ត្រឹមតែ​ការធានា​លើកា​រវិនិយោគ» សរសេរ​ជា​អក្សរកាត់ «គ. ធ. វ.» សំដៅ​ដល់​គម្រោង​វិនិយោគ​ដែលបាន​ចុះបញ្ជី​នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬនៅអនុគណៈកម្មាធិការ​វិនិយោគ​រាជធានី​ខេត្ត ដោយមានបញ្ជាក់ច្បាស់ថា​ជា​គម្រោង​វិនិយោគ​ដែល​ទទួល​បាន​ត្រឹមតែ​ការធានា​លើ​កា​រវិនិយោគ ប៉ុន្តែ​ពុំទទួលបានការលើកទឹកចិត្តផ្នែក​សារពើពន្ធ។

-«ថ្ងៃធ្វើការ» សំដៅដល់ថ្ងៃប្រតិទិន​ដែលជាថ្ងៃ​ធ្វើការ​ជាផ្លូវការ​របស់​រាជរដ្ឋាភិបាលកម្ពុជា។

-«ធាតុ​ចូល​ផលិតកម្ម» សំដៅ​ដល់​វត្ថុធាតុ​ដើម ផលិតផល​ពាក់កណ្ដាល​សម្រេច និង​សម្ភារៈ​បន្ទាប់​បន្សំ ​រួម​ទាំង​ទំនិញ ដែលត្រូវ​បំប្លែង​នៅក្នុងកិច្ចដំណើរការផលិតកម្ម លើកលែង​តែផលិតផល​តេលសិលា​និងគ្រឿង​បន្លាស់យានយន្ត។

-«នីតិបុគ្គលសញ្ជាតិខ្មែរ» សំដៅ​ដល់​ក្រុមហ៊ុន​ដែល​មានទីកន្លែង​អាជីវកម្ម​និង​បានធ្វើការចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយ​ដែលមាន​ភាគហ៊ុន​ចាប់ពី ៥១ (ហាសិបមួយ) ភាគរយ ក្នុងក្រុមហ៊ុន ត្រូវ​បានកាន់កាប់ដោយបុគ្គល​ដែល​មានសញ្ជាតិខ្មែរ។

-«បរិក្ខារសំណង់» សំដៅដល់បរិក្ខារដែលត្រូវបានផ្តុំ បង្កើត ឬផលិតឡើង ដើម្បី​ប្រើប្រាស់​ឬបំពាក់​ភ្ជាប់​នឹងសំណង់ ដើម្បីបង្កើនគុណភាព ផាសុកភាព និងភាពងាយស្រួលនៃ​ការប្រើប្រាស់​សំណង់ មាន​ជាអាទិ៍ អំពូលភ្លើង ខ្សែភ្លើង ខ្សែកាប​អុបទិក ឡាវ៉ាបូ រ៉ូប៊ីណេ ផើង​ងូតទឹក ជណ្ដើរយន្ត និង​ទុយោ លើកលែងតែ​ម៉ាស៊ីនត្រជាក់។ ការនាំចូល​ម៉ាស៊ីន​ត្រជាក់​សម្រាប់​សកម្មភាព​ឬ​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ជាក់លាក់​ណាមួយ នឹងទទួលបានការលើកទឹកចិត្តដោយឡែក ដែល​នឹង​ត្រូវ​កំណត់​នៅក្នុងច្បាប់​ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រង​ឬនៅក្នុង​អនុក្រឹត្យ។

-«បុគ្គល» សំដៅដល់រូបវន្តបុគ្គល​ឬនីតិបុគ្គល។

-«សម្ភារៈបរិក្ខារផលិតកម្ម» សំដៅដល់គ្រឿងចក្រ គ្រឿងម៉ាស៊ីន និងឧបករណ៍ផ្សេងៗ​សម្រាប់ប្រើ ប្រាស់​ជា​មូលដ្ឋាន​សំខាន់​ក្នុងខ្សែច្រវាក់ផលិតកម្ម លើកលែង​តែយានយន្ត។ ចំពោះ​ការនាំចូល​យានយន្ត សម្រាប់​សកម្មភាព​ឬគម្រោងវិនិយោគ​ក្នុងវិស័យជាក់លាក់​ណាមួយ នឹង​ទទួលបាន​ការ​លើក​ទឹកចិត្ត​ដោយឡែក ដែលនឹងត្រូវកំណ​ត់នៅក្នុងច្បាប់​ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឬនៅក្នុង​អនុក្រឹត្យ។

-«សម្ភារៈសាងសង់» សំដៅដល់សម្ភារៈសំណង់​ដែលបានបំប្លែង​ឬបានប្រើប្រាស់​ទាំងស្រុង​នៅ​ក្នុង​ការ​សាងសង់​សំណង់​នានា រួមបញ្ចូលទាំង​បរិក្ខារសំណង់​សម្រាប់ គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ (គ. ល. គ.) ប្រើប្រាស់​ដើម្បីដំណើរការ​សកម្មភាពវិនិយោគរបស់ខ្លួន នៅ​ក្នុង​ដំណាក់កាល​សាងសង់ដំបូង​ឬពង្រីក។

បរិក្ខារសំណង់ សម្ភារៈសាងសង់ និងសម្ភារៈបរិក្ខារផលិតកម្ម​ត្រូវមាន លក្ខខណ្ឌ​បច្ចេកទេស​និងបរិមាណ​សមស្រប​ទៅនឹង​គម្រោងវិនិយោគ។

-«អនុក្រឹត្យ» សំដៅដល់​អនុក្រឹត្យស្ដីពី​ការអនុវត្តច្បាប់​ស្តីពីវិនិយោគនៃ​ព្រះរាជាណាចក្រកម្ពុជា៕

បន្តអាន៖ ១៩ វិស័យ​​ជំរុញ​ឲ្យ​វិនិយោគ សម្រួល​ទាំង​ពន្ធដារ​​​ពន្ធគយ ​បន្ថែមលើក​ទឹកចិត្តជាច្រើនទៀត

បន្តអាន៖ ច្បាប់​វិនិយោគ​ថ្មី​កំណត់​ត្រឹម ២០ ថ្ងៃ​យ៉ាង​យូរ​ត្រូវ​ចេញ​វិញ្ញាបនបត្រ​ផ្តល់​ភ្លើង​ខៀវ​សំណើ​វិនិយោគ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៩ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៩ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម