ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ទស្សនកិច្ចនៅថៃមានរយៈពេលខ្លី តែមានកិច្ចការជាច្រើនបានពិភាក្សា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសថៃ កាលពីថ្ងៃពុធកន្លងទៅនេះ គឺជាទស្សនកិច្ចរយៈពេលខ្លីបំផុត ចាប់តាំងពីសម្ដេចបានក្លាយជានាយករដ្ឋមន្ត្រី មក។ ទោះបីជាមានរយៈពេលខ្លី តែមានកិច្ចការជាច្រើន ត្រូវបានពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ ក្នុងនោះ ក៏មានការដំឡើងកម្រិតនៃទំនាក់ទំនងទ្វេភាគី ផងដែរ។

នៅក្នុងពិធីបិទសន្និតបាតក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី ៨ ខែកុម្ភៈនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទស្សនកិច្ចរបស់សម្ដេចទៅប្រទេសថៃ កាលពីថ្ងៃទី ៧ ខែកុម្ភៈ គឺជាទស្សនកិច្ចរយៈពេលខ្លីជាងគេបំផុត ចាប់តាំងពីសម្ដេចក្លាយជានាយករដ្ឋមន្ត្រី មក។ ទោះបីមានរយៈពេលខ្លី តែមានកិច្ចការជាច្រើន ត្រូវបានសម្ដេចជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «កិច្ចការដែលយើងពិភាក្សា គឺមានច្រើន ដែលក្នុងនោះអាចបង្រួមត្រឹម ៣ចំណុចធំៗ ទីមួយ. នយោបាយការទូតសន្តិសុខ នយោបាយការទូតសន្តិសុខ យើងជជែកគ្នាច្រើន ទៅលើការបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប៉ុន្តែអ្វីមួយដែលជាយុទ្ធសាស្រ្ដមួយ ដែលយើងអាចសម្រេចបាន នូវការឯកភាពគឺការដំឡើងកម្រិតនៃទំនាក់ទំនងទ្វេភាគី ពីភាពជាដៃគូរឹងមាំ ដើម្បីសន្តិភាព និងវិបុលភាពនៅឆ្នាំ ២០១៧ ដែលយើងដំឡើង ទៅជាភាពជាដៃគូយុទ្ធសាស្រ្ដ strategic partnership»។

ត្រង់ចំណុចនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដំឡើងកម្រិតនេះ បើនិយាយក្នុងភាសាការទូតគឺជាចំណុចខ្ពស់បំផុត ក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។ «ទម្ងន់ វាបង្កើតមកអីទៀត បានន័យថា ឆ្លងពីកម្រិតនេះវានឹងពង្រីកនូវវិសាលភាព នៃទំនាក់ទំនងលើគ្រប់វិស័យរបស់យើង ហើយទំនាក់ទំនងនោះ មិនមែនតែរដ្ឋាភិបាលជាអ្នកធ្វើតែមួយទេ គឺប្រជាពលរដ្ឋយើងក្នុងវិស័យឯកជន ក្នុងវិស័យអប់រំ វប្បធម៌ កសិកម្ម ផ្សេងៗ គឺបើកច្រកនៅក្នុងការពង្រឹងទំនាក់ទំនង នៃប្រទេសទាំងពីរ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តី ថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេច នៅប្រទេសថៃ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានឯកភាពលើការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ