ព័ត៌មានជាតិ
ខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីឱ្យបុណ្យទន្លេលើកទី៨ មានភាពទាក់ទាញកាន់តែខ្លាំង
តាមការគ្រោង បុណ្យទន្លេលើកទី៨ ដែលធ្វើឡើងនៅខេត្តសៀមរាប នឹងធ្វើនៅលើទីតាំងសួនច្បារកន្លែងហាត់ប្រាណមុខព្រះរាជដំណាក់ និងនៅតាមដងស្ទឹងសៀមរាប។ អាជ្ញាធរខេត្តសៀមរាប មានគម្រោងរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីឱ្យបុណ្យទន្លេលើកទី៨ នេះ មានភាពទាក់ទាញកាន់តែខ្លាំង។

ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឱ្យសម្បូរបែបដូចជា ទស្សនីយភាពសិល្បៈ ការតាំងពិព័រណ៍ និងសកម្មភាពកម្សាន្តផ្សេងៗ ការប្រណាំងកង់ ការរត់កម្សាន្ត ការប្រណាំងទូក ការប្រកួតវាយកូនគោល និងការរៀបចំទីតាំងសម្រាប់ប្រារព្ធពិធីបើកជាផ្លូវការ និងទីតាំងកម្មវិធីតន្ត្រីកម្សាន្តនានាក្នុងខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានច្រើនមកទស្សនាក្នុងអំឡុងពេលបុណ្យទន្លេនោះ។ លើសពីនេះ អ្នកពាក់ព័ន្ធ ក៏នឹងពិនិត្យមើលអំពីលទ្ធភាពពន្លាតទីតាំងកម្សាននានា នៅតាមបណ្តារមណីយដ្ឋានទេសចរណ៍ដែលនៅមាត់បឹងទន្លេសាបផងដែរ។

បន្ថែមពីនេះ ដើម្បីឱ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ កាន់តែមានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត អាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីស្វែងរកធាតុចូលនានាពីបណ្តាមន្ទីរអង្គរភាព និងវិស័យឯកជន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។ នៅក្នុងកិច្ចប្រជុំនោះ ទាំងវិស័យឯកជន និងមន្ទីរអង្គភាពនានា បានលើកឡើងនូវគំនិតផ្តួចផ្តើមនានាជាច្រើនសម្រាប់បង្កើនភាពទាក់ទាញ និងមានអត្ថន័យអប់រំផងដែរ។ គំនិតផ្តួចផ្តើមទាំងនោះ មានដូចជា ការរៀបចំបង្ហាញនូវរូបភាពត្រីទឹកសាប ជាពិសេស ប្រភេទត្រីដែលជិតផុតពូជ ការដាំកូនឈើនៅមាត់បឹងទន្លេសាប ការជិះទូកកម្សាន្តនៅសហគមន៍ទេសចរណ៍នានា ការរៀបចំប្រកួតប្រដាល់គុនខ្មែរ ការបង្ហាញនូវមុខម្ហូបរបស់ខ្មែរដែលផលិតអំពីសាច់ត្រីទឹកសាបកម្ពុជា ការប្រកួតគូគំនូររបស់កុមារដែលមានខ្លឹមសារអប់រំបរិស្ថាន ជាដើម។

លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ការលើកឡើងទាំងអស់នេះ គឺពិតជាបានផ្តល់នូវខ្លឹមសារសំខាន់សម្រាប់ដាក់ជូន អភិបាលខេត្តសៀមរាប ពិនិត្យ សម្រេចដាក់ជូនទៅខាងក្រសួងទេសចរណ៍ដែលជាអ្នករៀបចំពិធីបុណ្យ។ លោកបញ្ជាក់ឱ្យដឹងថា បុណ្យទន្លេលើកទី៨ ដែលប្រារព្ធធ្វើនៅក្នុងខេត្តសៀមរាប គឺមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែមីនា ឆ្នាំ២០២៤។ លោកថា បើគិតជារយៈពេលមិនមានពេលវេលាច្រើនប៉ុន្មាន ទេ ដូច្នេះលោករំពឹងថា ធាតុចូលសំខាន់ៗ នៅក្នុងកិច្ចប្រជុំនេះនឹងផ្តល់នូវប្រយោជន៍ ដើម្បីឱ្យព្រឹត្តិការណ៍នេះ កាន់តែប្លែក និងកាន់តែមានភាពទាក់ទាញបន្ថែមទៀត៕

អត្ថបទ៖ គឿន វេត

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច