ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ៖ រដ្ឋផ្ទេរថវិកាជាង៤រយលាន ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រើសម្រាប់ដំណើរការគ្រឹះស្ថានសិក្សា
លោក ស សុខា បានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចផ្ទេរថវិកាភ្ជាប់ដោយលក្ខខណ្ឌ ប្រមាណជាង៤០០លានដុល្លារ ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រើប្រាស់សម្រាប់ដំណើរការគ្រឹះស្ថានបឋមសិក្សា មត្ដេយ្យសិក្សា និងមជ្ឈមណ្ឌលសិក្សាសហគមន៍ ស្របពេលក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងមុខងារសាធារណៈក៏ត្រៀមផ្ទេរបុគ្គលិកអប់រំជាគ្រូបង្រៀនប្រមាណ៦០.០០០នាក់ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗជាអ្នកគ្រប់គ្រង និងចាត់ចែង។
លោក ស សុខា បានឱ្យដឹងបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ បែបបទ និងនីតិវិធីសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជននិងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រៀបចំនៅក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ
ក្នុងពិធីដដែល រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានគូសបញ្ជាក់ថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការផ្តល់ឱកាសឱ្យរដ្ឋបាលមូលដ្ឋាន មានទំនួលខុសត្រូវដោយផ្ទាល់ និងច្បាស់លាស់លើការផ្តល់សេវាជូនប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌ ខណៈកន្លងមក ការងារនេះស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រង និងចាត់ចែងរបស់ក្រសួងអប់រំ យុវជន និងកីឡា។
បើតាមឧបនាយករដ្ឋមន្ត្រី ភាពជោគជ័យ នៃការអនុវត្តមុខងារដែលបានផ្ទេរទៅនេះ គឺអាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែងដឹកនាំ គ្រប់គ្រង និងចាត់ចែងរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌនីមួយៗ ពីព្រោះមុខងារដែលបានផ្ទេរមកនេះ គឺជា មុខងារជាកាតព្វកិច្ច ដែលមានន័យថា ចាំបាច់ត្រូវតែអនុវត្ត និងក៏ជាមុខងារដែលមានថវិកាប្រើប្រាស់ច្បាស់លាស់ ដោយមិនអាចបង្វែថវិកាទាំងនោះយកទៅប្រើប្រាស់ក្នុងវិស័យផ្សេងបានឡើយ។ ប្រសិនបើមានបញ្ហាប្រឈមណាមួយ ប្រមុខក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ ពិគ្រោះយោបល់ ឬសុំយោបល់ពីមន្ទីរអប់រំ យុវជន និងកីឡា ឬមន្ទីរពាក់ព័ន្ធនានា ឬក្រសួងពាក់ព័ន្ធនៅថ្នាក់ជាតិដើម្បីជួយគាំទ្របន្ថែម។
សម្រាប់លោក ស សុខា ជោគជ័យនៃការធ្វើវិមជ្ឈការវិស័យអប់រំ យុវជន និងកីឡា មួយនេះ គឺជាផ្នែកនៃជោគជ័យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដ្បិតរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យក ការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១ និងជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ដែលទាមទារចាំបាច់បំផុតនូវការជំរុញ ពង្រឹង និងលើកកម្ពស់គុណភាពអប់រំ ចាប់ពីកម្រិតមូលដ្ឋានឡើងទៅ។
រាជរដ្ឋាភិបាល បានអនុវត្តសាកល្បង និងដកបទពិសោធមុនគេនូវការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ចាប់ពីឆ្នាំ២០២០មក។ ផ្អែកតាមការសិក្សាវាយតម្លៃដោយក្រុមការងារអន្តរក្រសួង ធ្វើឡើងកាលពីឆ្នាំ២០២៣ បានបង្ហាញថាការអនុវត្តយន្តការមួយនេះ ទទួលបានលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់។ ផ្អែកលើលទ្ធផល នៃការអនុវត្ដសាកល្បងនេះ រាជរដ្ឋាភិបាល បានសម្រេចពង្រីកការផ្ទេរនេះទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសចាប់ពីឆ្នាំ២០២៤ នេះតទៅតែម្ដង៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៣ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ