ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការវាយតម្លៃទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ជាការជំរុញភាពជាគំរូ ក្នុងការផ្ដល់សេវាជូនប្រជាជនកាន់តែប្រសើរ
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា «ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ជាការជំរុញភាពជាគំរូ ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាជនកាន់តែប្រសើរ»។

នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរថា ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ដោយមានការទទួលស្គាល់ និងផ្ដល់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ជាគំនិតផ្ដួចផ្ដើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ក៏ដូចជាការកសាងភាពជាគំរូ នៃការផ្ដល់សេវាសាធារណៈ ដោយចាប់ផ្ដើមពីវិស័យអប់រំ និងវិស័យសុខាភិបាល។ ការវាយតម្លៃ ត្រូវបានធ្វើឡើងយ៉ាងសុក្រឹត និងមានការចូលរួមពីគ្រប់ជាន់ថ្នាក់ ចម្រុះអន្តរក្រសួង ស្ថាប័ន ចាប់តាំងពីថ្នាក់ក្រុង/ស្រុក/ខណ្ឌ រាជធានី/ខេត្ត និងថ្នាក់ជាតិ។

ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរបន្តថា ឆ្លងកាត់ដំណាក់កាលការជ្រើសរើសបឋម និងដំណាក់កាលជ្រើសសម្រាំងកន្លងមក ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ បានឈានមកដល់ដំណាក់កាលវាយតម្លៃថ្នាក់ជាតិចុងក្រោយ ដើម្បីស្វែងរកជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ ២០២៣ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដោយមានបេក្ខភាពជ័យលាភីចំនួន ១៥ អង្គភាព ចុងក្រោយចូលរួមធ្វើបទបង្ហាញដោយផ្ទាល់ នៅសាលាភូមិន្ទរដ្ឋបាល រយៈពេល ២ ថ្ងៃ ដោយចាប់ផ្ដើម នាព្រឹកមិញនេះ។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សរសេរបញ្ជាក់ថា បេក្ខភាពទាំងអស់ ត្រូវឆ្លងកាត់លក្ខណៈវិនិច្ឆ័យយ៉ាងល្អិតល្អន់ចំនួន ៨ ចំណុច ដែលពាក់ព័ន្ធជាមួយស្តង់ដារសេវាសាធារណៈ, និយាម នៃការផ្ដល់សេវា, ការគ្រប់គ្រងហិរញ្ញវត្ថុ, ការគ្រប់គ្រងធនធានមនុស្ស, ការរៀបចំកែលម្អបរិស្ថានអនាម័យ, ទំនាក់ទំនងជាមួយសហគមន៍, ការដោះស្រាយបញ្ហាប្រឈម និងនវានុវត្តន៍។

ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានសរសេរបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការឈានដល់ដំណាក់កាលវាយតម្លៃចុងក្រោយនេះ ឯកឧត្ដម សូមវាយតម្លៃខ្ពស់ និងកោតសរសើរ ក៏ដូចជាអរគុណដល់អង្គភាពបេក្ខភាពផ្ដល់សេវាសាធារណៈគំរូទាំងអស់ ដែលបានចូលរួមកន្លងមក។ ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ អង្គភាពទាំងអស់ សុទ្ធតែបានផ្ដល់ភាពជាគំរូរួចជាស្រេចទៅហើយ តាមរយៈការចូលរួមប្រកួតប្រជែងនេះ។ ក្នុងន័យនេះ ឯកឧត្ដម ជឿជាក់ថា អង្គភាពនីមួយៗ ពិតជាអាចមើលឃើញនូវវឌ្ឍនភាព និងការរីកចម្រើនជាក់ស្ដែងក្នុងអង្គភាពរបស់ខ្លួនដោយផ្ទាល់ ក្នុងគោលដៅផ្ដល់សេវាជូនប្រជាជនកាន់តែប្រសើរ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ