ព័ត៌មានជាតិ
រដ្ឋបាលរាជធានីហាមដុតផាវ កាំជ្រួច និងលេងល្បែងស៊ីសងនៅថ្ងៃបុណ្យចូលឆ្នាំចិន
រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានប្រកាសហាមមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមខាងមុខនេះ។
រដ្ឋបាលរាជធានីភ្នំពេញក៏ហាមមិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងជំរុញឱ្យអាជ្ញាធរចាត់វិធានការឱ្យម៉ឺងម៉ាត់កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញផងដែរ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមបញ្ជាក់ថា៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖
១-ហាមដាច់ខាត
– មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ
– មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ
– ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។
២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្ដីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជ ទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើត ឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។
៣-ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យ ដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
៤-រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយណែនាំ ដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំ នេះឱ្យមានប្រសិទ្ធភាព។
៥-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្ដាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។
៦-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងត្រូវចេញបទបញ្ជាឱ្យម៉ឹងម៉ាត់ដល់កម្លាំងរបស់ខ្លួនដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
៧-ជនណាដែលនូវតែបំពាន ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕
អត្ថបទ៖ ស្រីរ័ត្ន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ