ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ គាំទ្រកម្មវិធីសិក្សា«រៀនតាមរយៈការលេង និងបរិស្ថាន» របស់ជប៉ុន
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រកម្មវិធីសិក្សា ឬ ឯកសារបច្ចេកទេស ស្តីពី«រៀនតាមរយៈការលេង និងបរិស្ថាន» របស់ប្រទេសជប៉ុន ព្រោះថាវាជាវិធីសាស្ត្រមួយដ៏សំខាន់ក្នុងការអនុវត្តកម្មវិធីមត្តេយ្យសិក្សាឆ្លើយតបការអភិវឌ្ឍផ្នែករាងកាយ សុខភាព សីលធម៌ ការយល់ដឹង និងការគិត និងការអភិវឌ្ឍផ្នែកភាសារបស់កុមារ។

ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ឯកសារបច្ចេកទេសស្តីពី«រៀនតាមរយៈការលេង និងបរិស្ថាន» កាលពីរសៀលថ្ងៃទី ២ កុម្ភៈ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឯកសារបច្ចេកទេស ស្តីពី «រៀនតាមរយៈការលេង និងបរិស្ថាន» នេះ មានឯកសារចំនួន ៣ ក្បាល ក្នុងនោះរួមមាន ឯកសារស្តីពីការរៀនតាមរយៈការលេង និងបរិស្ថាន ,ការផលិត សម្ភារៈល្បែង ,និងរឿងនិទានសម្រាប់មត្តេយ្យសិក្សា ដែលសុទ្ធសឹងជាឯកសារបច្ចេកទេសសម្រាប់បម្រើដល់ការអប់រំកុមារតូច និង ជាឯកសារគាំទ្រដល់ការអនុវត្តកម្មវិធីសិក្សាសម្រាប់មត្តេយ្យសិក្សានៅកម្ពុជា ក៏ដូចជា ប្រកាសដាក់ឱ្យអនុវត្តទ្រឹស្ដី “ការរៀនតាមរយៈការលេង និងបរិស្ថាន»។

លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា កម្មវិធីលម្អិតមត្តេយ្យសិក្សា បានកំណត់គោលដៅរួមដោយជំរុញការអនុវត្តសកម្មភាព «ការសិក្សារៀនសូត្ររបស់កុមារចាប់ផ្តើមពីការប្រើប្រាស់ញ្ញាណ និងចិត្តចលភាព តាមរយៈសកម្មភាពលេង និងសកម្មភាពផ្ទាល់របស់កុមារ» ដែលសកម្មភាពនេះបានបង្កប់នូវអាថ៌កំបាំងសមត្ថភាពរបស់កុមារ ដែលមិននឹកស្មានដល់។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា « ហេតុនេះ «រៀនតាមរយៈការលេង និងបរិស្ថាន» ឬ «លេងគឺរៀន រៀនគឺលេង» ជាវិធីសាស្ត្រ មួយដ៏សំខាន់ក្នុងការអនុវត្តកម្មវិធីមត្តេយ្យសិក្សា ដែលឆ្លើយតបការអភិវឌ្ឍផ្នែករាងកាយ និងសុខភាព , ការអភិវឌ្ឍផ្នែកសីលធម៌ និងវប្បធម៌ , ការអភិវឌ្ឍផ្នែកសង្គម និងអារម្មណ៍ , ការអភិវឌ្ឍផ្នែកការយល់ដឹង និងការគិត និង ការអភិវឌ្ឍផ្នែកភាសា»។

លោកឧបនាយករដ្ឋមន្ត្រី បានស្នើអង្គភាពជំនាញពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំងអស់ ផ្សព្វផ្សាយបន្តដល់គ្រប់សាលា និងថ្នាក់មត្តេយ្យសិក្សា ដើម្បីចូលរួមជំរុញការអនុវត្តឯកសារបច្ចេកទេសស្តីពី ការរៀបចំបរិស្ថានសិក្សាតាមរយៈការលេង រឿងនិទាន និងការផលិតសម្ភារៈល្បែងសម្រាប់កុមារតូច។
ជាមួយគ្នានេះអង្គភាពជំនាញ ត្រូវពិនិត្យឡើងវិញ និងដាក់ឱ្យអនុវត្តតេស្តកុមារតូចកម្រិតមត្តេយ្យសិក្សាឡើងវិញ ដើម្បីរៀបចំក្របខ័ណ្ឌវាយតម្លៃសមត្ថភាពកុមារឱ្យបានសមស្របទៅតាមការអភិវឌ្ឍចិត្តសង្គមរបស់កុមារតូច។ សាលាមត្តេយ្យសិក្សា និងថ្នាក់មត្តេយ្យសិក្សាគ្រប់រូបភាព ត្រូវរៀបចំបរិស្ថានសិក្សាក្នុង និងក្រៅថ្នាក់ ឱ្យស្របតាមលក្ខណៈបច្ចេកទេស នៃការអនុវត្តកម្មវិធីសិក្សា។ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការថែទាំសុខភាព និងអនាម័យ សម្រាប់កុមារតូច និងត្រូវចូលរួម និងជំរុញការអនុវត្តស្តង់ដារសាលាមត្តេយ្យសិក្សាគំរូ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាប្រយោជន៍សម្រាប់កុមារតូចនៅកម្ពុជា៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ