ព័ត៌មានជាតិ
រដ្ឋាភិបាលបារាំង ប្រគល់គ្រឿងឥស្សរិយយសខ្ពស់បំផុតជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសខ្ពស់បំផុតពីរដ្ឋាភិបាលបារាំង។ ក្នុងនាមប្រធានាធិបតីបារាំង, លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយស ឡា ឡេស្យុង ដោនើរ ថ្នាក់អស្សឫទ្ធិ ជូនលោករដ្ឋមន្ត្រី ឈាង រ៉ា នៅស្ថានទូតបារាំង រាជធានីភ្នំពេញ។

ឡា ឡេស្យុង ដោនើរ គឺជាគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមជាងគេបំផុតរបស់ប្រទេសបារាំង ដែលត្រូវបានបង្កើតឡើងដោយព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត កាលពីឆ្នាំ១៨០២។ គ្រឿងឥស្សរិយយសនេះអាចប្រគល់ជូនជនបរទេស ដែលបានបំពេញការងារសម្រាប់ប្រទេសបារាំង ឬបានលើកស្ទួយបុព្វហេតុនានា ដែលប្រទេសបារាំងការពារ។

នៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស នារាត្រីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឯកអគ្គរដ្ឋទូតបារាំង បានគូសបញ្ជាក់ពីស្នាដៃរបស់លោករដ្ឋមន្ត្រី ឈាង រ៉ា ដែលបានរួមចំណែកលើកកម្ពស់ចំណងទាក់ទងដ៏ស្អិតរមួតរវាងប្រទេសបារាំង និងកម្ពុជា ក្នុងវិស័យសុខាភិបាល ជាពិសេសក្នុងវិស័យមន្ទីរពេទ្យ តាមរយៈតួនាទីប្រកបដោយការទទួលខុសត្រូវរបស់លោក ឈាង រ៉ា នៅមន្ទីរពេទ្យកាល់ម៉ែត។ បើតាមលោកឯកអគ្គរដ្ឋទូត ក្រោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស៍ មន្ទីរពេទ្យកាល់ម៉ែត ត្រូវបានជ្រើសរើសជាមន្ទីរពេទ្យបង្អែកថ្នាក់ជាតិ ដើម្បីទទួលជំនួយពីបារាំង លើការកសាងប្រព័ន្ធមន្ទីរពេទ្យឡើងវិញ។ ខណៈនោះ លោក ឈាង រ៉ា បានបំពេញការងារនៅមន្ទីរពេទ្យកាល់ម៉ែត រយៈពេលជាង២៥ឆ្នាំ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ ដំបូងក្នុងនាមជាអគ្គនាយករង និងបន្ទាប់មកជាអគ្គនាយក។

លោក ហ្សាក់ ប៉ឺឡេ បានគូសបញ្ជាក់ដូច្នេះថា៖ «៣០ឆ្នាំក្រោយមក គោលដៅរបស់យើងត្រូវបានសម្រេចយ៉ាងពេញលេញ ហើយលោក ឈាង វ៉ា គឺជាតួអង្គដ៏សំខាន់ម្នាក់នៃជោគជ័យនេះ ដោយសារកិច្ចខិតខំប្រឹងប្រែង និងការបំពេញការងារមិនចេះនឿយហត់ប្រកបដោយវិជ្ជាជីវៈរបស់លោក ឈាង រ៉ា»។ លោករដ្ឋទូតបន្តថា ភាពរីកចម្រើនគួរឱ្យកត់សម្គាល់ដែលកម្ពុជាសម្រេចបានក្នុងវិស័យសុខាភិបាល ចាប់តាំងពីឆ្នាំ១៩៩៣ ដោយបាន សង្កេតឃើញពីចំណេះដឹងជ្រៅជ្រះផ្នែកវេជ្ជសាស្ត្រ និងគ្រូពេទ្យប្រកបដោយបទពិសោធន៍ខ្ពស់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍បច្ចេកវិទ្យាទំនើបៗ។

ក្នុងឱកាសនោះ លោក ឈាង វ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់បារាំង ដែលបានគាំទ្រយ៉ាងមោះមុត និងឥតងាករេរដល់វិស័យសុខាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រី បានរំលឹកពីឥស្សរជនបារាំងជាច្រើនរូប ដែលបានប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំមកនេះ ជួយឱ្យវិស័យសុខាភិបាលនៅកម្ពុជាមានការរីកចម្រើន។ លោក គូសបញ្ជាក់ថា ការរីកចម្រើនដែលសម្រេចបាន គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួម ហើយវាក៏ជាមោទនភាពរួម និងជាងនេះទៅទៀត លោករដ្ឋមន្ត្រី សង្ឃឹមជឿជាក់លើការជួយជ្រោមជ្រែងពីអ្នកជំនាញបារាំង ដើម្បីបន្តកិច្ចសហប្រតិបត្តិការសុខាភិបាលមួយដោយភាពរលូន និងទំនុកចិត្ត៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?