ព័ត៌មានជាតិ
បេក្ខជនមិនអស់ចិត្តនឹង លទ្ធផលប្រឡងគ្រូកីឡា អាចស្នើសុំពិនិត្យកិច្ចការរបស់ខ្លួនបាន
បេក្ខជនដែលមិនអស់ចិត្ត ចំពោះលទ្ធផល ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា អាចស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួនបាន។

ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពី “ការបញ្ចប់ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា” ដោយគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការជាគ្រូបង្រៀន ឱ្យបម្រើការក្នុងក្របខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការ នៃការប្រឡងប្រជែងជ្រើសរើស គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រកបដោយវិន័យ សណ្តាប់ធ្នាប់ និងសុក្រឹតភាព ស្ថិតក្រោមការតាមដានមើលរបស់អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

ជាមួយគ្នានេះ គណៈកម្មការរៀបចំការប្រឡង បានបញ្ជាក់ថា បេក្ខជនដែលមិនអស់ចិត្ត ចំពោះលទ្ធផល និងមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់ជាលាយលក្ខណ៍អក្សរ មកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ។ ក្រសួងមុខងារសាធារណៈ នឹងចេញសេចក្ដីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ ដើម្បីបន្តនីតិវិធី នៃការរៀបចំការបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងផ្តល់ក្របខណ្ឌស្របតាមលិខិត បទដ្ឋានជាធរមាន។
សូមជម្រាបជូនផងដែរថា បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមបណ្តុះបណ្តាល ហើយករណីមានបេក្ខជនជាប់ជាស្ថាពរបោះបង់ក្របខណ្ឌ ក្រសួងអាចជ្រើសរើសយកបេក្ខជន ជាប់បម្រុងដែលមានពិន្ទុខ្ពស់ជាងគេក្នុងខេត្ត ដើម្បីជំនួសបាន។ ការជ្រើសរើសជំនួសនេះ អាចអនុវត្ត បានតែក្នុងរយៈពេល ២ សប្តាហ៍ បន្ទាប់ពីការបណ្តុះបណ្តាលចាប់ផ្តើមតែប៉ុណ្ណោះ។

គណៈកម្មការរៀបចំការប្រឡង បានប្រកាសបញ្ជីលទ្ធផលបេក្ខជនជាប់ជាស្ថាពរជាសាធារណៈ តាមគេហទំព័រផ្លូវការរបស់ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា និងយន្តការផ្សព្វផ្សាយនានាផងដែរ។ ទន្ទឹមនឹងនេះ គណៈកម្មការរៀបចំការប្រឡង ក៏បានគូសបញ្ជាក់សម្គាល់ជូនបេក្ខជនជាប់ជាស្ថាពរ ចំពោះនីតិវិធីបន្តបន្ទាប់ពីការប្រកាសលទ្ធផល ដោយក្នុងរយៈពេល មួយសប្តាហ៍ ត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧៖០០ ជាកំហិត បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរត្រូវផ្ដល់ការបញ្ជាក់ទទួលយកក្របខណ្ឌនៅទីកន្លែងការងារដែលបានជ្រើសរើស មកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារ សាធារណៈ តាមរយៈទូរស័ព្ទ /តេឡេក្រាម ០៨៩ ៨៣៩ ១៣៨។

គួរបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការតាមប្រព័ន្ធប្រឡងប្រជែងថ្មី ដែលជាវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពង់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវការផ្ដល់ឱកាសស្មើៗគ្នា និងពង្រីកឱកាសបន្ថែម ជូនដល់យុវជន និងសាធារណជន ក្នុងការចូលរួមប្រឡងប្រជែងក្លាយ ខ្លួនជាមន្ត្រីរាជការបម្រើប្រទេសជាតិ និងប្រជាជន ប្រកបដោយសមត្ថភាព និងមានវិជ្ជាជីវៈពិតប្រាកដ។ ការប្រឡងប្រជែងនេះដែរ មានការចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័ន អនុគណៈកម្មការជំនាញ និងអ្នកសារព័ត៌មាន ដើម្បីធ្វើជាសាក្សីក្នុងដំណើរការប្រឡងតាំងពីថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបញ្ចប់ប្រកាសលទ្ធផល៕
ព័ត៌មានលម្អិត៖



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ