ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ រាជរដ្ឋាភិបាល ផ្ដល់ឱកាសស្មើៗ គ្នា ក្នុងការប្រឡងជា មន្ត្រីរាជការ
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) លើកឡើងថា «រាជរដ្ឋាភិបាល បានផ្តល់ឱកាសស្មើៗ គ្នា និងពង្រីកឱកាសបន្ថែម ជូនដល់យុវជន និងសាធារណជន ដើម្បីចូលរួមប្រឡងប្រជែង ក្លាយខ្លួនជាមន្ត្រីរាជការ»។

តាមរយៈទំព័រហ្វេសប៊ុក កាលពីយប់ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានបញ្ចប់នាថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ដោយជោគជ័យ និងគួរជាទីមោទនៈ។ ឯកឧត្ដម សូមចូលរួមអបអរសាទរចំពោះភាពជោគជ័យរបស់បេក្ខជនទាំង ១០០ រូប ដែលបានជាប់ជាស្ថាពរក្នុងការប្រឡងប្រជែង។ ក្នុងនោះ ឯកឧត្ដម ក៏បានលើកទឹកចិត្តដល់បេក្ខជនដទៃទៀតមិនទាន់ទទួលបានជោគជ័យពេលនេះ សូមបន្តប្រឹងប្រែង និងចូលរួមក្នុងការប្រឡងប្រជែងជាបន្តបន្ទាប់ ដែលក្រសួងមុខងារសាធារណៈ នឹងសហការរៀបចំជាមួយក្រសួង ស្ថាប័ន នានា ជាបន្តបន្ទាប់ នាពេលខាងមុខ។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសរសេរបន្តថា ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលតាមយន្តការប្រឡងប្រជែងថ្មី ដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព នេះ គឺជាការអនុវត្តស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ជាពិសេសការណែនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល ដោយធានាបាននូវការផ្តល់ឱកាសស្មើៗ គ្នា និងពង្រីកឱកាសបន្ថែម ជូនដល់ យុវជន និងសាធារណជន ក្នុងការចូលរួមប្រឡងប្រជែងក្លាយខ្លួនជាមន្ត្រីរាជការបម្រើប្រទេសជាតិ និងប្រជាជន ប្រកបដោយសមត្ថភាព និងមានវិជ្ជាជីវៈពិតប្រាកដ។

ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានសរសេរបន្តទៀតថា ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម សូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ក្រុមការងារគ្រប់ៗ រូប ទាំងអន្តរក្រសួង និងភាគីពាក់ព័ន្ធ ដែលចូលរួមជាចលករនាំឲ្យដំណើរការប្រឡងប្រជែងប្រព្រឹត្តទៅបានដោយជោគជ័យ ហើយឆ្លើយតបនឹងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ មានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។

គួរជម្រាបថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានចាប់ផ្ដើមនៅថ្ងៃទី ២៨ ខែមករា សម្រាប់ប្រឡងវិញ្ញាសាសរសេរ។ ដោយឡែក វិញ្ញាសាអនុវត្តកីឡា បានចាប់ផ្ដើមពីថ្ងៃទី ២៩ ខែមករា ដល់ព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ ចំពោះដំណើរការប្រឡងគ្រូអប់រំកាយ និងកីឡា គឺបានបញ្ចប់ដោយជោគជ័យ និងគួរជាទីមោទនៈ កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញនេះ៕
អត្ថបទ ៖ ពិសី





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ