ព័ត៌មានជាតិ
សេចក្តីព្រាងច្បាប់ដឹកជញ្ជូនតាមផ្លូវទឹកឆ្លងផុតគណៈរដ្ឋមន្រ្តី ដាក់ជាកិច្ចការប្រញាប់ឲ្យបន្តនីតិវិធីបញ្ចប់ឲ្យបានឆាប់
“សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក” ត្រូវបានអនុម័តក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងបន្តនីតិវិធីក្នុងការស្នើសុំសេចក្តីទុកចិត្តពីស្ថាប័ននីតិប្បញ្ញត្តិ ដោយធ្វើកិច្ចការជាការប្រញាប់សំដៅធ្វើឱ្យសេចក្តីព្រាងច្បាប់នេះចូលជាធរមាន និងអាចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។
នៅក្នុងសេចក្តីថ្លែងហេតុលើកឡើងដោយរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បញ្ចកោណទី២ មុំទី២ ត្រង់ ចំណុចទី៤ ដែលបានរំលេចយ៉ាងច្បាស់ពីការពន្លឿនការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានតាក់តែងឡើងដើម្បីកំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ អន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក បន្ទាប់ពីបានអនុម័តនិងដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ រំពឹងថានឹងក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់សម្រាប់ពង្រឹងការគ្រប់គ្រង និងលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
សេចក្តីព្រាងច្បាប់ដែលមាន១៨ជំពូក និង២៧៥មាត្រានេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗ ដូចខាងក្រោម៖
១- ធានាឱ្យមានការគ្រប់គ្រងនាវា នាវិក កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រួមទាំងផ្នែកពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព។
២- ផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែរជានាវិក ដើម្បីបម្រើការងារនៅលើនាវាដែលធ្វើនាវាចរណ៍នៅក្នុង និងក្រៅប្រទេស។
៣- ជំរុញការវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកជាអាទិ៍ ការបង្កើតក្រុមហ៊ុននាវាចរណ៍ សេវាកម្ម នាវាចរណ៍ យានដ្ឋាននាវាសម្រាប់ផលិត និងជួសជុលនាវា ការសាងសង់ និងធ្វើប្រតិបត្តិការឋបនីយភណ្ឌផែ ការបង្កើតនិងធ្វើប្រតិបត្តិការគ្រឹះស្ថានបណ្តុះបណ្តាលនាវិក។
៤- ជំរុញការប្រើប្រាស់ផ្លូវទឹកឱ្យមានភាពរស់រវើក សម្រាលបន្ទុកនៃការប្រើប្រាស់ផ្លូវថ្នល់ ដើម្បីរួមចំណែកកាត់បន្ថយចំណាយរបស់រដ្ឋ ក្នុងការជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
៥- ជំរុញឱ្យមានការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយដែលជាផ្នែកដ៏សំខាន់មិនអាចខ្វះបាន ស្របតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣- ២០៣៣ របស់រាជរដ្ឋាភិបាល។
៦- ចូលរួមបំពេញកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជាសមាជិកនៃអង្គការអន្តរជាតិលើ វិស័យដឹកជញ្ជូនតាមផ្លូវទឹក។
ដោយមើលឃើញនូវតម្រូវការចាំបាច់ជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយដៃគូអភិវឌ្ឍន៍ធ្វើការសិក្សា និងវិភាគគ្រប់ជ្រុងជ្រោយលើភាពប្រទាក់ក្រឡាស៊ីសង្វាក់គ្នា និងភាពងាយស្រួលក្នុងការអនុវត្ត រហូតតាក់តែងបាន “សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក” ព្រមទាំងបានដាក់ឆ្លងការពិភាក្សាផ្តល់យោបល់ និងកែសម្រួលនៅក្នុងកិច្ចប្រជុំជំនាញបច្ចេកទេស កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗ។ ជាលទ្ធផលសេចក្តីព្រាងច្បាប់មួយដែលមានខ្លឹមសារអត្ថន័យត្រឹមត្រូវ ពេញលេញ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ត្រូវបានអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងសម្រេចអនុម័តនាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត