ព័ត៌មានជាតិ
តើការបរបាញ់សត្វព្រៃ ត្រូវផាកពិន័យ និងរងទោសទណ្ឌបែបណា?
កាលពីពេលថ្មីៗនេះ មានមន្ត្រីកងរាជអាវុធហត្ថមួយរូប បានបាញ់សម្លាប់សត្វកុកមួយក្បាល ដោយប្រើប្រាស់កាំភ្លើងខ្យល់។ ក្រោយប្រព្រឹត្តសកម្មភាពនេះ មន្ត្រីរូបនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការទៅតាមផ្លូវច្បាប់។ តើការបរបាញ់សត្វព្រៃ ត្រូវផាកពិន័យ និងរងទោសទណ្ឌបែបណា?
តាមច្បាប់ស្តីពីព្រៃឈើ ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នងប្រទេសកម្ពុជា គឺជាសម្បត្តិរបស់រដ្ឋ និងជាសមាសភាពនៃធនធានព្រៃឈើដែលរួមមាន ពពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ថលជលិកសត្វ និងសត្វឥតឆ្អឹងកងផ្សេងទៀត ព្រមទាំងកូនរបស់វា។ ពពួកសត្វព្រៃទាំងអស់នេះ ស្ថិតនៅក្រោមការគ្រប់គ្រង ការសិក្សាស្រាវជ្រាវ និងអភិរក្សដោយរដ្ឋបាលព្រៃឈើ ដោយមិនរាប់បញ្ចូលត្រី និងសត្វបង្កកំណើតក្នុងទឹក។
មាត្រា៤៩ នៃច្បាប់ស្តីពីព្រៃឈើ បានហាមឃាត់ដាច់ខាតរាល់សកម្មភាពបរបាញ់ យាយីបំផ្លិចបំផ្លាញសត្វព្រៃគ្រប់ប្រភេទ ដោយការប្រើប្រាស់មធ្យោបាយបង្កគ្រោះថ្នាក់គ្រប់ប្រភេទ ការប្រមាញ់ក្នុងរដូវកាលហាមឃាត់ និងប្រមាញ់ក្នុងតំបន់ការពារ និងទីសាធារណៈពិសេស។ មាត្រា៩០ នៃច្បាប់នេះ បានចែងថា ទណ្ឌកម្មក្នុងបទល្មើសព្រៃឈើមាន ទោសជាប់ពន្ធនាគារ រឹបអូសវត្ថុតាង ពិន័យដោយតុលាការ ពិន័យអន្តរការណ៍ ការជួសជុលការខូចខាត ការព្រមាន ការដកហូត ឬការព្យួរកិច្ចព្រមព្រៀង ឬលិខិតអនុញ្ញាត។ ក្នុងករណីជនល្មើស មិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ ឬជួសជុលការខូចខាត រដ្ឋបាលព្រៃឈើអាចបញ្ជូនសំណុំរឿងបទល្មើសទៅតុលាការ។ ចំពោះមន្រី្តរាជការដែលប្រព្រឹត្តបទល្មើសព្រៃឈើ ត្រូវទទួលទោសរដ្ឋបាលបន្ថែមលើទោសទណ្ឌដែលកំណត់ក្នុងច្បាប់នេះ។
នៅក្នុងច្បាប់ដដែលនេះ ត្រង់មាត្រា៩៦ បានចែងថា ជនណាដែលប្រព្រឹត្តបទល្មើសបរបាញ់ក្នុងទីសាធារណៈ ហើយមិនរាងចាលក្នុងរយៈពេល១ខែ ត្រូវទទួលការពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើជាប្រាក់ចំនួន ២ដង ទៅ ៤ដង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ។ វត្ថុតាងពិតប្រាកដនៃបទល្មើសព្រៃឈើ ត្រូវរឹបអូសជាសម្បត្តិរដ្ឋស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ចំណែក មាត្រា៩៧ អ្នកដែលបរបាញ់ សម្លាប់ ធ្វើពាណិជ្ជកម្ម ឬនាំចេញប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវផ្តន្ទានទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរបស់រដ្ឋ។ ជនណាប្រព្រឹត្តបទល្មើសព្រៃឈើថ្នាក់ទី១ មិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដងនៃបទល្មើសព្រៃឈើថ្នាក់ទី១ នៃច្បាប់នេះ។
រីឯ នៅមាត្រា៩៨ អ្នកដែលបរបាញ់ក្នុងរដូវកាលហាមឃាត់ ឬក្នុងតំបន់ការពារ ការបរបាញ់ សម្លាប់ ធ្វើពាណិជ្ជកម្ម ឬនាំចេញប្រភេទសត្វក្នុងក្រុមមានដោយកម្រ និងបរបាញ់សត្វព្រៃដោយប្រើមធ្យោបាយបង្កគ្រោះថ្នាក់ដល់ជីវសាស្ត្រសត្វ ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី២ ដែលត្រូវជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ១០០លានរៀល ហើយវត្ថុតាងទាំងអស់ ត្រូវរឹបអូសជាសម្បត្តិរដ្ឋ។ ជនណាប្រព្រឹត្តបទល្មើសព្រៃឈើថ្នាក់ទី២ មិនរាងចាល ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ នៃច្បាប់នេះ។
ដោយឡែក មាត្រា៩៩ ចែងថា ចំពោះជនណាដែលយាយី ធ្វើឱ្យរបួស ប្រមូលពងកូននៃប្រភេទសត្វក្នុងក្រុមជិតផុតពូជ ឬក្រុមមានដោយកម្រ ឬបំផ្លាញជម្រករបស់វា ត្រូវផ្តន្ទានទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី៣ ដែលត្រូវជាប់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ ឬ ផ្តន្ទាទោសពិន័យជាប្រាក់ពី ១លានរៀល ទៅ ១០លានរៀល វត្ថតាងទាំងអស់អាចត្រូវរឹបអូសមកជាសម្បត្តិរដ្ឋ។ ជនណាប្រព្រឹត្តបទល្មើសព្រៃឈើថ្នាក់ទី៣ មិនរាងចាល ត្រូវផ្តន្ទានទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី២ នៃច្បាប់នេះ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»